មន្រ្តីជាន់ខ្ពស់កម្ពុជាបីរូបបានអះអាងពីផលប្រយោជន៍នៃទំនាក់ទំនងរវាងកម្ពុជាចិន លើពាណិជ្ជកម្ម និងការពារអធិបតេ្យភាពកម្ពុជា

0

ដោយៈស៊ីវ ម៉េង

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាចំនួនបីរូប សុទ្ឋតែបានអះអាងពីទំនាក់ទំនងកម្ពុជា ចិនជាតំនាក់ទំនងល្អប្រសើរ ដោយឈរលើមូលដ្ឋានផលប្រយោជន៍ទៅវិញទៅមកលើការធ្វើពាណិជ្ជកម្ម ការពារអធិបតេយ្យភាពកម្ពុជា និងការគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ។

មន្រ្តីជាន់ខ្ពស់កម្ពុជាបីរូបនោះរួមមានលោកឧបនាយករដ្ឋមន្រ្តីប៊ិន ឈិនរដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី លោកសុខ សុភ័ក្ររដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោកបណ្ឌិតសភាចារ្យសុខ ទូចប្រធានរាជបណ្ឌិតសភាកម្ពុជា។

ថ្លែងក្នុងវេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិន លើកទី២៖ ដំណាក់កាលថ្មីនៃការអភិវឌ្ឍទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន នៅថ្ងៃទី២៨ ខេកក្កដានេះ លោកសុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ចិនក្រៅតែជាដៃគូពាណិជ្ជកម្មដ៏សំខាន់ របស់កម្ពុជាហើយនោះ កម្ពុជានិងចិន ក៏ជាដៃគូដ៏សកម្ម និងមិនអាចខ្វះបាន ក្នុងការរៀបចំគោលនយោបាយ និងចរចារពាណិជ្ជកម្ម ទាំងក្នុងតំបន់ និងពិភពលោក។

លោកបន្តថា “ក្នុងរយៈកាលជាច្រើនឆ្នាំកន្លងមកហើយ តួលេខនៃការធ្វើពាណិជ្ជកម្មបានបង្ហាញយ៉ាងច្បាស់ថា ចិនជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា។ លោកបន្តថា មិនតែប៉ុណ្ណោះ កម្ពុជានិងចិន គឺជាដៃគូដ៏សកម្ម និងមិនអាចខ្វះបាន នៅក្នុងការរៀបចំគោលនយោបាយនិងចរចាពាណិជ្ជកម្ម ទាំងក្នុងក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក និងក្នុងកំរិតតំបន់

លោកបន្តថា ក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំហំពាណិជ្ជកម្មរវាងអាស៊ាន-ចិន និងកម្ពុជា-ចិន មានការកើនឡើងគួរឱ្យកត់សម្គាល់ និងជាទីមោទនភាពបំផុត។ ការរីកចម្រើននៃសេដ្ឋកិច្ចរបស់ចិន បានដើរតួជាគំនាស់សេដ្ឋកិច្ចតំបន់ និងពិភពលោក។ បើពិនិត្យក្នុងឆ្នាំ២០១៩, ទំហំពាណិជ្ជកម្មទំនិញរវាងអាស៊ាន-ចិនមានចំនួនប្រមាណ ៦៤១ ០០០ លានដុល្លារអាមេរិក គឺកើនទ្បើងចំនួន ៩% បើធៀបនឹងឆ្នាំ២០១៨ ដែលមានត្រឹមប្រមាណ ៥៨៩ ០០០ លានដុល្លារអាមេរិក។ រីឯក្នុងឆ្នាំ២០២០ ពាណិជ្ជកម្មសរុបរវាងអាស៊ាន និងចិនមានចំនួនប្រមាណ៦៨៥,០០០ លានដុល្លារអាមេរិក បានកើន៧% ធៀបនឹងឆ្នាំ២០១៩។

ជាមួយគ្នានេះ លោកបណ្ឌិតសុខ ទូចប្រធានរាជបណ្ឌិតសភាកម្ពុជាបានមានប្រ​សាសន៍ឲ្យដឹងផងដែរថា ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ ជានិច្ចកាលតែងឈរលើមូលដ្ឋាននៃការគោរពអធិបតេយ្យ និងមិនជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងផងគ្នា និងគោរ​ព​ផលប្រយោជន៍គ្នាទៅវិញទៅមក។

លោកបន្តថា កម្ពុជាតែងប្រកាន់ខ្ជាប់នូវគោលជំហរគោរព គោលនយាបាយចិន មួយ។ លើសពីនេះទៅទៀត កម្ពុជាក៏មាន ទំនាក់ទំនងល្អផងដែរជាមួយប្រទេសចិន ទាំងទ្វេភាគី និងពហុភាគី ក្នុងក្របខណ្ឌ អាស៊ាន ដូចជា អាស៊ាន+៣ អាស៊ាន+១ និងក្នុងក្របខណ្ឌមហាអនុតំបន់ទន្លេមេគង្គ និងយន្តការអន្តរជាតិដទៃទៀត

