ដោយៈ ម៉ាណេត
ភ្នំពេញៈ អ្នកនាំពាក្យអាកាសចរស៊ីវិល បានលើកឡើងថា គម្រោងអាកាសយាន ដ្ឋានខ្នាតតំបន់នៅខេត្តមណ្ឌលគិរី នឹងចាប់ផ្តើមដំណើរការនៅបំណាច់ឆ្នាំនេះ ខណៈវិបត្តិជំងឺកូវីដ១៩ បានបង្កឱ្យមានភាពយឺតយ៉ាវមួយចំនួនដល់គម្រោងនេះ។
លោកស៊ីន ចាន់សិរីវុត្ថាអ្នកនាំពាក្យអាកាសចរស៊ីវិល បានថ្លែងក្នុងកិច្ចសម្ភាសមួយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ជាពិតណាស់ វាជាការបារម្ភរបស់អ្នកវិនិយោគ ដែលទទួលបានសិទ្ធនៃការសាងសង់ ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩។
លោកបានថ្លែងបន្តថា “អ្នកវិនិយោគបារម្ភចំពោះការដាក់ទុនវិនិយោគ របស់គាត់ ដោយសារគាត់មិនមានច្បាស់លាស់ ក្នុងការគណនាថាតើពេលណា ដែលជំងឺនេះនឹងធូរស្បើយ ហើយពេលការដឹកជញ្ជូនមានការរីកចម្រើនឡើងវិញ”។លោបន្ថែមថា “ចំពោះព្រលានយន្តហោះមណ្ឌលគីរី យើងពុំមានអីឧបសគ្គទេ ប៉ុន្តែអ្នកទទួលបានសិទ្ធក្នុងការសាងសង់គឺគាត់មានការបារម្ភថា បើសិនគាត់ជំរុញការសាងសង់ឱ្យលឿន ក្នុងពេលនេះ ការបោះទុនក៏ច្រើន តែប្រាក់ចំណេញនាពេលខាងមុខដ៏ខ្លី មិនទាន់ដឹងថានឹងទទួលបានវិញនៅពេលណាដែរ”។
លោកបានថ្លែងបន្តថា អ្នកទទួលបានសិទ្ធសាងសង់ ស្នើសុំឱ្យយើងពិនិត្យឡើងវិញថា តើយើងអាចធ្វើយ៉ាងដូចម្តេច ដើម្បីឱ្យគម្រោងនេះទៅមុខ ហើយគាត់ទទួលយកបានដែរ ដូច្នេះគាត់ស្នើសុំគិតឡើងវិញ និងគណនាឡើងវិញ ពីការសាងសង់អាកាសយានដ្ឋានថ្មីនៅមណ្ឌលគីរីនេះ ប៉ុន្តែជាទូទៅយើងពុំឃើញមានឧបសគ្គអ្វីនោះទេ។
លោកបានឱ្យដឹងបន្តថា យើងត្រូវការពេលវេលាបំពេញនូវប្រកាសស្នាម និងលក្ខខណ្ឌកិច្ចព្រមព្រៀងមួយចំនួនប៉ុណ្ណោះ ដែលគាត់ត្រូវអនុវត្ត ប៉ុន្តែគម្រោងអាកាសយាន ដ្ឋានថ្មីនេះអាចនឹងចាប់ផ្តើមយឺតក្នុងរយៈពេល៥ទៅ៦ខែ។
លោកបានឱ្យដឹងទៀតថា កាលពីលើកមុនយើងរំពឹងថា ព្រលានយន្តហោះមណ្ឌលគីរី អាចនឹងចាប់ផ្តើមដំណើរការ នៅពេលពាក់កណ្តាលឆ្នាំ២០២១ ប៉ុន្តែវាដាច់ដំណាច់ឆ្នាំ២០២១នេះ ទើបអាចដំណើរការឡើងវិញបាន ប៉ុន្តែបញ្ជាក់ថា មិនមែនដំណើរការសាងសង់នោះទេ ដោយសារមុននឹងឈានដល់ដំណើរការសាងសង់ វាទាមទារពេលវេលាច្រើន ដូចការចរចាគ្នា កិច្ចព្រមព្រៀង និងកាតព្វកិច្ចផ្សេងៗជាច្រើន។
កាលខែមករា ឆ្នាំ២០២១ រដ្ឋាភិបាលកម្ពុជាតាមរយៈទីស្ដីការគណៈរដ្ឋមន្រ្តីបានផ្ដល់សិទ្ធិឲ្យក្រុមហ៊ុនចិន (Powerchina International Group) សិក្សាអំពីលទ្ធភាពនៃការសាងសង់អាកាសយានដ្ឋានខ្នាតតំបន់នៅខេត្តមណ្ឌលគិរី។ នេះក៏ដោយតែគេមើលឃើញថា ការបង្កើតព្រលានយន្តហោះថ្មី នៅមណ្ឌលគិរីក្នុងគ្រានេះ ប្រៀបដូចជាការត្រៀមខ្លួនរបស់រដ្ឋាភិបាល ក្នុងការស្ដាវិស័យទេសចរណ៍ឡើងវិញដែរ ក្រោយស្ងប់ស្ងាត់កូវីដ១៩។
បើផ្អែមតាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីចុះថ្ងៃទី៣១ ខែធ្នូកន្លងទៅគឺរដ្ឋាភិបាលសម្រេចជ្រើសរើសក្រុមហ៊ុន Powerchina International Group ជាដៃគូឯកជនក្នុងការសិក្សា និងអភិវឌ្ឍលើសំណើគម្រោង សាងសង់អាកាសយានដ្ឋានថ្មីនេះ ជាមួយរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិលកម្ពុជា។ ក្នុងនោះក្រុមហ៊ុន Powerchina International Group ក៏ជាអ្នកធានារ៉ាប់រងចំណាយលើការសិក្សា អំពីគម្រោងនៃការសាងសង់អាកាសយានដ្ឋានខ្នាតតំបន់នៅខេត្តមណ្ឌលគិរីនេះដែរ៕