វិភាគៈទំនាក់ទំនងកម្ពុជា អាមេរិក “ភាពជូរចត់ និងស្មើសិទ្ឋ” ដែលត្រូវការជួសជុល ឡើងវីញកាន់តែល្អប្រសើរ?

0

ដោយៈបណ្ឌិតគិន ភាប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា
ភ្នំពេញៈ ទំនាក់ទំនងការទូតផ្លូវការរវាងកម្ពុជា និងសហរដ្ឋអាមេរិក ត្រូវបានបង្កើតឡើងនៅខែកក្កដា ឆ្នាំ១៩៥០។ បើគិតមកដល់ ពេលនេះទំនាក់ទំនងការទូតរវាងប្រទេសទាំង២ មានរយៈពេលជាង៧០ឆ្នាំហើយ ប៉ុន្តែទំនាក់ទំនងនេះហាក់នៅមិនទាន់ពេញវ័យទៅតាមអាយុកាលរបស់វានៅឡើយ។

ទំនាក់ទំនងរវាងប្រទេសទាំង២ មានភាពស្មុគស្មាញ និងពិបាកប៉ាន់ស្មានតាំងពីមុន និងក្រោយកម្ពុជាទទួល ឯករាជ្យមកម្ល៉េះ។

ក្នុងរយៈពេលជាង៧០ឆ្នាំកន្លងមកនេះ ទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិកមានភាពចម្រុះ គ្មានស្ថិរភាព ម្តងរះ ម្តងលិច ម្តងឡើង ម្តងចុះ ហើយប្រទេសទាំង២ ក៏ធ្លាប់បានផ្តាច់ទំនាក់ទំនងការទូតជាមួយគ្នាម្តងជា២ដងផងដែរ។ ទោះបែបនេះក្តី ទំនាក់ទំនងរវាងប្រទេសទាំង២ ហាក់មានការរីកចម្រើនលើវិស័យមួយចំនួន នាទសវត្សរ៍ចុងក្រោយនេះ។

ក្រោមរដ្ឋបាលរបស់លោក បារ៉ាក់ អូបាម៉ា គោលនយោបាយរបស់សហរដ្ឋអាមេរិកបានផ្តោតការយកចិត្តទុកដាក់ខ្លាំងលើអាស៊ាន ក៏ដូចជាអាស៊ីទាំងមូល។ សហរដ្ឋអាមេរិកបានពង្រឹងភាពជាដៃគូរបស់ខ្លួន មានលក្ខណៈស៊ីជម្រៅជាមួយសមាជិកនានា របស់អាស៊ានក្នុងនោះរួមទាំងកម្ពុជាផងដែរ។

ទំនាក់ទំនងរបស់សហរដ្ឋអាមេរិក ជាមួយកម្ពុជាត្រូវបានតាក់តែង និងរៀបចំដោយផ្អែកលើយុទ្ធសាស្ត្រ របស់សហរដ្ឋអាមេរិកឆ្ពោះមកកាន់អាស៊ី (Pivot to Asia Strategy) ដែលជាយុទ្ធសាស្ត្រ មានលក្ខណៈជវភាព និងទូលំទូលាយ។ យុទ្ធសាស្ត្រនេះផ្តោតលើសកម្មភាពជាច្រើន រួមមាន ការពង្រឹងសម្ព័ន្ធភាពសន្តិសុខទ្វេភាគី ការបង្កើតវត្តមានយោធាដែលមានមូលដ្ឋានទូលំទូលាយ ការចូលរួមក្នុងយន្តការស្ថាប័នពហុភាគីក្នុងតំបន់ ការពង្រីកពាណិជ្ជកម្ម និងវិនិយោគ និងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សជាដើម។

ការណ៍នេះ មិនត្រឹមតែដើម្បីសម្រេចផលប្រយោជន៍ជាយុទ្ធសាស្ត្រ និងគុណតម្លៃរបស់សហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ចិន នៅអាស៊ីអាគ្នេយ៍ផងដែរ។

ក្រោយមកសហរដ្ឋអាមេរិក ក្រោមរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ហាក់មិនសូវឱ្យតម្លៃចំពោះអាស៊ាន ហើយទំនាក់ទំនងរបស់សហរដ្ឋអាមេរិក ជាមួយបណ្តាប្រទេសមួយចំនួននៅអាស៊ាន ហាក់ដូចជាមិនសូវជាល្អ។ ទំនាក់ទំនងរបស់សហរដ្ឋអាមេរិកជាមួយកម្ពុជា ហាក់ដូចជាមានភាពរកាំរកូសច្រើន។ ប៉ុន្តែទោះជាបែបនេះក្តីនៅចុងអាណត្តិរបស់ខ្លួន នាឆ្នាំ២០១៩ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានផ្ញើលិខិតចំនួន២ច្បាប់មកកាន់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលជាឥរិយាបថការទូតដ៏កម្រ។