លោក សុខ ទូច បានបញ្ជាក់ទៀតថា ក្នងកម្រិតនយោបាយ យើងឃើញថា ទំនាក់ទំនងរវាងប្រទេសយើងទាំង ពីរពេលនេះបានមកដល់ចំណុចមួយគួរឱ្យមោទនៈ និងប្រកបដោយក្តីអំណរ ប៉ុន្តែក្នុងកម្រិតប្រជាជន ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ ត្រូវបានឆ្លុះបញ្ចាំង ក្នុងរូបភាពអវិជ្ជមានមួយចំនួននៅឡើយ។

ក្នុងស្ថានភាពនេះ វាទាមទារឱ្យយើងដែលជាអ្នកវិទ្យាសាស្ត្រ អង្គុយតុជាមួយគ្នាដើម្បីជជែកពិភាក្សា ដោយលើកយកបញ្ហាប្រឈមនានា ដែលមានពីមុនមក និងកំពុងមាន យកមកបកស្រាយ និងស្វែងរកដំណោះស្រាយសមស្រប ដើម្បីផ្តល់ជាធាតុចូលជូនដល់រដ្ឋាភិបាលនៃប្រទេសទាំងពីរ និងជាស្ពានទំនាក់ទំនងរវាងប្រជាជនយើងទាំងពីរ កម្ពុជា-ចិន។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រីប៊ិន ឈិនបានមានប្រសាសន៍ឲ្យដឹងផងដែរថា ទំនាក់ទំនងកម្ពុជា-ចិន បានស្ដែងឡើងក្នុងរូបភាពជាបងប្អូនល្អ និងជាដៃគូល្អ។ សព្វថ្ងៃប្រទេសចិន ជាប្រទេសដែលបានផ្តល់ជំនួយច្រើនជាងគេដល់កម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រីបន្ថែមថា “ទំនាក់ទំនងរវាងប្រទេសទាំងពីរ តែងឈរលើមូលដ្ឋាននៃការគោរពអធិបតេយ្យ និងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងផងគ្នា និងគោរពផលប្រយោជន៍គ្នាទៅវិញទៅមក។ លោកបន្តថា កម្ពុជាតែងប្រកាន់ខ្ជាប់នូវគោលជំហរគោរពគោលនយាបាយចិនតែមួយ និងគាំទ្រគោលនយោបាយគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ (BRI) និងការបង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដើម្បីឈានទៅតភ្ជាប់បណ្ដាប្រទេសក្នុងតំបន់អាស៊ីទាំងមូល

លោកឧបនាយករដ្ឋមន្ត្រី ក៏បានគូសរំលេចផងដែរពីការចូលរួមចំណែកដ៏សំខាន់របស់ចិន ក្នុងការជួយកសាង និងអភិវឌ្ឍកម្ពុជា។ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា នៅក្នុងវិស័យពាណិជ្ជកម្មនិងវិនិយោគ ដែលក្នុងនោះគិតមកដល់ឆ្នាំ២០១៩ ទំហំ​ពាណិជ្ជកម្មរវាងកម្ពុជា និងចិន សម្រេចបានប្រមាណជាង៨ពាន់លានដុល្លារ ហើយនៅក្នុងឆ្នាំ២០២០ កម្ពុជា និងចិនបានសម្រេចចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងប្រទេសទាំងពីរ។

លោកបានចាត់ទុក “ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ គឺជាការចាប់ផ្តើមនៃយុគសម័យថ្មី នៃកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រទេសយើងទាំងពីរ”។

លោកឧបនាយករដ្ឋមន្រ្តីប៊ិន ឈិនបានបន្តថា ខ្ញុំជឿជាក់ថា យើងទាំងអស់គ្នា សុទ្ធតែបានដឹង មិនថាស្ថិតនៅក្នុងកាលៈទេសៈបែបណាទេ ប្រទេសចិនតែងផ្តល់ការជ្រោ​មជ្រែង និងគាំទ្រដល់ប្រទេសកម្ពុជាក្នុងការអភិវឌ្ឍ ដោយសមស្របទៅនឹងស្ថានភាពរបស់ប្រទេសខ្លួន ជាពិសេស ផ្តល់ការគាំទ្រដល់ប្រទេសកម្ពុជាក្នុងការរក្សាស្ថិរភាព និងពន្លឿនការអភិវឌ្ឍ

ព្រមជាមួយគ្នានេះ សហគ្រាសចិនក៏បានរួមចំណែកយ៉ាងសកម្ម ក្នុងការកសាងស្ពាននិងផ្លូវថ្នល់នៅប្រទេសកម្ពុជា ដែលជាការរួមវិភាគទាន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិនិងកែលម្អជីវភាពរស់នៅរបស់ប្រជាជននៃប្រទេសកម្ពុជាផងដែរ

លោកឧបនាយករដ្ឋមន្ត្រីបន្ថែមថា ខ្ញុំជឿជាក់ថា ប្រទេសចិនក៏បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការស្តារសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក្នុងអំឡុងពេលនិងក្រោយកូវីដ-១៩ ផងដែរ។ ក្នុងទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ទំនាក់ទំនងកម្ពុជា-ចិន បានស្ថិតក្នុងកម្រិតមួយខ្ពស់ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ

 

LEAVE A REPLY

Please enter your comment!
Please enter your name here