ឥណទានក្នុងវិស័យមីក្រូហិរញ្ញវត្ថុ មានកំនើនល្អប្រសើរក្នុងដំណាច់ឆមាសទី១

0

ដោយគង់ សូរិយា

ភ្នំពេញ៖ ឥណទានក្នុងវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា នៅតែមានកំនើនល្អប្រសើរក្នុងដំណាច់ត្រីមាសទី២ឆ្នាំនេះ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ជាមួយទំហំប្រាក់បញ្ញើរ​មានសុខភាពល្អផងដែរ។

នាយកប្រតិបត្តិផ្នែកគ្រប់គ្រងទីផ្សារ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់លោកសាយ សូនីបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនៅថ្ងៃទី៩ កក្កដានេះថា ឥណទានរបស់ប្រាសាក់បានកើនឡើង៦ភាគរយ នៅដំណាច់ឆមាសទី១ឆ្នាំនេះ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយទំហំសាច់ប្រាក់បានកើនឡើងពី១៥៤៨លានដុល្លារកាលពីឆ្នាំមុន ដល់១៦៤០លានដុល្លារនៅឆ្នាំនេះ។លោកបន្តថា ចំណែកទំហំប្រាក់បញ្ញើរមានកំនើន​ល្អប្រសើរផងដែរ ដោយកើនឡើងជិត១២ភាគរយ និងទំហំសាច់ប្រាក់បានកើនឡើងពី​៩១៥លានដុល្លារ ដល់១០២១លានដុល្លារអាមេរិក។

លោកបន្តថា “កំនើនឥណទានឆ្នាំនេះភាគច្រើន នៅតែស្ថិតក្នុងវិស័យសហគ្រាសធុនតូច និងមធ្យមដែលជាផ្នែកសំខាន់ នៅក្នុងការទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា”។លោកបន្តថា “ជាមួយនេះខ្ញុំសង្កេតឃើញឥណទានបែបឯកត្តជន មានការកើនឡើងផងដែរ ដោយភាគ​ច្រើនពួកគេប្រើប្រាស់សាច់ប្រាក់ទិញដី និងសាងសង់លំនៅដ្ឋានជាដើម”។

វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាមានភាពរីកចម្រើនខ្លាំង ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែតាមរយៈការដាច់ចេញបទបញ្ញត្តិមួយចំនួនពីរដ្ឋាភិបាល បានធ្វើឲ្យកំនើនឥណទាន​ស្ថិតក្នុងការគ្រប់គ្រងបាន និងមិនផ្តល់ហានិភ័យដល់សេដ្ឋកិច្ចជាតិ។

លោកឧកញ៉ាហួត អៀងតុង ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានលើកឡើងថា ការផ្តល់ឥណទាននៅក្នុងវិស័យនេះទាំងមូល នៅតែសម្រេចបានកំនើនល្អប្រសើរ ដែលឆ្លុះបញ្ចាំងថាសុខភាពក្នុងវិស័យនេះ នៅតែមានភាពល្អប្រសើរ ប៉ុន្តែកម្រិតឥណទានដែលផ្តល់ជូនអតិថិជននៅឆ្នាំនេះ មានការប្រុងប្រយ័ត្ន និងវាយតម្លៃប្រកបដោយសុក្រិតភាពជាងមុន ដើម្បីធ្វើឲ្យប្រាក​ដថា ឥណទានដែលផ្តល់ជូនអតិថិជនមិនមានហានិភ័យ និងផ្តល់ផលប្រយោជន៍ដល់អ្នក​ទទួល និងប្រតិបត្តិករឥណទាននានា។

លោកបន្តថា “ទោះជាមានការប្រកួតប្រជែងកើនឡើង ប៉ុន្តែកម្រិតនៃការរីកចម្រើន​របស់យើងនៅតែមានភាពល្អប្រសើរ ពីមួយឆ្នាំទៅមួយឆ្នាំ”។លោកបន្តថា “វាមិនមានបញ្ហានោះទេ ទោះបីវាជាឆ្នាំនៃការបោះឆ្នោតក្តី តែកំណើនឥណទានហាក់មានការថម​ថយបន្តិច ក្នុងស្ថានភាពបែបនេះ”។

លោកបណ្ឌិតម៉ី កល្យាណទីប្រឹក្សាឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងថា វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាពិតជាមានការរីកចម្រើនលឿន ប៉ុន្តែការដាក់ចេញបទបញ្ញត្តិរបស់ធនាគារជាតិកាលពីឆ្នាំមុន ពិតជាធ្វើឲ្យវិស័យនេះដើរទៅមុខក្នុងផ្លូវត្រូវ ព្រោះបើយើងបណ្តោយឲ្យឥណទានកើនខ្ពស់ពេក វានឹងធ្វើឲ្យមានហានិភ័យដល់សេដ្ឋកិច្ចសង្គមមិនខាន។

លោកបន្តថា “ការកើនឥណទានខ្ពស់ពេកពិតជាមានហានិភ័យ ប៉ុន្តែកម្រិតឥណទា​នដែលស្ថិតក្នុងសភាពបែបនេះ វានឹងជួយដល់សេដ្ឋកិច្ច ព្រោះការងារនេះទាមទារធ្វើដោយប្រុងប្រយ័ត្នណាស់ទាក់ទងនឹងការរឹតបន្តឹង និងចរន្តសាច់ប្រាក់ដែលត្រូវចាក់ចូល​សេដ្ឋកិច្ច”៕

LEAVE A REPLY

Please enter your comment!
Please enter your name here