លិខិតទី១ គឺអញ្ជើញសម្តេចតេជោ ទៅចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាមេរិក នៅឆ្នាំ២០២០ និងលិខិតទី២ បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃចំណងទាក់ទងទ្វេភាគី ដោយបញ្ជាក់ថា “សហរដ្ឋអាមេរិកចង់បង្កើនទំនាក់ទំនង ចំណងមិត្តភាពទ្វេភាគីកាន់តែល្អប្រសើរថែមទៀត ជាមួយកម្ពុជាដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក”។

នៅក្នុងខ្លឹមសារលិខិតទី២នោះផងដែរ លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា “សហរដ្ឋអាមេរិកគោរពអធិបតេយ្យភាពរបស់កម្ពុជា ហើយមិនគាំទ្រចំពោះការផ្លាស់ប្តូររបបម្តងណាឡើយ ព្រមទាំងស្នើសុំឱ្យក្រុមការងារ កិច្ចការបរទេសនៃប្រទេសទាំង២ កម្ពុជា-សហរដ្ឋអាមេរិក ធ្វើកិច្ចការជាមួយគ្នា ដើម្បីស្តារចំណងមិត្តភាពរវាងប្រទេសទាំង២ឡើងវិញទៀតផង”។

ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសាទរចំពោះគំនិត ផ្តួចផ្តើមជំនួបកំពូលរបស់លោក ដូណាល់ ត្រាំ ដោយកត់សម្គាល់ថា កិច្ចប្រជុំនេះនឹងលើកកម្ពស់ចំណងទាក់ទងរវាងអាស៊ាន និងសហរដ្ឋអាមេរិក។ គោលជំហររបស់សម្ដេចតេជោ ហ៊ុន សែន គឺច្បាស់លាស់ និងគាំទ្រធ្វើយ៉ាងណាឱ្យដៃគូយុទ្ធសាស្ត្រអាស៊ាន-សហរដ្ឋអាមេរិកបន្តរីកចម្រើន និងផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានគាំទ្រគំនិតផ្តួចផ្តើមនៃការបង្កើតក្រុមការងារដើម្បីស្តារ “ជំនឿទុកចិត្ត” រវាងប្រទេសទាំង ២។ សម្តេចតេជោនាយករដ្ឋម ន្ត្រី ហ៊ុន សែន បានយល់ព្រមឱ្យក្រុមការងារកិច្ចការបរទេស នៃប្រទេសទាំង ២ ធ្វើកិច្ចការជាមួយគ្នា ដើម្បីស្តារទំនុកចិត្ត និងភាពជឿជាក់ឡើងវិញ និងកសាងឡើងវិញនូវចំណងមិត្តភាពរវាងប្រទេស និងប្រជាជនយើងទាំង២។

ទោះយ៉ាងណាក្តី គេនៅតែមានមន្ទិលថា តើប្រទេសទាំង២អាចជួសជុលទំនាក់ទំនង ដើម្បីស្តារឡើងវិញនូវអ្វីដែលបានបាត់បង់ពីអតីតកាល ក្នុងរយៈពេលដ៏ខ្លីបែបនេះបានដែរឬយ៉ាងណា។

សំណួរសួរថា តើអ្វីជាផលប្រយោជន៍ដែលប្រទេសទាំង២ សម្លឹងឃើញក្នុងទំនាក់ទំនងទ្វេភាគីរបស់ពួកគេ?។

