ដោយៈ ម៉ាណេត
ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាសម្រេចបង្កើតគណៈកម្មធិការបច្ចេកទេសអន្តរក្រសួង រៀបចំគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ក្នុងការអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។
តាមអនុក្រឹត្យ ដែលចេញផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ បានឱ្យដឹងថា គណៈកម្មធិការនេះ មានអក្សកាត់ «គ.ប.ដ» ដឹកនាំដោយ លោកឧបនាយករដ្ឋមន្រ្តីជា សុផារ៉ារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អមដោយអនុប្រធាន២រូប និងមានសមាសភាពសរុប ២៥រូប។
គ.ប.ដ. មានតួនាទីនិងភារកិច្ចដូចតទៅ៖
– ដឹកនាំនិងសម្របសម្រួលអន្តរក្រសួង ស្ថាប័នក្នុងការរៀបចំគោលនយោបាយគ្រប់គ្រងនិងប្រើប្រាស់ ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង
– ផ្តល់ការណែនាំជាយុទ្ធសាស្ត្រនិងបច្ចេកទេសក្នុងការរៀបចំគោលនយោបាយគ្រប់គ្រងនិងប្រើប្រាស់ ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង
– តាមដាននិងត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំគោលនយោបាយ
– រៀបចំរបាយការណ៍ស្តីពីវឌ្ឍនភាពនៃការរៀបចំគោលនយោបាយគ្រប់គ្រងនិងប្រើប្រាស់ដីធ្លី ជូន ក្រុមប្រឹក្សារៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង
– ធ្វើកិច្ចសហប្រតិបត្តិការបច្ចេកទេសនិងហិរញ្ញវត្ថុជាមួយដៃគូអភិវឌ្ឍជាតិនិងអន្តរជាតិ – បំពេញភារកិច្ចផ្សេងទៀតតាមការណែនាំរបស់ប្រធាន ក.ផ.ស.។
ខេត្តព្រះសីហនុ ដែលជាខេត្តមាត់សមុទ្រ បានក្លាយជាប៉ូលសេដ្ឋកិច្ចសំខាន់ថ្មីមួយសម្រាប់ប្រទេសកម្ពុជា ក្រៅពីរាជធានីភ្នំពេញ និងខេត្តសៀមរាប ហើយក្រៅពីកន្លែងទេសចរណ៍ និងច្រកចេញចូលទំនិញ ដោយមានកំពង់ផែធំជាងគេ ខេត្តនេះមានការលូតលាស់យ៉ាងលឿនរហ័សនូវសំណង់អគារចម្រុះ។
ខេត្តព្រះសីហនុ រយៈពេល៤ឆ្នាំចុងក្រោមនេះ គិតចាប់ពីឆ្នាំ២០១៧ ដល់ខែធ្នូ ឆ្នាំ២០២០ មានសំណង់សរុបបានអនុញ្ញាតឲ្យសាងសង់មានចំនួន១,៥១៤អគារ មានក្រឡាផ្ទៃសរុប១៤,៧៣៦,៥៥៩ម៉ែត្រការ៉េ និងទុនវិនិយោគសរុប ៨,០៤៩,៦៩២,៨៣១ដុល្លារអាមេរិក៕