ដោយ ដែន ចែងចាំង
ភ្នំពេញ៖ ក្រុមហ៊ុនអន្តរជាតិមួយមកពីប្រទេសវៀតណាម គ្រោងបោះទុន៥០០លានដុល្លារអាមេរិក ដើម្បី សាងសង់រោងចក្រផលិតដែកនៅខេត្តព្រះសីហនុ ស្របពេលខេត្តមួយនេះកំពុងមានការរីកចម្រើនលើវិស័យសំណង់ និងអចលនវត្ថុយ៉ាងខ្លាំងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។
ក្នុងកិច្ចជំនួបពិភាក្សាស្វែងយល់ពីឱកាសដាក់ទុនវិនិយោគ ជាមួយអភិបាលខេត្ដព្រះសីហនុ លោក Chu Quang Vu ប្រធានក្រុមហ៊ុន Research & Development Department ថ្លែងឲ្យដឹងកាលពីថ្ងៃទី៤ កក្កដាកន្លងមកថា ក្រុមហ៊ុនផលិតដែកដ៏ធំរបស់វៀតណាម ឈ្មោះ Hoa Phat ចង់មកវិនិយោគធ្វើរោងចក្រផលិតដែកនៅខេត្តព្រះសីហនុ។ ក្រុមហ៊ុន Hoa Phat គ្រោងចំណាយទុនវិនិយោគប្រមាណ៥០០លានដុល្លារអាមេរិក ក្នុងការវិនិយោគផលិតកម្មដែកនៅខេត្តព្រះសីហនុ ដែលត្រូវការផ្ទៃដីប្រមាណពី១០០ហិកតា ទៅ ១៥០ហិកតា ដើម្បីវិនិយោគរោងចក្រផលិតដែកនេះ។
លោកបន្តថា មើលឃើញពីការកើនឡើងនៃការរីកចម្រើនវិស័យសំណង់ខ្លាំង នៅខេត្ដនេះ ដែលសំណង់ទាំងនោះត្រូវការដែក សម្រាប់ជាគ្រោងឆ្អឹងដ៏សំខាន់ និងចំបាច់នោះ ក្រុមហ៊ុនចង់ពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា”។ លោកបន្តថា “ការពង្រីកសាខានៅតាមប្រទេសក្នុងតំបន់ បង្កើនសមត្ថភាពផលិត និងការផ្គត់ផ្គង់ប្រកបដោយប្រសិទ្ធភាពឆ្លើយតបបានតាមតម្រូវការទីផ្សារក្នុងតំបន់”។
អភិបាលខេត្តព្រះសីហនុលោកយន្ត មីនបានមានប្រសាសន៍ថា ក្នុងនាមអាជ្ញាធរខេត្ត ក្រុមហ៊ុន Hoa Phat ដែលចាប់អារម្មណ៍មកបណ្តាក់ទុននៅខេត្តនេះ។ គួរចាប់អារម្មណ៍ទីតាំងដី នៅតំបន់ស្រុកស្ទឹងហាវ ព្រោះអនាគតទីនោះក៍មានកំពង់ផែទឹកជ្រៅ និងមានដីប្រហែល២០០ហិកតា អាចឆ្លើយតបនិងតម្រូវការសម្រាប់ការវិនិយោគធ្វើរោងចក្រនេះបាន។ ជាមួយគ្នានេះដែរ កតា្ដសំខាន់ ដែលធ្វើឲ្យអ្នកវិនិយោគបរទេស បន្ដចាប់អារម្មណ៍ស្វែងរកឱកាសដាក់ទុនវិយោគរកស៊ីនៅខេត្ដនេះ គឺកត្តាសន្ដិភាព ច្បាប់ការពារអ្នកវិនិយោគ និងសក្តានុពលធម្មជាតិរបស់ខេត្ដព្រះសីហនុ។
លោកបន្តថា “រយៈកាល២ឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុ បានក្លាយទៅជាគោលដៅយ៉ាងសំខាន់ របស់អ្នកវិនិយោគមកពីតំបន់ផ្សេងៗ និងពីបរទេស ហើយសព្វថ្ងៃនេះបាននឹងកំពុងធ្វើឲ្យខេត្តព្រះសីហនុ មានការអភិវឌ្ឍយ៉ាងលឿនទៅមុខ”។
លោកយន្ត មីនបានបន្តថា ខេត្ដព្រះសីហនុ ពិតជាកន្លែងសាកសមក្នុងការដាក់ទុនវិនិយោគល្អប្រពៃ សម្រាប់ការដាក់ទុនវិនិយោគលើវិស័យឧស្សាហកម្ម វាយនភណ្ឌ ឧស្សាហកម្មទេសចរណ៍ សំណង់ និងអចលនទ្រព្យ ជាដើម។ល។ ម្យ៉ាងវិញទៀអ្វីដែលសំខាន់បំផុតនោះ គឺប្រទេសកម្ពុជាមានសុខសន្ដិភាពពេញលេញ ក្នុងនោះខេត្ដព្រះសីហនុ ក៍ធានាបាននូវសន្ដិសុខ សុវត្ថិភាពខ្ពស់ដែរ ជាមួយនិងធនធានធម្មជាតិសម្បូរបែប ផ្ទៃដីនៅទំនេរធំទូលាយ រួមទាំងកោះល្អៗ៣២ ជាពិសេសនោះ គឹប្រព័ន្ធគមនាគមន៍សម្បូរបែប ផ្លូវដែក ទឹក គោគ ផ្លូវអាកាសជាដើម ។ល។ ខេត្ដព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជាប៉ូលសេដ្ឋកិច្ចមួយក្នុងចំណោមប៉ូលសេដ្ឋកិច្ចទាំងបី រាជធានីភ្នំពេញ ខេត្ដសៀមរាប និងខេត្ដព្រះសីហនុ ដោយប្រកាសប្រែក្លាយខេត្ដនេះទៅជា តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង តែមួយគត់ក្នុងប្រទេសកម្ពុជា៕