ប្រទេសកម្ពុជាថ្វីបើមានទំហំតូច ប្រជាជនតិច និងសេដ្ឋកិច្ចនៅទន់ខ្សោយក៏ពិតមែន ប៉ុន្តែទីតាំងភូមិសាស្ត្រ និងតួនាទីរបស់ខ្លួននៅក្នុងតំបន់ ប្រទេសកម្ពុជាពិតជាមានសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់សហរដ្ឋអាមេរិក។
ផលប្រយោជន៍របស់សហរដ្ឋអាមេរិកនៅកម្ពុជា រួមមាន ការជំរុញការអភិវឌ្ឍ ពាណិជ្ជកម្ម ការវិនិយោគ បញ្ហាសន្តិសុខក្នុងតំបន់ ការពង្រឹងតួនាទីសង្គមស៊ីវិល គោលការណ៍លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ជាពិសេសគឺផលប្រយោជន៍ខាងភូមិសាស្ត្រនយោបាយ ដែលសហរដ្ឋអាមេរិកកំពុងប្រកួតប្រជែង យ៉ាងស្រួចស្រាល់ជាមួយចិន។ ការធ្វើឱ្យមានទំនាក់ទំនងល្អជាមួយកម្ពុជា សហរដ្ឋអាមេរិក មិនត្រឹមតែសម្រេចបាននូវផលប្រយោជន៍ និងគុណតម្លៃរបស់សហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចទប់ទល់នឹងឥទ្ធិពលរបស់ចិននៅអាស៊ីអាគ្នេយ៍ទៀតផង។

ចំពោះប្រទេសកម្ពុជាវិញ អាទិភាពរបស់ខ្លួនក្នុងទំនាក់ទំនងទ្វេភាគី ជាមួយសហរដ្ឋអាមេរិក គឺដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ តាមរយៈជំនួយសហរដ្ឋអាមេរិក ពាណិជ្ជកម្មទ្វេភាគី ការវិនិយោគ និងកិច្ចសហប្រតិបត្តិការដើម្បីសន្តិភាព និងស្ថិរភាពតំបន់។ កម្ពុជាតែងផ្តល់សារៈសំខាន់ និងអាទិភាពខ្លាំងទៅលើសន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងប្រទេស និងនៅក្នុងតំបន់។

បើយើងសម្លឹងមើលពីផលប្រយោជន៍ ជាយុទ្ធសាស្ត្ររបស់ប្រទេសទាំង២ ក្នុងទំនាក់ទំនងទ្វេភាគី គឺពិតណាស់ថា ប្រទេសទាំង២ត្រូវការគ្នាទៅវិញទៅមក។ ចុះហេតុអ្វីបានជាទំនាក់ទំនងរវាងប្រទេសទាំង២ ចេះតែមានភាពរកាំរកូសនឹងគ្នា និងមិនមានភាពចាស់ទុំទៅតាមវ័យ? តើអ្វីជាឧបសគ្គរារាំង មិនឱ្យទំនាក់ទំនងរវាងប្រទេសទាំង២ មានការរីកចម្រើនទៅបាន?។

ក្នុងទិដ្ឋភាពនៃនយោបាយការបរទេស ប្រទេសទាំង២ មានគោលដៅខុសគ្នា។ ក្នុងអំឡុងសតវត្សរ៍ទី២០ ជាពិសេសក្នុងអំឡុងសង្គ្រាមត្រជាក់ គោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក ត្រូវបានតាក់តែងឡើងជាពិសេស ដើម្បីទប់ទល់នឹងកំណើនឥទ្ធិពល នៃលទ្ធិកុម្មុយនីស្តតែប៉ុណ្ណោះ ហើយអ្វីផ្សេងទៀតគឺជារឿងបន្ទាប់បន្សំ។

សហរដ្ឋអាមេរិក មិនដែលមានគោលនយោបាយការបរទេសច្បាស់លាស់ ចំពោះតំបន់អាស៊ីអាគ្នេយ៍នោះទេនិយាយជារួម និងចំពោះកម្ពុជា និយាយដោយឡែក។

ចំណែកឯគោលដៅចម្បង នៃនយោបាយការបរទេសរបស់ប្រទេសកម្ពុជា គឺធ្វើយ៉ាងណា ដើម្បីឱ្យខ្លួនអាចរស់ក្នុងនាមជាប្រជាជាតិ និងជារដ្ឋអធិបតេយ្យមួយតាមមធ្យោបាយដែលអាចធ្វើទៅបាន។ កម្ពុជាមិនរើសអើងថា ជាលោកសេរី ឬលោកកុម្មុយនីស្តនោះឡើយ។

គោលដៅជាយុទ្ធសាស្ត្រ នៃនយោបាយការបរទេសរបស់កម្ពុជា គឺដើម្បីរក្សាសន្តិភាព ស្ថិរភាព មិត្តភាព វិបុលភាព និងការអភិវឌ្ឍ និងដណ្តើមត្រឡប់មកវិញនូវកិត្យានុភាពជាតិដែលបាត់បង់ពីអតីតកាល។ ភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់កម្ពុជា ជាមួយចិនត្រូវបានគេមើលឃើញថា នៅតែជាស្រមោលមួយ ដែលបិទបាំងការរីកលូតលាស់ នៃទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក។

