ដោយៈ ម៉ាណេត
ភ្នំពេញៈ រយៈពេលពេល៣ខែចុងក្រោយ គិតខែមីនា ដល់ដើមខែមិថុនា ឆ្នាំ២០២១ គម្រោងវិនិយោគធំៗចំនួន៦ ដែលបានអនុម័តដោយរដ្ឋាភិបាល តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានប្រកាសបោះទុនសរុបជាង១.៣៥៤លានដុល្លារ នៅខេត្តព្រះសីហនុ និងបង្កើតការងារដល់ប្រជាជនក្នុងតំបន់នេះរាប់ពាន់កន្លែង។
តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចជា ទី១- “INNOMED HEALTHCARE PRODUCTS (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរ សម្លៀកបំពាក់វេជ្ជសាស្ត្រ និងផលិតសម្ភារ:បរិក្ខារវិជ្ជសាស្ត្រ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គរ័ជី ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ១០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.២០០កន្លែង។
ទី២- “HUADIAN SIHANOUKVILLE POWER GENERATION CO., LTD” គម្រោងរោងចក្រ ផលិតថាមពលអគ្គិសនីប្រើដោយធ្យូងថ្ម អានុភាព៧០០មេហ្កាវ៉ាត់ ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុទី១ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ១២៨៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥២០កន្លែង។
ទី៣- “FANG HUA POLYURETHANE MATERIAL (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតអេប៉ុងស៍ ខ្នើយ គ្រែសាឡុងពូក និងគ្រឿងសង្ហារឹម ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤២០កន្លែង។
ទី៤- CAMBODIAN QI MING XING JIA JU YONG PIN CO., LTD: គម្រោងបង្កើតរោងចក្រផលិតស្បែកជើង កាបូប និងខ្សែក្រវាត់គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអូចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ៩,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.០២២កន្លែង។
ទី៥-JIN BEI PALACE CO., LTD : គម្រោងសាងសង់និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន១៩៥បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ៤៨,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៣៨០កន្លែង។
ទី៦-YIANKANG BIOLOGICAL TECHNOLOGY CO., LTD : គម្រោងបង្កើតរោងចក្រកែច្នៃម្ហូបអាហារ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ២,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២១០កន្លែង។
រដ្ឋាភិបាលបានដាក់ខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ច ពាណិជ្ជកម្មពហុបំណងនៅក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឆ្នាំ២០១៥ ២០២៥ ដែលគោលនយោបាយនេះ បាននិងកំពុងលើកស្ទួយការអភិវឌ្ឍ ក្នុងខេត្តនេះលឿនស្ទើរមិនគួរឲ្យជឿដោយត្រឹមរយៈពេល៤ឆ្នាំ ខេត្តនេះទទួលបានទុនវិនិយោគ៨០០០លានដុល្លារអាមេរិកលើវិស័យសំណង់ និងអចលនទ្រព្យ៕