ដោយៈគង់ សូរិយា
ពាយ័ព្យប្រទេសៈ គំរោងសាងសង់ផ្កូវជាតិ១ខ្សែថ្មី តភ្ជាប់ពីក្រុងសៀបរាប ទៅកាន់ខេត្តបាត់ដំបង ដែលមាបចម្ងាយប្រមាណ៧០គីឡូម៉ែត្របាន និងកំពុងលេចចេញនូវទីតាំងមួយចំនួនហើយ។
ផ្លូវកាត់ពីសៀមរាបទៅបាត់ដំបង មានប្រវែង៧០គីឡូម៉ែត្រ ជិតជាងផ្លូវចាស់ជាង ១០០គីឡូម៉ែត្រ ដោយឆ្លងកាត់ខេត្តចំនួន៣ មានខេត្តបាត់ដំបង បន្ទាយមានជ័យ និងខេត្តសៀមរាប ហើយជាផ្លូវសម្រាប់តភ្ជាប់តំបន់ទឹកលិចនៃបឹងទន្លេសាប។
តាមការសិក្សារបស់ក្រុមហ៊ុនចិនបានឲ្យដឹងថា ទីតាំងផ្លូវនេះចាប់ផ្តើមពីផ្លូវជាតិលេខ៥ ត្រង់ចំណុច PK302+325 ម៉ែត្រ ឆ្ពោះទៅចំណុចបញ្ចប់នៅផ្លូវលេខ៦ ត្រង់ចំណុច PK343+100ម៉ែត្រ មានចម្ងាយ៧២,១៥៤គីឡូម៉ែត្រ ដោយកាត់បន្ថយពេលវេលា និងចម្ងាយជាង១០០គីឡូម៉ែត្រ ដោយឆ្លងកាត់៥ស្រុក ក្នុងនោះ ឆ្លងកាត់បឹងទន្លេសាប ត្រង់តំបន់៣ នៅក្នុងខេត្តបាត់ដំបង មានប្រវែង៣៦.៣៩០ ម៉ែត្រ មានឃុំ ៤ និងស្រុក២ គឺស្រុកថ្មគោល និងឯកភ្នំ។ ខេត្តបន្ទាយមានជ័យ ឆ្លងកាត់ស្រុកព្រះនេត្រព្រះ និងខេត្តសៀមរាប ឆ្លងកាត់២ ស្រុកគឺស្រុកក្រឡាញ់ និងស្រុកពួក។
អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកវ៉ាស៊ីម សូរិយាបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ការស្ថាបនាផ្លូវថ្មីនេះមានគោលបំណងសំខាន់ៗចំនួន៣ ដូចជា ទី១ សម្រួលការធ្វើដំណើរពីខេត្តសៀមរាប ទៅកាន់ក្រុងបាត់ដំបង ដែលធ្វើឲ្យចម្ងាយផ្លូវជិតជាងមុន ទី២ នឹងជួយលើកកំពស់ទេសចរណ៍នៅខេត្តបាត់ដំបង ដោយធ្វើយ៉ាងណាឲ្យភ្ញៀវទេសចរណ៍អន្តរជាតិ ចេញពីក្រុងសៀមរាប ទៅសំរាកនៅខេត្តបាត់ដំបង ដើម្បីទាក់ទាញភ្ញៀវឲ្យចាយលុយច្រើន និងស្នាក់នៅកម្ពុជាយូរ និងចំណុចទី៣ នឹងមានការសាងសង់ប៉ម សម្រាប់ភ្ញៀវទេសចរណ៍សំរាកលំហែរលើបឹងទន្លេសាប ដើម្បីគយគន់សត្វស្លាប និងទេសភាពបឹងទន្លេសាប។
លោកបន្តថា “ទោះជាយ៉ាងណាការសាងសង់ផ្លូវនេះ មិនដឹងចាប់ផ្តើមនៅពេលណាពិតប្រាកដទេ ប៉ុន្តែវាជាគំរោងអាទិភាពមួយដែលឯកឧត្តមទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលចង់បាន និងបានដាក់ស្នើទៅប្រមុខរដ្ឋាភិបាល”។ លោកបន្តថា “យ៉ាងណាក៏ដោយវាជាគំរោងអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា”៕