តើពន្ធសំខាន់ៗទាំង៤ក្នុងវិស័យអចលនទ្រព្យ ត្រូវបានកំណត់ដូចម្តេច?

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ ការទិញលក់អចលនទ្រព្យ ត្រូវតែជាប់ពន្ឋ ប៉ុន្តែនៅមានពន្ឋសំខាន់ៗមួយចំនួនទៀត ដែលប្រជាពលរដ្ឋកម្ពុជា និងអ្នកវិនិយោគក្នុងវិស័យនេះគួរសិក្សាស្វែងយល់។

ដើម្បីបានជាចំណេះដឹង គេហទំព័រ Propertyarea.asia សូមលើកយកចំណេះដឹងទាក់ទងពន្ឋសំខាន់ៗ​ចំនួន៤ យកមកបង្ហាញដូចជា៖

ទី១ ពន្ធប្រថាប់ត្រា៤ភាគរយ
ពន្ធប្រភេទនេះ តម្រូវឱ្យបង់ក្នុងពេលមានការទិញលក់ និងផ្ទេរកម្មសិទ្ធ។ ជាទូទៅពន្ធ៤ភាគរយនេះ ជាកាតព្វកិច្ចរបស់អ្នកទិញ ប៉ុន្តែអាចផ្លាស់ប្ដូរបានអាស្រ័យលើកិច្ចសន្យាទិញលក់។

អ្នកជាប់ពន្ធត្រូវបង់ក្នុងអំឡុងពេល៣ខែ ក្រោយមានការផ្ទេរកម្មសិទ្ធិរួច។ បច្ចុប្បន្ន ពន្ធនេះ ត្រូវបានលើកលែង សម្រាប់អចលនទ្រព្យតម្លៃទាបជាង៧ម៉ឺនដុល្លារ ដល់ខែធ្នូ ឆ្នាំ២០២១ នេះ។

ទី២ ពន្ធលើអចលនទ្រព្យ០,១ភាគរយ
ពន្ធប្រភេនេះតម្រូវឱ្យបង់ សម្រាប់អ្នកមានអចលនទ្រព្យតម្លៃលើសពី១០០លានរៀល ឬ ២៥,០០០ដុល្លារ។ ដើម្បីគណនាពន្ធ អ្នកត្រូវយកតម្លៃជាក់ស្ដែងនៃអចលនទ្រព្យមកដកនឹង២៥,០០០ដុល្លារសិន មុននឹងគុណនឹង០,១ភាគរយ។

ម្ចាស់អចលនទ្រព្យទាំងអស់ រួមទាំង ដី ផ្ទះ អគារនានា ត្រូវបង់ពន្ធនេះជារៀងរាល់ឆ្នាំ។

ទី៣ ពន្ធលើដីទំនេរ ឬដីមិនបានប្រើប្រាស់២ភាគរយ
ពន្ធប្រភេទនេះ គឺតម្រូវឱ្យបង់សម្រាប់ដីដែលគ្មានសំណង់ និងដីដែលមានសំណង់បោះបង់ចោល ដែលស្ថិតក្នុងតំបន់ទាំងឡាយ ដែលកំណត់ដោយគណៈកម្មការវាយតម្លៃដីធ្លីមិនបានប្រើប្រាស់។ ម្ចាស់ដីត្រូវបង់ពន្ធក្នុងអត្រា២ភាគរយនៃតម្លៃដី ដែលកំណត់ដោយគណៈកម្មការវាយតម្លៃ របស់អគ្គនាយកដ្ឋានពន្ឋដា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ដោយឡែក បើដីនោះមានការដាំដំណាំពេញ គឺមិនជាប់ពន្ធនេះទេ។ មួយវិញទៀត បើអ្នកជាប់ពន្ធដីមិនបានប្រើប្រាស់ហើយ អ្នកមិនជាប់ពន្ធអចលនទ្រព្យ ០,១% ទេ។

​​​​​ទី៤ ពន្ធចំណេញមូលធន២០ភាគរយ
ចំណែកពន្ធប្រភេទនេះជាពន្ធថ្មី ដែលនឹងចាប់ផ្ដើមអនុវត្តនៅដើមឆ្នាំ ២០២២ខាងមុខនេះ។ សម្រាប់ពន្ធនេះ គឺរាល់ផលចំណេញពីការលក់អចលទ្រព្យទូទៅ នឹងត្រូវជាប់ពន្ធ២០ភាគរយ។ អ្នកជាប់ពន្ធអាចជ្រើសរើសវិធី២ ក្នុងការគណនាពន្ធរួមមាន។

ក. ការកាត់ចំណាយតាមការកំណត់
ត្រូបានអនុញ្ញាតឱ្យធ្វើការ កាត់កងចំណាយ៨០ភាគរយ នៃប្រាក់ចំណូលដែលទទួលបានពីការលក់ឬផ្ទេរទ្រព្យ។ ឧទាហរណ៍ អ្នកលក់ដីបាន១លានដុល្លារ។ រដ្ឋមិនមែនយកពន្ធលើ១លានដុល្លារនេះទេ គឺរដ្ឋអនុញ្ញាតឱ្យកាត់កងចំណាយដល់ទៅ៨០ភាគរយចេញ។

មានន័យថា អ្នកចំណេញតែ២០ម៉ឺនដុល្លារទេ ហើយជាប់ពន្ធ២០ភាគរយ ពោលគឺត្រូវបង់ពន្ធត្រឹមតែ៤ម៉ឺនដុល្លារប៉ុណ្ណោះ។

ខ. វិធីកាត់កងតាមចំណាយជាក់ស្តែង
ត្រូវបានអនុញ្ញាតឲ្យធ្វើការកាត់កងចំណាយ ដែលបានកើតឡើងជាក់ស្តែង ដែលតម្រូវឲ្យមានឯកសារ និងវិក្កយបត្រចំណាយមកបញ្ជាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here