ដំណឹងល្អ! កម្ពុជា-ថៃ នឹងជួបចចារគ្នាដើម្បីតភ្ជាប់ផ្លូវដែករវាងប្រទេសទាំងពីរ

0

ដោយ វុត្ថា

ភ្នំពេញ មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណៈការនៃប្រទេសកម្ពុជា និងប្រទេសថៃនឹងជួបចចារគ្នានៅក្នុងប្រទេសកម្ពុជា ដើម្បីបញ្ចប់កិច្ចព្រមព្រៀងមួយចំនួនស្តីពី ការតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវដែក ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថ្លែងនៅក្នុងពិធីបើកឱ្យដំណើរការផ្លូវដែកទិសពាយ័ព្យ ភ្នំពេញ ពោធិ៍សាត់ជាបណ្ដោះអាសន្ននៅថ្ងៃទី៤ ខែកក្កដាឆ្នាំ ២០១៨ នេះថា រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនរបស់ប្រទេសថៃលោក Arkhom Termpittayapaisith នឹងដឹកនាំគណប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការ ក្នុងប្រទេសកម្ពុជា ដើម្បីចចារជាលើកចុងក្រោយ ក្នុងការសម្រួលដល់ការដឹកជញ្ជូនទំនិញ និងដឹកអ្នកដំណើរទៅវិញទៅមក។

លោកបន្តថា ក្រោយមានការចចារបានបញ្ចប់នូវកិច្ចព្រមព្រៀនេះ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីនេះ ដែលមានសម្តេចតេជោ ហ៊ុន សែន និង លោកប្រាយុទ្ធ ចាន់អូចា នាយរដ្ឋមន្ត្រីនៃប្រទេសថៃ នឹងធ្វើពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ ដោយធ្វើដំណើរតាមរថភ្លើងឆ្លងកាត់ព្រុំដែន នៃប្រទេសទាំងពីរនាពេលខាងមុខនេះ។ លោកបន្តថា មិនយូមិនឆាប់ប្រជាពលរដ្ឋ នឹងអាចធ្វើដំណើរពីភ្នំពេញទៅកាន់ប្រទេសថៃ ពីប្រទេសថៃទៅកាន់ប្រទេសសឹង្ហបុរី តាមរយៈរថភ្លើងដែលដាក់អោយដំណើរនៅពេលនេះ។

លោក Arkhom Termpittayapaisith រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនរបស់ប្រទេសថៃ បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុក កាលពីខែមិថុនាកន្លងមកថា ផ្លូវដែករវាងប្រទេសថៃ និងកម្ពុជានឹងរត់តាមស្រុក Aranyaprathet នៃខេត្តSa Kaeo ចូលមកស្ថានីយរថភ្លើងក្រុងប៉ោយប៉ែត អាចត្រូវបើកដំណើរការក្នុងរយៈពេល២ខែទៀតប៉ុណ្ណោះ។

លោកស៊ុន ចាន់ថុល ក៏ធ្លាប់មានបានឲ្យដឹងដែរថា ផ្លូវដែកកម្ពុជាបានតភ្ជាប់ជាមួយផ្លូវដែករបស់ប្រទេសថៃរួចរាល់ហើយ នៅរង់ចាំតែចុះកិច្ចព្រមព្រៀងរវាងកម្ពុជា និងថៃ ដែលមានពាក្យពេចន៍ មួយចំនួនក្នុងកិច្ចព្រមព្រៀងនោះ នៅមិនទាន់ឯកភាពគ្នានៅឡើយ​។ ពាក្យមួយម៉ាត់ៗក្នុងកិច្ចព្រមព្រៀងនោះ គឺសំខាន់ណាស់ អាចប៉ះពាល់ដល់បូរណភាពទឹកដី។ ដូច្នេះហើយនៅមានពាក្យពេចន៍មួយចំនួន ភាគីទាំងសងខាងនៅមិនទាន់ឯកភាពគ្នា»។

ស្ពានផ្លូវដែកមិត្តភាពកម្ពុជា ថៃនេះ ត្រូវបានបើកការដ្ឋានសាងសង់នៅឆ្នាំ២០១៤ ក្នុងទំហំទឹកប្រាក់ប្រមាណ១លានដុល្លារ ដែលជាថវិការបស់ភាគីថៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here