ដោយៈ ប៊ី
ភ្នំពេញៈ លោកស្រីយក់ សម្បត្តិរដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងនៅពីព្រឹកថ្ងៃទី២២ ខែកក្កដានេះថា កម្ពុជានឹងទទួលវ៉ាក់សាំង Johnson &Johnson របស់អាមេរិក ដែលតម្រូវឲ្យចាក់តែមួយដូស ចំនួន១លានដូស តាមយន្តការCovaxរបស់អង្គការសុខភាពពិភពលោក។
ទោះបីជាយ៉ាងណាក៏ដោយ លោកស្រី មិនបានបញ្ជាក់ឱ្យដឹងថា វ៉ាក់សាំងអាមេរិកនេះ នឹងមកដល់កម្ពុជា នៅពេលណានោះទេ។
ជាមួយគ្នានេះដែរ ក្នុងពេលទទួលវ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ប្រភេទស៊ីណូហ្វាម ១លានដូស កាលពីព្រឹកថ្ងៃទី២២ ខែកក្កដានេះ លោកស្រីរដ្ឋលេខាធិការវ៉ាក់សាំង ស៊ីណូហ្វាម ១លានដូស ដែលទើបមកដល់កម្ពុជាថ្ងៃនេះ គឺជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា ពីក្រុមហ៊ុនចិន។
ក្នុងនោះ លោកស្រីយក់ សម្បត្តិបានបន្ថែមថា នៅថ្ងៃទី២៣កក្កដាស្អែកនេះ កម្ពុជានឹងទទួលវ៉ាក់សាំង៣៣២ ០០០ដូស ជាជំនួយទ្វេភាគីពីប្រទេសជប៉ុន។ នៅបំណាច់ខែកក្កដានេះ យើងនឹងទទួលវ៉ាក់សាំងគ្រប់ ២០លានដូស។
លោកស្រីបានបន្តថា នៅក្នុងខែសីហា យើងនឹងទទួលស៊ីណូវ៉ាក់ ៣លានដូសទៀត និងខែកញ្ញា ទទួលស៊ីណូវ៉ាក់២លានដូសទៀត សម្រាប់ត្រៀម៥លាន សម្រាប់ចាក់ដល់ក្មេងៗ តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន។
បូកទាំងវ៉ាក់សាំង១លានដូស ដែលបានមកដល់នៅថ្ងៃទី២២ ខែកក្កដានេះ កម្ពុជា ទទួលបានវ៉ាក់សាំងសរុប ចំនួន១៧ ០២៤ ០០០ដូស រួមមាន៖ Sinopharm ៦ ២០០ ០០០ដូស Sinovac ១០ ៥០០ ០០០ដូស និង Covishield ឬ AstraZeneca ចំនួន ៣២៤ ០០០ ដូស។
គិតត្រឹមថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ នៅទូទាំងប្រទេស ចាក់វ៉ាក់សាំង បាន ៦ ៣៣៤ ៣៧៨នាក់ ស្មើនឹង ៦៣,៣៤% នៃចំនួនគោលដៅអ្នកចាក់វ៉ាក់សាំង ១០លាននាក់៕