ក្រុមហ៊ុនGoogleគ្រោងវិនិយោគលើគម្រោងបណ្ដាញខ្សែកាបក្រោមសមុទ្រវែងជាងគេបំផុតនៅលើពិភពលោក

0

ដោយៈ សុខុម

ញូវយ៉ក: ក្រុមហ៊ុន Google បានទម្លាយឱ្យដឹងកាលពីថ្ងៃទី៩ ខែមិថុនាកន្លងទៅថា ខ្លួនមានគម្រោងតបណ្ដាញខ្សែកាបក្រោមសមុទ្រថ្មីមួយដែលនឹងភ្ជាប់សហរដ្ឋអាមេរិក ប្រទេសប្រេស៊ីល ប្រទេសអ៊ុយរូហ្គាយ និងប្រទេសអាហ្សង់ទីន ដើម្បីបង្កើនសមត្ថភាពតភ្ជាប់អ៊ីនធឺណិតរវាងតំបន់ទាំងនេះ។ នេះបើយោងតាមសារព័ត៌មាន Korea Times ចុះផ្សាយនៅថ្ងៃសុក្រ ទី១១ ខែមិថុនា នេះ។

ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនយក្សអាមេរិក Alphabet មួយនេះបានលើកឡើងតាមរយៈផូសក្នុង Blog មួយថា បណ្ដាញខ្សែកាបថ្មីដែលមានឈ្មោះថា Firmina នេះនឹងក្លាយជាបណ្ដាញខ្សែកាបវែងជាងគេបំផុតនៅលើពិភពលោក។

- Video Advertisement -

ក្រុមហ៊ុននេះនិយាយថា បណ្ដាញខ្សែកាបនេះនឹងរត់ពីឆ្នេរខាងកើត (East Coast) នៃសហរដ្ឋអាមេរិក ឆ្ពោះទៅទីក្រុង Las Toninas នៃប្រទេសអាហ្សង់ទីន ហើយបន្តទៅដល់រដ្ឋ Praia Grande នៃប្រទេសប្រេស៊ីល និងក្រុង Punta del Este នៃប្រទេសអ៊ុយរូហ្គាយ។

ក្រុមហ៊ុនដដែលបានគូសបញ្ជាក់ថា “បណ្ដាញខ្សែកាប Firmina នឹងជួយឱ្យអ្នកប្រើប្រាស់នៅទ្វីបអាមេរិកខាងត្បូង (South America) ប្រើប្រាស់សេវារបស់ក្រុមហ៊ុន Google បានកាន់តែងាយស្រួល។ បណ្ដាញខ្សែកាបដែលមានសំណុំខ្សែតូចចំនួន១២សំណុំនេះនឹងធ្វើឱ្យល្បឿនអ៊ីនធឺណិតដើរលឿន និងមានសុវត្ថិភាពខ្ពស់រវាងទ្វីបអាមេរិកខាងជើង និងទ្វិបអាមេរិកខាងត្បូង ដោយធ្វើឱ្យអ្នកប្រើប្រាស់អាចប្រើផលិតផលរបស់ក្រុមហ៊ុន Google ដូចជា Search, Gmail និង YouTube ព្រមទាំងសេវាកម្ម Google Cloud បានយ៉ាងលឿនផងដែរ”។

ការប្រកាសនេះក៏ធ្វើឡើងស្របពេលដែលតម្រូវការសេវាអ៊ីនធឺណេត និងសេវាកម្ម Cloud Service កំពុងកើនឡើងខ្លាំង ខណៈវិបត្តិឆ្លងរាតត្បាតវីរុសកូវីដ-១៩ បានជំរុញឱ្យមនុស្សងាកទៅប្រើប្រាស់អ៊ីនធឺណិតច្រើនជាងពេលណាៗទាំងអស់ មិនថាធ្វើការ ទិញទំនិញ ឬកម្សាន្ត។

ទោះជាយ៉ាងណា គ្មានការបញ្ជាក់ថា តើគម្រោងនេះនឹងចាប់ផ្ដើមពេលណា បញ្ចប់ជាស្ថាពរនៅពេលណា និងចំណាយអស់ដើមទុនប៉ុន្មានឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here