ដោយៈគង់ សូរិយា
ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យកម្ពុជាបានលើកឡើងពីនេះ ពីនោះទាក់ទងនឹងការវិវត្តនៃវិស័យអចលនទ្រព្យបច្ចុប្បន្ន អំឡុងពេលស្ថានភាពជំងឺកូវីដកំពុងវាយលុក ប៉ុន្តែប្រជាជនកម្ពុជាបានចាប់ផ្តើមរៀនរស់នៅជាមួយមេរោគនេះ។
អ្នកស្រីចេវ សុឃុននាយិកកាក្រុមហ៊ុនអចលនទ្រព្យKhat Appraisalបានមានប្រសាសន៍ឲ្យដឹងកាលពីម្សិលម៉ិញនេះថា ទីផ្សារអចលនទ្រព្យនៅតែមានសភាពស្ងប់ស្ងាត់ ដោយបច្ចុប្បន្ននេះយើងមានតែអតិថិជនចាស់ៗ ដែលនៅតែបន្តស្វែងរកអចលនទ្រព្យតម្លៃល្អសំរាបើទិញលក់យកផលចំណេញ។
អ្នកស្រីបន្តថា បើនិយាយពីការិយាល័យ ខុនដូ ហាក់ស្ងប់ស្ងាត់ ប៉ុន្តែលំនៅដ្ឋាននៅតែមានតម្រូវការពីប្រជាពលរដ្ឋក្នុងស្រុក និងទីផ្សារដីធ្លីនៅតែមានចរន្តទិញលក់ តាមតំបន់មួយចំនួន ប៉ុន្តែជាដីដែលមានតម្លៃល្អ។
ចំណែកអ្នកស្រីអាន សុធីតាអ្នកជំនាញនិងវិភាគអចលនទ្រព្យបានមានប្រសាសន៍ឲ្យដឹងផងដែរថា ទីផ្សារនៅតែមានភាពតានតឹង ដោយសារចរន្តទិញលក់ធ្លាក់ចុះ ប៉ុន្តែនិន្នាការនេះ អាចនឹងប្រសើរឡើងវិញនៅឆ្នាំ២០២២ខាងមុខ ខណៈពេលលំហូរទុនវិនិយោគផ្ទាល់ពីបរទេស នៅតែមិនទាន់មានសញ្ញាល្អប្រសើរនៅឡើយ មានន័យថាអ្នកវិនិយោគអន្តរជាតិនៅតែមិនទាន់ចូលមកកម្ពុជានោះទេ។
អ្នកស្រីបន្តថា ចំណែកខុនដូដែលបានសាងសង់ចប់ អាចលក់បានច្រើន ប៉ុន្តែបើខុនដូស្ថិតនៅក្នុងគំរោង ប្រកាសលក់ ប៉ុន្តែមិនទាន់សាងសង់មិនមានសញ្ញាល្អនៅឡើយទេ។
អ្នកស្រីអាន សុធីតាបានបន្តថា “ទោះជាយ៉ាងណាពេលនេះ គឺជាឱកាសសំរាប់អ្នកមានលទ្ឋភាពទិញ អ្នកមានលំហូរសាច់ប្រាក់ល្អ គឺពេលនេះពួកគេវិនិយោគនឹងទទួលបានផលចំណេញខ្ពស់ពីការវិនិយោគ”។អ្នកស្រីបន្តថា “ពេលនេះសំរាប់អ្នកមានលំហូរសាច់ប្រាក់ មានលុយ គឺពួកគេជាអ្នកឈ្នះ”។
ជាមួយគ្នានេះ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodiaបានមានប្រសាសន៍ឲ្យដឹងផងដែរថា ចរន្តនៃការទិញលក់នៅតែមាន សំរាប់អចលនទ្រព្យតម្លៃទាបជាងទីផ្សារ ព្រោះស្ថានភាពបែបនេះ គឺមានអ្នកទិញតិច មានអ្នកលក់ច្រើន បើមានអ្នកទិញច្រើន ម្ចាស់អចលនទ្រព្យឡើងថ្លៃ ប៉ុន្តែអ្វីដែលជាបញ្ហា គឺម្ចាស់អចលនទ្រព្យមួយចំនួន ពួកគេមិនព្រមលក់ មិនព្រមបញ្ចុះតម្លៃ។
លោកបន្តថា ទាក់ទងនឹងទីផ្សារការិយាល័យ គឺមិនសូវដំណើរការល្អនោះទេ ព្រោះការិយាល័យដើរ ទាល់តែមានក្រុមហ៊ុនថ្មីៗបង្កើតច្រើន ប៉ុន្តែពេលនេះមិនមានក្រុមហ៊ុន ថ្មីៗបង្កើតបានច្រើននោះទេ។ ចំណែកអាផាតម៉ិនក៏ដូចគ្នា មិនសូវមានអ្នកជួលច្រើនទេ ព្រោះអាផាតម៉ិនភាគច្រើនផ្តោតលើជនបរទេស ប៉ុន្តែពេលនេះជនបរទេសមិនមានច្រើនឡើយវបានចូលមកកម្ពុជា។
លោកបណ្ឌិតគីម ហ៊ាងបានបន្តថា ចំណែកខុនដូមិនមានការបារម្ភទេ បើសិនជាលក់តម្លៃល្អ ព្រោះការសាងសង់មានតម្លៃចន្លោះពី៤០០ ទៅ៦០០ដុល្លារក្នុងមួយម៉ែត្រការ៉េ បូកថ្លៃដី២០០ទៅ៣០០ដុល្លារក្នុងមួយម៉ែត្រការ៉េ តម្លៃខុនដូគិតជាមធ្យមមិនលើសពី៨០០ទៅ៩០០ដុល្លារនោះទេ ហេតុនេះបើអ្នកសាងសង់ខុនដូលក់បញ្ចុះតម្លៃមកត្រឹម១២០០ទៅ១៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ នឹងមានអ្នកទិញច្រើន។
លោកបន្តថា “បញ្ហានៅទីនេះគឺមានតែអ្នកឡើងថ្លៃ ប៉ុន្តែមិនព្រមចុះថ្លៃនោះទេ នេះហើយជាបញ្ហាទីផ្សាររបស់យើង”