ដូច្នេះ ទំនាក់ទំនងរបស់កម្ពុជា ជាមួយសហរដ្ឋអាមេរិកនៅតែស្មុគស្មាញ និងពិបាកប៉ាន់ស្មាន។ ចំពោះមុខ សហរដ្ឋអាមេរិក ប្រហែលជាមិនចាប់យកកម្ពុជាជាដៃគូយុទ្ធសាស្ត្រទេ។

ក្នុងទស្សនៈរបស់ខ្លួន សហរដ្ឋអាមេរិកចាត់ទុកកម្ពុជាជាស្ត្រី ដែលរៀបការរួចជាមួយនឹងប្រទេសចិន។ ទស្សនៈនេះ បានធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំង២ ហាក់ដូចជា ជាប់សោជាមួយនឹងស្រមោលចិន។ ប៉ុន្តែជាក់ស្តែង កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសពហុវ៉ិចទ័រ ដែលជាផ្កាចម្រុះពណ៌ ដោយមិនប្រកាន់លោកសេរី ឬលោកកុម្មុយនីស្តនោះឡើយ។

ម្យ៉ាងវិញទៀត បញ្ហានយោបាយផ្ទៃក្នុងកម្ពុជា ហាក់ដូចជាត្រូវបានសហរដ្ឋអាមេរិកប្រើប្រាស់ ដើម្បីជាថ្នូរក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយកម្ពុជា។ ដូច្នេះ នាំឱ្យមានគេមើលឃើញថា សហរដ្ឋអាមេរិកបានជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជា ដោយផ្តល់ការគាំទ្រដល់គណបក្សប្រឆាំង និងលើកទឹកចិត្តដល់ក្រុមសង្គមស៊ីវិលក្នុងស្រុក និងអន្តរជាតិ ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ដើម្បីបង្កើតរូបភាព “អវិជ្ជមាន” ចំពោះប្រទេសកម្ពុជា ដែលធ្វើឱ្យខូចមុខមាត់កម្ពុជានៅលើឆាកអន្តរជាតិ។

ទន្ទឹមនឹងនោះ ការយល់ឃើញខុសគ្នា ទៅលើបញ្ហាលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា និងកង្វះភាពជឿជាក់ និងទំនុកចិត្តខាងនយោបាយ បានក្លាយជាបញ្ហាប្រឈមដ៏ធំមួយ ធ្វើឱ្យប្រេះស្រាំទំនាក់ទំនងរវាងប្រទេសទាំង២។

ឥរិយាបថ អ្នកការទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជានាពេលកន្លងមក ក៏ជះឥទ្ធិពលអវិជ្ជមាន ចំពោះទំនាក់ទំនងរវាងប្រទេសទាំង២ដែរ។ ពួកគេហាក់ដូចជាមិនសូវយល់ ឬមិនយកចិត្តទុកដាក់ពីតម្លៃអាស៊ី តម្លៃវប្បធម៌ និងអរិយធម៌ខ្មែរ ជាពិសេសរបត់ប្រវត្តិសាស្ត្រខ្មែរ។

ប៉ុន្តែបន្ទាប់ពីមានវត្តមានរបស់ឯកអគ្គរដ្ឋទូតបច្ចុប្បន្ន របស់សហរដ្ឋអាមេរិក លោកPatrick Murphy ដែលជាអ្នកការទូតជើងចាស់ប្រកបដោយវិជ្ជាជីវៈ និងចំណេះដឹងពីសង្គម និងវប្បធម៌អាស៊ី និងកម្ពុជាច្រើន គេកត់សម្គាល់ឃើញថា ទំនាក់ទំនងរវាងប្រទេសទាំង២ ហាក់មានស្ថិរភាព និងមានភាពប្រសើរឡើងជាងមុន។
ទោះបីជាបញ្ហាប្រឈមខាងលើត្រូវបានដឹង និងទទួលស្គាល់ដោយប្រទេសទាំង២ ក៏ដោយ ប៉ុន្តែសំណួរដែលសួរថាតើកម្ពុជា និងសហរដ្ឋអាមេរិក ត្រូវជួសជុលទំនាក់ទំនង និងស្តារទំនុកចិត្តគ្នាឡើងវិញដោយរបៀបណា នៅតែជាសំណួរដែលចោទឡើងជាញឹកញាប់ និងគេត្រូវការចម្លើយបំផុត។

