ដោយៈវឌ្ឈនៈ
ភ្នំពេញៈ ហេដ្ឋារចនាសម្ព័ន្ធប្រណីតៗផ្លូវជាច្រើនខ្សែ នៅក្នុងខេត្តព្រះសីហនុ បាននិងកំពុងបង្អួតសម្រស់ ហើយជាការទាក់ទាញវិនិយោគិន និងទេសចរជាតិអន្តរជាតិ ទៅទស្សនាកម្សាន្ត តាមរមណីយដ្ឋាននានា និងវិនិយោគក្នុងខេត្តនេះ ជាពិសេសនៅពេលចប់វិបត្តិកូវីដ១៩ នៅពេលខាងមុខនេះ។
រដ្ឋាភិបាលបានចំណាយថវិកាប្រមាណ៣០០លានដុល្លារអាមេរិក ក្នុងការសាងសង់ផ្លូវចំនួន៣៤ខ្សែនៅក្នុងខេត្តព្រះសីហនុ ដែលមានប្រវែងជាង៨៧គីឡូម៉ែត្រ ដើម្បីជាការទាក់ទាញការវិនិយោគបន្ថែមពីវិនិយោគិនក្នុង និងក្រៅប្រទេស និងជាការទាក់ទាញដល់ទេសចរជាតិនិងអន្តរជាតិផងដែរ ។ ផ្លូវប្រណីតៗ និងអគារខ្ពស់ៗជាច្រើន នៅក្នុងខេត្តព្រះសីហនុ នឹងក្លាយជាចំណុចទាក់ទាញបន្ថែម ដល់វិនិយោគិននិងទេសចរចូលមកកាន់ខេត្តនេះ នៅពេលចប់វិបត្តិកូវីដ១៩ ។
នៅពេលកន្លងទៅ លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ថា ដោយសារហេដ្ឋារចនាសម្ប័ន្ធ មានឥទ្ធិពលដល់ការទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិ ដើម្បីដាក់ទុនវិនិយោគ ទើបរដ្ឋាភិបាលបានចំណាយថវិកាជាតិរាប់រយលានដុល្លារ ដើម្បីបណ្ដាក់ទុនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនេះ។ ជាក់ស្ដែងផ្លូវជាតិសំខាន់ៗតភ្ជាប់ពីភ្នំពេញ ទៅកាន់បណ្ដាខេត្តសក្ដានុពលក៏បាននិងកំពុងជួសជុលកែលម្អបន្ថែម ដូចជាផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ និងផ្លូវសំខាន់ៗផ្សេងទៀតផងដែរ ។
លោកបន្តថា “មិនតែប៉ុណ្ណោះ រដ្ឋាភិបាលក៏បានចំណាយថវិកា ក្នុងការអភិវឌ្ឍហេ ដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត ដែលមានការទាក់ទាញវិនិយោគជាច្រើនផងដែរ ដូចជាផ្លូវនៅក្នុងខេត្តព្រះសីហនុ និងខេត្តសៀមរាបជាដើម ដែលសុទ្ធសឹងតែចំនុចទាក់ទាញ វិនិយោគក្នុងការស្វែងរកឱកាសវិនិយោគក្នុងតំបន់ទាំងនេះ”។ លោកបន្តថា “បច្ចុប្បន្ននេះប៉ូលបីសំខាន់ៗ ដែលមានសក្ដានុពលសម្រាប់វិនិយោគនោះគឺភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប ហើយរំពឹងថាវិនិយោគិនបរទេស ជាពិសេសវិនិយោគិនចិន នឹងត្រលប់មកកម្ពុជាដើម្បីស្វែងរកការវិនិយោគឡើងវិញនៅពេលឆាប់ៗនេះ”។
បើតាមលោកសន សៀបនាយកប្រតិបត្តិក្រុមហ៊ុនអចលនវត្ថុកម្ពុជាក៏បានលើកឡើងផងដែរថា ខេត្តព្រះសីហនុ នឹងក្លាយជាបណ្ដុំឧស្សាហកម្ម ពាណិជ្ជកម្ម ដ៏មានសក្ដានុពលនៅពេលឆាប់ៗនេះ ខណៈខេត្តនេះក៏នឹងក្លាយជាសហគមន៍ វិនិយោគរបស់វិនិយោគិនចិននៅពេលចប់វិបត្តិកូវីដ១៩។
លោកថា “ថ្វីត្បិតតែខេត្តព្រះសីហនុនៅពេលនេះ មិនមានសកម្មភាពវិនិយោគខ្លាំងដូចពីមុនក្ដី។ តែមិនមែនមានន័យថាខេត្តនេះ វាឆ្អែតនោះឡើយ នៅពេលស្ងប់ស្ងាត់កូវីដ១៩ វិនិយោគិននឹងចូលមកកម្ពុជាហើយខេត្ត ដែលពួកគេសម្លឹងមានព្រះសីហនុ និងកោះកុង”៕