ដោយៈសិរី ម៉ាលីនណា
ភ្នំពេញៈ ការុករករ៉ែមាស នៅខេត្តរតនគិរីកំពុងមានវឌ្ឍនភាព ដោយបច្ចុប្បន្នចំនួនរណ្តៅ ដែលបានស្រាវជ្រាវកើនដល់ជាង៨០ទីតាំងហើយ ខណៈក្រុមហ៊ុនកាណាដា Angkor Resources Corp បានបង្ហាញថា ការរុករករ៉ែនៅកម្ពុជាដើរបានមួយជំហានធំរួចហើយ។
ក្រុមការងារជំនាញរបស់ក្រុមហ៊ុននេះ បានរកឃើញគ្រាប់មាសក្នុងរណ្ដៅ និងបណ្តុំខ្សែក្រោមដីដែលសំបូរទៅដោយរ៉ែច្រើនប្រភេទ។
ជាលទ្ធផលវិជ្ជមាននេះត្រូវបានបង្ហាញ បន្ទាប់ពីក្រុមហ៊ុនបញ្ចប់ការជីករណ្តៅចំនួន៨០ កន្លែង និងបានគូសស្ទង់លើផ្ទៃដីនៅក្នុងតំបន់Wild Boar ដែលទីតាំងអាជ្ញាបណ្ណអណ្តូងមាសរបស់ខ្លួន ក្នុងខេត្តរតនគិរី។
យោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុន កាលពីសប្តាហ៍មុនបានឲ្យដឹងថា រណ្តៅរ៉ែមាសមួយចំនួនមានផ្ទុកគ្រាប់មាស។ ដោយឡែកការគូសស្ទង់លើផ្ទៃដី ក៏បង្ហាញថា មានបណ្តុំខ្សែក្រោមដីជាច្រើន ដែលសំបូរទៅដោយរ៉ែច្រើនប្រភេទ។
លោក Dennis Ouellette អនុប្រធានផ្នែករុករករបស់ក្រុមហ៊ុនបានមានប្រសាសន៍ឲ្យដឹងថា “Angkor Resources ទទួលបានអាជ្ញាប័ណ្ណរុករករ៉ែជាច្រើន ដែលមានសក្តានុពលក្នុងការធ្វើជាកន្លែងផលិតស្ពាន់ធ័រ រ៉ែមាស និងថ្មមានតម្លៃ។
លោកបន្តថា “យើងជឿជាក់ថា អាជ្ញាប័ណ្ណអណ្តូងមាសនេះ ក៏នឹងបង្ហាញសក្តានុពលសម្រាប់រ៉ែទាំងបីប្រភេទនេះនាពេលខាងមុខ”៕