ជាការយល់ឃើញទូទៅ ដើម្បីជួសជុលទំនាក់ទំនងដែលប្រេះស្រាំ និងបិទភ្ជិតគម្លាតនៃទំនុកចិត្ត ជាបឋម និងសំខាន់បំផុត ប្រទេសទាំង២ គួរតែគោរពយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងផងគ្នា ដូចមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងការគោរពអធិបតេយ្យភាព និងបូរណភាពដែនដីគ្នាទៅវិញទៅមក។

ការស្ដារឡើងវិញនូវទំនុកចិត្ត និងការជឿជាក់គ្នាទៅវិញទៅមក ដូចដែលបានសន្យាដោយមេដឹកនាំនៃប្រទេសទាំង២ គួរតែត្រូវបានដឹងតាមរយៈយន្តការចម្រុះ និងការទូតពហុបទ ដោយគោរពទស្សនៈផ្សេងគ្នា និងធ្វើការវាយតម្លៃដោយផ្អែកលើការពិត។ ភាពខុសគ្នាលើជ្រុងណាមួយ ឬទិដ្ឋភាពណាមួយ មិនគួរត្រូវបានអនុញ្ញាតឱ្យគ្របដណ្តប់លើទិដ្ឋភាពទូទៅ នៃទំនាក់ទំនងទាំងមូលរវាងប្រទេសទាំង២ឡើយ។

ការរសន្ទនាទ្វេភាគីឱ្យញឹកញាប់ និងត្រង់ទៅត្រង់មក គឺពិតជាមានសារៈសំខាន់ណាស់ដើម្បីកសាងទំនុកចិត្ត និងពូនជ្រំទំនាក់ទំនង និងមិត្តភាពរវាងប្រទេសទាំង២ឱ្យមានភាពចាស់ទុំសមនឹងវ័យ។ ជាមួយគ្នានេះដែរ ប្រទេសទាំង២ គួរសម្របសម្រួលជំហររបស់ខ្លួនដោយបើកចិត្ត និងបេះដូងទទួលយកនូវភាពខុសគ្នា និងចេះធ្វើការជាមួយគ្នាឆ្ពោះទៅអនាគត។

ការផ្លាស់ប្តូរដំណើរទស្សនកិច្ច ថ្នាក់ដឹកនាំជាន់ខ្ពស់រវាងប្រទេសទាំង២ គួរតែធ្វើឡើងជាប្រចាំ និងញឹកញាប់ ដើម្បីចូលរួមចំណែកលើកកម្ពស់ការយល់ដឹងគ្នា ទៅវិញទៅមក តាមរយៈការយល់ឃើញត្រឹមត្រូវពីគ្នា ដើម្បីពង្រឹង និងពង្រីកមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ និងដើម្បីដោះស្រាយបញ្ហាក្នុងតំបន់ និងពិភពលោកដែលមានផលប្រយោជន៍រួមគ្នា។

ជាការកត់សម្គាល់ ការផ្លាស់ប្តូរដំណើរទស្សនកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់ រវាងកម្ពុជា និងសហរដ្ឋអាមេរិក គឺកម្រកើតមានណាស់ ដែលការណ៍នេះធ្វើឱ្យមានគម្លាតធំក្នុងជំនឿទុកចិត្តគ្នា។

ក្នុងការលើកកម្ពស់ការយល់គ្នា និងការទុកចិត្តគ្នាទៅវិញទៅមក ប្រទេសទាំង២ គួរតែស្វែងយល់ពីផលប្រយោជន៍ជាតិ ជាយុទ្ធសាស្ត្ររបស់គ្នាទៅវិញទៅមក និងគោលដៅ និងយុទ្ធសាស្ត្រ នៃគោលនយោបាយការបរទេសរៀងៗខ្លួន ព្រមទាំងគោរពផលប្រយោជន៍គ្នាទៅវិញទៅមក និងស្វែងយល់ពីកង្វល់របស់គ្នាទៅវិញទៅមកផងដែរ។

ទន្ទឹមនឹងនោះដែរ វិធីសាស្ត្រមួយដែលមានប្រសិទ្ធភាព ក្នុងការពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយកម្ពុជា សហរដ្ឋអាមេរិកគួរតែស្វែងយល់កាន់តែជ្រៅ ពីប្រវត្តិសាស្ត្រ ប្រព័ន្ធសង្គមវប្បធម៌ លក្ខខណ្ឌនយោបាយ សេដ្ឋកិច្ច និងភាពស្មុគស្មាញនៃនយោបាយអំណាច និងការផ្លាស់ប្តូរនៅកម្ពុជា។

