ដោយៈម៉ាណេត
ភ្នំពេញៈ រដ្ឋាភិបាលជប៉ុន បានប្រកាសផ្ដល់ជំនួយវ៉ាក់សាំង AstraZeneca ចំនួនប្រមាណ១លានដូសដល់កម្ពុជា។ ជំនួយនេះធ្វើឡើងស្របតាមចំណងមិត្តភាពរវាង ជប៉ុន និងកម្ពុជា និង ដោយផ្អែកលើស្ថានភាពកូវីដ១៩ នៅកម្ពុជានាពេលបច្ចុប្បន្ន។
វ៉ាក់សាំងដែលត្រូវបានផ្ដល់អាជ្ញាបណ្ណផលិត ក្នុងប្រទេសជប៉ុន នឹងត្រូវបានដឹកជញ្ជូនមកដល់ រាជធានីភ្នំពេញក្នុងពេលដ៏ឆាប់ខាងមុខនេះ នៅពេលដែលការរៀបចំភ័ស្តុភារដោយ COVAX Facility បានបញ្ចប់។
ឯកអគ្គរដ្ឋទូតជប៉ុន លោកមិកាមិ មីសាហ៊ីរ៉ួបានមានប្រសាសន៍ថា “ខ្ញុំសង្ឃឹមថាជំនួយនេះ នឹងជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ក៏ដូចជាកាត់បន្ថយការព្រួយបារម្ភមួយចំនួន របស់ប្រជាជនកម្ពុជា”។
លោកបន្តថា ប្រឈមមុខនឹងការរីករាលដាលនៃមេរោគឆ្លងថ្មី ដែលពិភពលោកកំពុងជួបប្រទះនេះ ការចាក់វ៉ាក់សាំង និងការពង្រឹងប្រព័ន្ធសុខាភិបាល គឺជាកត្តាសំខាន់សម្រាប់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា។ មកទល់ពេលនេះ រដ្ឋាភិបាលជប៉ុនបានផ្ដល់ជំនួយស្មើនឹងសរុបប្រមាណ ច្រើនជាង៥០លានដុល្លារអាមេរិកដល់កម្ពុជា ដែលរួមមានការផ្ដល់បរិក្ខារពេទ្យ ការកែលម្អមន្ទីរពេទ្យ ការគាំទ្រដល់គម្រោងរបស់អង្គការអន្តរជាតិនានា សម្រាប់វិធានការទប់ស្កាត់ការចម្លងជម្ងឺតាមព្រំដែន ក៏ដូចជា ការផ្ដល់បរិក្ខារសម្រាប់ដឹកជញ្ជូន និងរក្សាទុកវ៉ាក់សាំងឲ្យបានត្រឹមត្រូវផងដែរ។
លោកឯកអគ្គរដ្ឋទូតបានបន្តថា យើងក៏បានផ្ដល់ជាកម្ចីប្រមាណ២២៧លានដុល្លារអាមេរិក ដែលត្រូវបានប្រើប្រាស់ក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដល់ប្រជាជនដែលរងផលប៉ះពាល់ដោយសារកូវីដ១៩ និងសម្រាប់ការពង្រឹងប្រព័ន្ធសុខាភិបាល។
លោកបន្តថា “ខ្ញុំក៏សូមឆ្លៀតក្នុងឱកាសនេះ សម្ដែងនូវការគោរពដ៏ខ្ពង់ខ្ពស់ចំពោះអ្នកជំនាញសុខាភិបាល និងមន្ត្រីរដ្ឋាភិបាលដែលពាក់ព័ន្ធទាំងអស់ ដែលកំពុងតែចាត់វិធានការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ដែលត្រូវខិតខំប្រឈមនឹងស្ថានភាពដ៏លំបាកនេះ”។
ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ដែលជាបញ្ហាពិភពលោកនេះ ជប៉ុននឹងបន្តសហការ និងធ្វើការរួមគ្នាជាមួយកម្ពុជាដែលជាមិត្តដ៏សំខាន់របស់យើង។
លោកមិកាមិ មីសាហ៊ីរ៉ូបានបន្តថា “ខ្ញុំសង្ឃឹមថាស្ថានភាពនឹងអាចល្អប្រសើរឡើងក្នុងពេលដ៏ឆាប់ខាងមុខនេះ ហើយការផ្លាស់ប្ដូររវាងប្រទេសយើងទាំងពីរ ក៏ដូចជាក្នុងពិភពលោកនឹងអាចចាប់ផ្តើមឡើងវិញ”។លោកបន្ថែមថា “ខ្ញុំសូមបួងសួងឲ្យប្រជាជនកម្ពុជាទាំងអស់មានសុខភាពល្អ និងមានសុវត្ថិភាព”៕