ក្រុមហ៊ុន Singapore LNG គ្រោងសាងសង់រោងចម្រាញ់យកសារធាតុគីមីពីឧស្ម័ន

0

ដោយៈសុខុម

សិង្ហបុរី: ក្រុមហ៊ុន Singapore LNG ដែលជាប្រតិបត្តិករនៃស្ថានីយឧស្ម័នធម្មជាតិរាវ (LNG) របស់ប្រទេសសិង្ហបុរី កំពុងឌីហ្សាញរោងចក្រថ្មីមួយ ដើម្បីចម្រាញ់យកសារធាតុគីមីចេញពីឥន្ធនៈដែលមានថាមពលខ្លាំងនេះ។

យោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃទី២៨ កក្កដា នេះឱ្យដឹងថា គម្រោងនេះ អាចជួយបង្កើនសន្តិសុខថាមពលរបស់ប្រទេសដែនកោះមួយនេះ។

ក្រុមហ៊ុននេះនិយាយនៅថ្ងៃពុធ ទី២៨ ខែកក្កដា នេះថា ខ្លួនកំពុងធ្វើការជាមួយក្រុមហ៊ុន Keppel Infrastructure តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធ Keppel Energy ដែលកាន់កាប់ផ្ដាច់មុខរបស់ខ្លួន និងក្រុមហ៊ុនជាដៃគូសហការមួយផ្សេងទៀត លើផ្នែកវិស្វកម្ម និងការឌីហ្សាញ សម្រាប់រោងចក្រចម្រាញ់ឧស្ម័នធម្មជាតិរាវ នៅស្ថានីយឧស្ម័នធម្មជាតិរាវលើកោះ Jurong Island។

ក្រុមហ៊ុន Singapore LNG និងក្រុមហ៊ុន Keppel Infrastructure បានចេញសេចក្ដីថ្លែងការណ៍រួមថា រោងចក្រនេះនឹងចម្រាញ់យកសារធាតុគីមី ដើម្បីផ្គត់ផ្គត់ដល់រោងចក្រនានានៅលើកោះ Jurong Island សម្រាប់ផលិតនូវផលិតផលគីមីឥន្ធនៈ (petrochemical)។

ក្រុមហ៊ុនទាំងនេះលើកឡើងថា ប្រសិនបើគម្រោងនេះ នៅតែដំណើរការទៅមុខតាមការគ្រោងទុក វានឹងជួយបង្កើនសន្តិសុខថាមពលរបស់ប្រទេសមួយនេះ។

លោក Ow Kai Onn អនុប្រធាន និងជាប្រធានផ្នែកគីមីសាស្ត្រ និងវត្ថុធាតុដើមនៅក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ចសិង្ហបុរី បានថ្លែងថា “គម្រោងចម្រាញ់ឧស្ម័នធម្មជាតិរាវនេះមានសក្តានុពលបង្កើនការប្រកួតប្រជែង និងនិរន្តរភាពនៃឧស្សាហកម្មគីមីរបស់យើង”។

តាមការរំពឹងទុក ការងារឌីហ្សាញរោងចក្រនេះ អាចនឹងចំណាយពេលចន្លោះពី១២ខែដល់១៨ខែ ហើយបន្ទាប់ពីការងារឌីហ្សាញចប់ បណ្ដាដៃគូសហការនឹងធ្វើការសម្រេចលើការងារសាងសង់៕

LEAVE A REPLY

Please enter your comment!
Please enter your name here