សហរដ្ឋអាមេរិកគួរជំរុញបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់ខ្លួនជាមួយកម្ពុជា តាមរយៈយុទ្ធសាស្ត្រការ៉ុតជាជាងដំបង។ ក្នុងបរិបទនៃការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយ ការប្រើប្រាស់យុទ្ធសាស្ត្រដំបង គឺមិនសូវមានប្រសិទ្ធភាពនោះទេ។ ទន្ទឹមនឹងនោះសហរដ្ឋអាមេរិក គួរតែពិចារណាលើកទឹកចិត្ត ដល់វិនិយោគិនរបស់ខ្លួន ឱ្យមកវិនិយោគនៅក្នុងប្រទេសកម្ពុជាឱ្យបានច្រើន ដូចដែលប្រទេសចិនកំពុងធ្វើ។

វាគួរតែដល់ពេលដែលសហរដ្ឋអាមេរិក និងកម្ពុជាចាកចេញពីស្រមោលចិន ដើម្បីជួសជុលទំនាក់ទំនងដែលប្រេះស្រាំនេះឡើងវិញ។ កម្ពុជាត្រូវបន្តគោរពដោយខ្ជាប់ខ្ជួននូវគោលការណ៍គ្រឹះ នៃនយោបាយការបរទេសរបស់ខ្លួន ដូចដែលបានកំណត់ក្នុងរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ មាត្រា៥៣ ដែលកំណត់ថា “ព្រះរាជាណាចក្រកម្ពុជាប្រកាន់ខ្ជាប់ជានិច្ចនូវនយោបាយអព្យាក្រឹតអចិន្រៃ្តយ៍ និងមិនចូលបក្សសម្ព័ន្ធ។ ព្រះរាជាណាចក្រកម្ពុជារួមរស់ដោយសន្តិសហវិជ្ជមានជាមួយប្រទេសជិតខាង និងប្រទេសដទៃទៀតទាំងអស់នៅលើសកលលោក”។

ទោះជាបែបនេះក្តី កម្ពុជាគួរអនុវត្តនយោបាយការបរទេសពហុវ៉ិចទ័រ ជាមួយបណ្តាប្រទេសទាំងអស់ ដោយមិនប្រកាន់ថាលោកសេរី ឬលោកកុម្មុយនីស្ត ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន ដូចដែលពួកមហាអំណាចបានធ្វើ ដើម្បីផលប្រយោជន៍របស់ពួកគេ។ ផលប្រយោជន៍គ្មានពណ៌ ឬក្លិនលោកសេរី ឬលោកកុម្មុយនីស្តនោះទេ។

ប្រទេសចិនក្តី សហរដ្ឋអាមេរិកក្តី សុទ្ធតែបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ ប្រទេសកម្ពុជា ចាំបាច់ត្រូវរកមធ្យោបាយធ្វើឱ្យមានតុល្យភាពទំនាក់ទំនង រវាងមហាអំណាចទាំង២ ដើម្បីទទួលបាននូវផលប្រយោជន៍ជាអតិបរមាលើវិស័យនយោបាយ សេដ្ឋកិច្ច និងការទូត។
កម្ពុជាមិនត្រូវជ្រើសរើសយកប្រទេស មហាអំណាចណាមួយមកជំនួសឱ្យប្រទេសមហាអំណាចមួយនោះទេ។

ជារួមទៅ កម្ពុជា និងសហរដ្ឋអាមេរិកនៅមានឱកាសច្រើន និងមានលម្ហទូលំទូលាយ ក្នុងការជួសជុលទំនាក់ទំនងដែលប្រេះស្រាំ និងការបិទភ្ជិតគម្លាតនៃទំនុកចិត្តរវាងគ្នា និងគ្នា។

យើងសង្ឃឹមថា មេរៀននៃទំនាក់ទំនងរវាងប្រទេសទាំង២ រយៈពេល៧០ឆ្នាំមកនេះ វាគ្រប់គ្រាន់សម្រាប់ប្រទេសទាំង២ ប្រើប្រាស់ ដើម្បីពូនជ្រំទំនាក់ទំនងរបស់ខ្លួនឱ្យមានស្ថិរភាព ស៊ីជម្រៅ គ្រប់ជ្រុងជ្រោយ និងរឹងមាំសម្រាប់រយៈពេល៧០ឆ្នាំទៅមុខ និងយូរអង្វែងទៅអនាគតទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here