ដោយៈ ម៉ាណេត
ភ្នំពេញៈ ប្រទេសចិនកាលពីថ្មីៗនេះ បានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលមានការគាំទ្រយ៉ាងខ្លាំង ហើយបានបញ្ជាក់ថា ខ្លួនសង្ឃឹមថាសមាជិកដទៃទៀត នឹងផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះ ដែលអាចចូលជាធរមានចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២។
ដូច្នេះកិច្ចព្រមព្រៀងនេះមានរយៈពេល៥ ខែប៉ុណ្ណោះ ចាប់ពីពេលនេះតទៅ ដើម្បីចូលជាធរមាន និងចាប់ផ្តើមអនុវត្តន៍ពីសំណាក់ប្រទេសសមាជិកនៃកិច្ចព្រមព្រៀងនេះ។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីRCEP រួមមាន ប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង ប្រជាជាតិអាស៊ាន ដែលរួមមានប្រទេសព្រុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាមរួមជាមួយអូស្ត្រាលី និងនូវែលហ្សេឡង់។
កិច្ចព្រមព្រៀងRCEP ពិតជាមានទំហំធំណាស់គិតចាប់តាំងពីទំហំសេដ្ឋកិច្ច រហូតដល់ចំនួនប្រជាជន។ ប្រទេសដែលចូលរួមក្នុងកិច្ចព្រមព្រៀងនេះ មានប្រមាណ៣០ភាគរយនៃGDP សរុបលើសកល និងមានចំនួនប្រជាជនប្រមាណ៣០ភាគរយ នៃប្រជាជនពិភពលោក។ តម្លៃសេដ្ឋកិច្ចនៃកិច្ចព្រមព្រៀងនេះ មានតម្លៃសរុបជិត២៥ទ្រីលានដុល្លារអាមេរិក និងមូលដ្ឋានអ្នកប្រើប្រាស់សរុបប្រមាណ២,២ពាន់លាននាក់ ដែលក្នុងនោះប្រមាណ១ពាន់លាននាក់ គឺអ្នកប្រើប្រាស់ ដែលមានជីវភាពកម្រិតមធ្យម។
គោលបំណងចម្បងរបស់កិច្ចព្រមព្រៀងRCEP គឺដើម្បីបង្កើតភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ដោយកសាងកិច្ចព្រមព្រៀងអាស៊ានទ្វេភាគី ដែលមានស្រាប់នៅក្នុងតំបន់ ជាមួយដៃគូកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) របស់ខ្លួន។ កិច្ចព្រមព្រៀងនេះនឹងត្រូវបានដាក់ចេញ ដោយសំណុំនៃវិធាន និងស្តង់ដាររួមទាំងការកាត់បន្ថយឧបសគ្គពាណិជ្ជកម្ម និងការធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានទីផ្សារ។
សម្រាប់វិនិយោគិន កិច្ចព្រមព្រៀងRCEPផ្តល់នូវឱកាសពាណិជ្ជកម្ម និងវិនិយោគថ្មីៗជាច្រើន នៅក្នុងបណ្តាប្រទេស ដែលចូលរួមនិងបង្កើតប្លុកពាណិជ្ជកម្មធំបំផុតរបស់អាស៊ីរហូតមកដល់បច្ចុប្បន្ន។
ធនាគារពិភពលោក (World Bank) បានលើកឡើងកាលថ្មីៗនេះថា កម្ពុជានឹងឱកាស សម្រាប់សម្រួលការពង្រីកការវិនិយោគក្នុងស្រុក និងពីបរទេស ដោយផ្អែកលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងក្នុងតំបន់ក្នុងពេលថ្មីៗនេះ រួមមាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជានិងចិន និង កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ។
លោកស៊ាង ថៃអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបាននិយាយថា កម្ពុជាកំពុងពន្លឿននីតិវិធីផ្ទៃក្នុង ឆ្ពោះទៅរកការផ្តល់សច្ចាប័ន លើកិច្ចព្រមព្រៀងនេះឱ្យបានឆាប់បំផុត។ លោកបានបន្ថែមថា “កម្ពុជារំពឹងថា កិច្ចព្រមព្រៀងនេះ នឹងត្រូវផ្តល់សច្ចាប័ននៅក្នុងឆមាសទី២ ឆ្នាំ២០២១នេះ ប្រសិនបើស្ថានភាពនៃកូវីដ១៩ ស្ថិតក្រោមការគ្រប់គ្រងបានឆាប់”។
លោកបណ្ឌិតម៉ី កល្យាណសេដ្ឋវិទូកម្ពុជា និងប្រធានវិទ្យាស្ថានធនធានអភិវឌ្ឍន៍កម្ពុជា បានមានប្រសាសន៍ថា កិច្ចព្រមព្រៀង RCEP មានអត្ថន័យណាស់ សម្រាប់កម្ពុជាក្នុងរយៈពេលមធ្យម និងវែង ហើយកម្ពុជាត្រូវការកែលម្អប្រព័ន្ធ និងយន្តការរបស់ខ្លួនបន្ថែមទៀត ដើម្បីសម្រួលដល់លំហូរពាណិជ្ជកម្ម និងការវិនិយោគកាន់តែរលូន។
លោក Zhang Jianping អគ្គនាយកមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់ចិន ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង បាននិយាយថា ទំនាក់ទំនងកាន់តែជិតស្និទ្ធ ក្នុងចំណោមប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀង RCEP នឹងមានឥទ្ធិពលយ៉ាងខ្លាំងលើពាណិជ្ជកម្មក្នុងតំបន់ការវិនិយោគ និងការធ្វើសមាហរណកម្មទីផ្សារ។
លោកបានបន្តថា “ប្រការនេះនឹងជួយដល់ការស្ទុះងើបឡើងវិញ នៃសេដ្ឋកិច្ចពិភពលោក ដែលកំពុងទទួលរងផលប៉ះពាល់ ដោយសារជំងឺរាតត្បាតកូវីដ១៩ និងងាកចេញពីការប្រឈមនឹងការកើនឡើងនូវការគាំពារនិយមផ្នែកពាណិជ្ជកម្ម”។
លោក Zhang បាននិយាយថា កិច្ចសហប្រតិបត្តិការ ក្នុងចំណោមបណ្តាប្រទេសដែលចូលរួម និងផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក នឹងជម្រុញយ៉ាងខ្លាំងដល់ពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់ ដោយបន្ថែមថាមពលថ្មីដល់ការអភិវឌ្ឍក្នុងតំបន់ និងផ្តល់ការគាំទ្រយ៉ាងខ្លាំង ដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក៕