រដ្ឋភិបាលសិង្ហបុរីគ្រោងចំណាយទុន២,៨ពាន់លានដុល្លារដើម្បីបន្តជំរុញវិស័យឌីជីថល

0

ដោយៈ គៀតឈូ

សិង្ហបុរីៈ ទីភ្នាក់ងារបច្ចេកវិទ្យារដ្ឋាភិបាលសិង្ហបុរីបានឱ្យដឹងនៅថ្ងៃទី២៣ ខែមិថុនាមន្លងមកនេះថា សិង្ហបុរីនឹងចំណាយថវិកាប្រាក់ប្រមាណ៣,៨ពាន់លានដុល្លារសិង្ហបុរី (ប្រមាណ២,៨ពាន់លានដុល្លារ) ដើម្បីជំរុញវិស័យបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) នៅឆ្នាំនេះ កើនឡើងជិត១០ភាគរយបើប្រៀបធៀបនឹងឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១។

ការចំណាយដែលបានត្រៀមគ្រោងទុកនេះ នឹងឆ្ពោះទៅរកការផ្លាស់ប្តូរសេវាកម្មឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់រដ្ឋាភិបាល។

ទីភ្នាក់ងារខាងលើបានឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា វានឹងបង្កើនសន្ទុះបន្ថែម ដែលបានមកពីការវិនិយោគពីមុន និង“ការទទួលបានការរីកចម្រើននៃវិស័យឌីជីថល អំឡុងពេលវិបត្តិកូវីដ១៩”។

សហគ្រាសធុនតូច និងមធ្យមក៏នឹងទទួលបានឱកាសកាន់តែច្រើនដែរ។ ភ្នាក់ងារបានឱ្យដឹងថា សហគ្រាសធុនតូច និងមធ្យមអាចចូលរួមបានជិត៨៣ភាគរយក្នុងវិស័យឌីជីថលនេះ។

ថវិកាប្រមាណ៧០ភាគរយ ឬ២,៧ពាន់លានដុល្លារសិង្ហបុរីនឹងត្រូវចំណាយលើគម្រោងចំនួន២៥០ ដើម្បី“ ផ្លាស់ប្តូរ ធើ្វសមាហរណកម្ម និងពង្រីកសេវាកម្មឌីជីថល ”ដែលត្រូវបានប្រើប្រាស់ដោយទាំងប្រជាជន និងអាជីវកម្មនៅទូទាំងវិស័យផ្សេងៗគ្នា។

ជាមួយគ្នានេះដែរ វារួមបញ្ចូលនូវការចុះបញ្ជីអាជីវកម្មថ្នាក់ជាតិ និងប្រព័ន្ធបទបញ្ញត្តិ ក្រោមអាជ្ញាធរគណនេយ្យ និងសាជីវកម្ម ដែលនឹងប្រើទិន្នន័យ និងបច្ចេកវិទ្យាឌីជីថល ដើម្បីផ្តល់សេវាកម្មឥតខ្សែរ និងធ្វើឱ្យប្រសើរឡើងនូវការអនុវត្តបទប្បញ្ញត្តិ។

ក្នុងចំណោមទឹកប្រាក់២,៧ពាន់លានដុល្លារសិង្ហបុរី ជិតពាក់កណ្តាល(៤៤ភាគរយ) នឹងត្រូវអភិវឌ្ឍសេវាកម្មឌីជីថលជាមួយបច្ចេកវិទ្យាCloud៕

LEAVE A REPLY

Please enter your comment!
Please enter your name here