ដោយៈសុខុម
ភ្នំពេញៈ វីរុសកូវីដ-១៩ កំពុងតែឆ្លងរាលដាលយ៉ាងពេញទំហឹង ក្នុងតំបន់អាស៊ីអាគ្នេយ៍នៅពាក់កណ្តាលឆ្នាំ២០២១នេះ។យោងតាមអង្គការសុខភាពពិភពលោក (WHO) ឱ្យដឹងថា វីរុសកូវីដ-១៩ បំប្លែងថ្មី Delta ដែល “ឆ្លងលឿនបំផុត និងសាហាវបំផុត” កំពុងតែបង្កអន្តរាយក្នុងតំបន់។
បច្ចុប្បន្ន ប្រទេសឥណ្ឌូនេស៊ី ដែលមានប្រជាជនច្រើនបំផុតក្នុងតំបន់អាស៊ានបានក្លាយជាចំណុចផ្ទុះវីរុសបំប្លែងខ្លួនថ្មីនេះ។
ដោយឡែក សម្រាប់ពេលនេះប្រទេសកម្ពុជា មានស្ថានភាពហាក់ល្អប្រសើរជាងបណ្ដាប្រទេសជិតខាងរបស់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន California News Times ចុះផ្សាយនៅថ្ងៃទី៣០ កក្កដា នេះ។
*ការឆ្លើយតបទាន់ពេលវេលា និងរឹងមាំរបស់រដ្ឋាភិបាល
យោងតាមទំព័រហ្វេសប៊ុកផ្លូវការ របស់ក្រសួងសុខាភិបាលកម្ពុជាបានឱ្យដឹងថា កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ មាន៧១,៣១% (ជាង៧លាននាក់) បើធៀបជាមួយចំនួនប្រជាជនគោលដៅ១០លាននាក់។ ចំនួនប្រជាជនកម្ពុជា ដែលបានទទួលវ៉ាក់សាំងពេញលេញ ពោលគឺគ្រប់ចំនួន២ដូស ក៏មានការកើនឡើងជាលំដាប់ផងដែរ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសន្យាថានឹងឱ្យកុមារដែលមានអាយុពី១២ ដល់១៧ឆ្នាំទទួលការចាក់វ៉ាក់សាំង ដែលយុទ្ធនាការថ្មីនេះនឹងចាប់ផ្ដើមពីថ្ងៃទី១ សីហា តទៅ។
លទ្ធភាពអាចទៅរួចដែលថា សាលារៀននានានៅទូទាំងប្រទេស នឹងបើកដំណើរការពេញលេញឡើងវិញនៅខែកញ្ញា ខាងមុខ។ ប្រទេសកម្ពុជា អាចនឹងសម្រេចបាននូវភាពស៊ាំក្នុងសហគមន៍ (Community Resilience) នៅត្រឹមដើមឆ្នាំ២០២២។
រដ្ឋាភិបាលកម្ពុជា ក៏កំពុងស្វះស្វែងទិញវ៉ាក់សាំងបន្ថែមផងដែរ ដើម្បីពន្លឿនការចាក់ឱ្យទាន់តាមគោលដៅដែលបានកំណត់។
ទោះជាយ៉ាងណា ពលរដ្ឋក្រីក្រ ជាអ្នករងផលប៉ះពាល់ធ្ងន់ធ្ងរខ្លាំងជាងគេ អំឡុងវិបត្តិកូវីដ-១៩ ជាពិសេសផ្នែកសេដ្ឋកិច្ច។
ជាសំណាងល្អ រដ្ឋាភិបាលកម្ពុជា បានបញ្ចេញកញ្ចប់ថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងវិបត្តិកូវីដ-១៩ និងសម្រាប់បើកប្រាក់ឧបត្ថម្ភ ដើម្បីជួយសម្រាកទុក្ខលំបាករបស់ពលរដ្ឋក្រីក្រ។
យោងតាមធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ឱ្យដឹងថា ប្រទេសកម្ពុជា បានចំណាយប្រាក់ចំនួន១.៣៦ពាន់លានដុល្លារអាមេរិក ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩ ដែលស្មើនឹងប្រមាណ៥.១% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេស។ ហើយឆ្នាំនេះ រដ្ឋាភិបាលទំនងជាចំណាយបន្ថែមទៀតដើម្បីទប់ទល់នឹងវិបត្តិនេះ។
*តើភាពស៊ាំក្នុងសហគមន៍ជាអ្វី ហើយហេតុអ្វីបានជាវាសំខាន់ម៉្លះ?
ភាពស៊ាំក្នុងសហគមន៍ ដែលគេស្គាល់ថាជាភាពស៊ាំជាសហគមន៍ គឺនៅពេលដែលមនុស្សគ្រប់គ្រាន់ នៅក្នុងតំបន់មួយក្លាយទៅជាភាពស៊ាំ ទៅនឹងជំងឺឆ្លងនេះ ដែលអាចរារាំង ក្នុងការឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ ដោយសារតែវិធីនេះសហគមន៍ទាំងមូលត្រូវបានការពារ មិនត្រឹមតែមនុស្សដែលមានភាពស៊ាំប៉ុណ្ណោះទេ។ វាជារបៀបដែលយើងបញ្ឈប់ការរីករាលដាល នៃជំងឺដូចជាជំងឺខួរឆ្អឹង និងជំងឺកញ្ជ្រិលអញ្ចឹងដែរ។
ភាពស៊ាំក្នុងសហគមន៍គឺមានសារៈសំខាន់ណាស់ ព្រោះវាការពារមនុស្សដែលមិនអាចចាក់វ៉ាក់សាំងបានដូចជាទារក និងកុមារតូចៗ។ វាក៏ជួយដល់មនុស្សមួយចំនួនដែលមិនអាចទទួលយកវ៉ាក់សាំងផងដែរ ដូចជាអ្នកដែលមានប្រព័ន្ធភាពស៊ាំខ្សោយ៕