ក្រុមហ៊ុនដឹកជញ្ជូនទំនិញ UPS រំពឹងទទួលបានប្រាក់ចំណូលសរុប១០០ពាន់លានដុល្លារ

0

ដោយៈសុខុម

វ៉ាស៊ីនតោន: ក្រុមហ៊ុនដឹកជញ្ជូនទំនិញ United Parcel Service Inc ហៅកាត់ UPS បាននិយាយកាលពីថ្ងៃពុធ ទី៩ មិថុនា ថា ខ្លួនរំពឹងទទួលបានប្រាក់ចំណូលសរុបប្រមាណ១០០ពាន់លានដុល្លារនៅឆ្នាំ២០២៣ នៅពេលក្រុមហ៊ុននេះ ដាក់ចេញគោលដៅហិរញ្ញវត្ថុរយៈពេល៣ឆ្នាំរបស់ខ្លួន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។

យោងតាមទិន្នន័យរបស់ Refinitiv ដែលជាក្រុមហ៊ុនផ្ដល់ទិន្នន័យទីផ្សារហិរញ្ញវត្ថុ និងហេដ្ឋារចនាសម្ព័ន្ធ ទូទាំងពិភពលោកបង្ហាញថា ក្រុមហ៊ុនដឹកជញ្ជូនទំនិញធំបំផុតក្នុងពិភពលោកមួយនេះ បានព្យាករអំពីប្រាក់ចំណូលពេញមួយឆ្នាំ ចន្លោះពី៩៨ពាន់លានដុល្លារ ទៅ១០២ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៣ បើធៀបទៅនឹងការប៉ាន់ប្រមាណជាមធ្យមរបស់អ្នកវិភាគចំនួន១០០,១៩ពាន់លានដុល្លារ។

- Video Advertisement -

ក្រុមហ៊ុននេះបានបញ្ចេញរបាយការណ៍ថា ខ្លួនទទួលបានប្រាក់ចំណូលចំនួន៨៤,៤ពាន់លានដុល្លារ ក្នុងឆ្នាំ២០២០។
ក្រុមហ៊ុន UPS ក៏បាននិយាយដែរថា ខ្លួនរំពឹងថានឹងកាត់បន្ថយការបំភាយឧស្ម័នកាបូនឱ្យមកនៅកម្រិតសូន្យ នៅក្នុងវិសាលភាពបំភាយទាំង៣ គឺវិសាលភាពទី១ (Scope 1) វិសាលភាពទី២ (Scope 2) និង វិសាលភាពទី៣ (Scope 3) ក្នុងការធ្វើប្រតិបត្តិការរបស់ខ្លួនទូទាំងពិភពលោកត្រឹមឆ្នាំ២០៥០។

វិសាលភាពទី១ សំដៅលើការបំភាយឧស្ម័នចេញ ពីប្រតិបត្តិការផ្ទាល់របស់ក្រុមហ៊ុន ហើយវិសាលភាពទី២ សំដៅលើការបំភាយឧស្ម័នចេញពីថាមពល ដែលក្រុមហ៊ុនមួយប្រើប្រាស់ សម្រាប់ប្រតិបត្តិការរបស់ខ្លួន ដូចជា អគ្គិសនីដើរដោយថាមពលឧស្ម័នដែលខ្លួនបានទិញជាដើម។ ចំណែកឯវិសាលភាពទី៣ សំដៅលើការបំភាយឧស្ម័នចេញពីទ្រព្យសកម្មដែលកាន់កាប់ ឬគ្រប់គ្រងដោយក្រុមហ៊ុនមួយ។

ក្រុមហ៊ុន USP ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ១៩០៧ ពោលគឺកាលពី១១៤ឆ្នាំមុន នៅក្រុង Seattle សហរដ្ឋអាមេរិក។ គិតត្រឹមឆ្នាំ២០១៨ ក្រុមហ៊ុននេះមានទ្រព្យសកម្ម សរុបចំនួន៥០,០១៦ពាន់លានដុល្លារ និងមានបុគ្គលិកប្រមាណ៤៨១.០០០នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here