ធនាគារ​នៅ​កម្ពុជា មានទ្រព្យ​សកម្ម ៣១ប៊ី​លាន​ដុល្លារ សម្រាប់​ចាក់​ចូលក្នុង​ចរន្ត​សេដ្ឋកិច្ច

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​ថ្លែងថា វិស័យ​ធនាគារ​បាន​ចូលរួមចំណែក​យ៉ាងសកម្ម ក្នុង​សេដ្ឋកិច្ចជាតិ ដោយ​រហូត​មកទល់ពេលនេះ ទ្រព្យសកម្ម​របស់​វិស័យ​ធនាគារ​មាន​ប្រមាណ៣១ប៊ី​លាន​ដុល្លារ​អាមេរិក។

ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​លោក ជា ចាន់តូ បានលើកឡើង​នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ថ្នាក់ ប្រកាសនីយបត្រ​ជាន់ខ្ពស់​បច្ចេកទេស​ធនា​គារ នៅ​ព្រឹក​ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ នេះ​ថា បច្ចុប្បន្ន​ប្រទេស​កម្ពុជា​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ផ្តល់នូវ​សុខសន្តិភាព និង​ស្ថិរភាព​នយោបាយ​ល្អ និង​ការអភិវឌ្ឍន៍​គ្រប់​វិស័យ បានធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ឈានឡើង​ពី​ប្រទេស​មាន​ចំណូល​ទាប ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​កាលពី​ឆ្នាំ២០១៥កន្លងទៅ ។

លោក​បន្តថា  “ជាក់ស្តែង​ក្នុង​រយៈពេល២០ឆ្នាំ​មកនេះ កម្ពុជា​សម្រេចបាន​កំនើនសេដ្ឋកិច្ច​ក្នុង​រង្វង់៧,៧ភាគរយ ជាមួយនឹង​ការរក្សា​ស្ថិរភាព​សេដ្ឋកិច្ច​បានល្អ​ប្រសើរ  ក្នុង​អតិផរណា មាន​កម្រិត​ទាប​អាច​គ្រប់គ្រង​បានជា​មធ្យម៣,៥ភាគរយ។លោក​បន្តថា “ជាមួយ​កំនើនសេដ្ឋកិច្ច ការ​ការគ្រប់គ្រង​ចរ​ន្ត​សាច់ប្រាក់ និង​អត្រា​អតិផរណា​បានល្អ​ប្រសើរ បានធ្វើ​ឲ្យ​កម្ពុជា​បាន​កាត់បន្ថយ​អត្រា​ភាពក្រីក្រ បាន​យ៉ាង​ឆាប់រហ័ស​ពី​អត្រា៥០,២ភាគរយ នៅ​ឆ្នាំ២០០២ មក​នៅត្រឹម១០ភាគរយ​នៅ​ឆ្នាំ២០១៨នេះ។

លោក​ជា ចាន់តូ​បាន​បន្តថា ក្រៅ​នៅក្នុង​ដំណើរការ​អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម  ជាមួយ​ទស្សនៈ​វែងឆ្ងាយ​របស់​រាជរដ្ឋាភិបាល វិស័យ​ធនាគារ​បាន​ចូលរួមចំណែក​យ៉ាងសកម្ម តាមរយៈ​ការផ្តល់សេវា​ហិរញ្ញវត្ថុ​ប្រកបដោយ​វិសាលភាព និង​បរិ​យា​ប័ន្ន ដែល​បាន​លើកស្ទួយ​នូវ​កម្រិតជីវភាព​ប្រជាជន និង​ការកាត់បន្ថយ​ភាពក្រីក្រ​នៅ​កម្ពុជា ដែល​មកដល់​បច្ចុប្បន្ន​នេះ​ទ្រព្យសកម្ម​របស់​វិស័យ​ធនាគារ បាន​កើនឡើង៧៣ដង បើ​ប្រៀបធៀប​ទៅ​ចុង​ទសវត្សរ៍​ទី៩០។

ប្រធាន​សមាគម​ធនាគារ​កម្ពុជា​ស្តីទី​លោក​ឆា​រស៍ វ៉ាន់​បាន​ថ្លែងថា សុខភាព​ក្នុង​វិស័យ​ធនាគារ​នៅតែមាន​ភាពល្អប្រសើរ ដោយសារ​កំនើន​នៃ​តម្រូវការ​ឥណទាន និង​លំហូរ​សាច់ប្រាក់​ស្ថិតក្នុង​កម្រិត​មួយ​អាច​គ្រប់គ្រង​បាន និង​មាន​កំណើន​ល្អប្រសើរ។លោក​បន្តថា ធនាគារ​បាននិងកំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​សេដ្ឋកិច្ចជាតិ ព្រោះ​ធនាគារ​ដើរតួនាទី​ជា​អ្ន​ផ្តល់​លំហូរ​សាច់ប្រាក់​ក្នុង​សេដ្ឋកិច្ច ដើម្បី​បង្កើត​ការងារ និង​ខ្សែសង្វាក់​ផលិតកម្ម​បាន​យ៉ាង​ល្អប្រសើរ។

លោក​បន្តថា “ទោះជា​មានការ​ប្រកួតប្រជែង​កើនឡើង ប៉ុន្តែ​មិនមាន​អ្វីដែល​គួរ​ឲ្យ​ព្រួយបារម្ភ​ក្នុង​វិស័យនេះ​ទេ ដោយសារ​ធនាគារ​និមួយៗបាន​គោរព​ក្រម​សីល​ធ៌​មរ​បស់​ពួកគេ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here