ដោយៈតារា
មណ្ឌលគិរីៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា ក្នុងរយៈពេល១ខែដំបូង រោងចក្រចម្រាញ់មាសនៅកម្ពុជា ផលិតមាសបានចំនួន១៣៧គីឡូក្រាម បច្ចុប្បន្នរាជរដ្ឋាភិបាលរំពឹងនឹងបានចំណូលពីរ៉ែមាស សម្រាប់បង្កើនចំណូលក្នុងវិស័យសេដ្ឋកិច្ច ខណៈដែលក្រុមហ៊ុនអភិវឌ្ឍន៍ប្រេង( KrisEnergy) បានក្ស័យធុន។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍លើកឡើង នៅក្នុងពិធី ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ដល់កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ធ្វើឡើងនៅវិមានសន្តិភាព នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ នេះថា ថ្ងៃ ២៩ ធ្នូ ឆ្នាំ ២០២០ ដែលយើងបានប្រកាសដំណក់ប្រេងលើកដំបូង ប្រហែលបរាជ័យហើយ ដែលក្រុមហ៊ុន( KrisEnergy) គ្រោងបូមប្រេងក្នុងមួយថ្ងៃឲ្យបាន៥៧០០បារ៉ែល តែជាក់ស្តែងក្រុមហ៊ុនមួយនេះ អនុវត្តការបូមប្រេងបានតែ១០០០បារ៉ែល ក្នុងនោះចំពោះប្រេងដែលក្រុមហ៊ុនបានបូមចេញដាក់កប៉ាលរួច ត្រូវបានក្រុមហ៊ុននាចេញទៅបាត់ថែមទៀត។
សម្តេចតេជោបន្តថា “ដោយសារកម្ពុជាមានប្លុកប្រេងច្រើន រាជរដ្ឋាភិបាលកំពុងខិតខំបន្តការរុករកដើម្បីធ្វើអាជីវកម្ម តែសំណាងយើងបានមាស ក្នុងនោះត្រឹមកំឡុង១ខែដំបូងនេះ មាសដែលយើងចម្រាញ់ មានបានរហូតដល់១៣៧គីឡូក្រាម ដែលជាមាសដុល៩០ភាគរយ ដោយកម្ពុជានឹងមានចំណូលមកពីមាសនេះ”។
ជាមួយគ្នានេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា ចំណូលពីរ៉ែមាសនេះ គឺជាប្រភពមូលធនមួយ សម្រាប់ឲ្យរាជរដ្ឋាភិបាល ធ្វើការវិនិយោគទៅលើវិស័យសាធារណៈផងដែរ និងវាជាប្រភពមួយសម្រាប់ជាទិសដៅនៃការចាយមូលធន មកលើចំណាយចន្តរផងដែរ។ ចំណែកក្រុមហ៊ុនប្រេងវិញ អាចជាឱកាសសម្រាប់រាជរដ្ឋាភិបាល នៅក្នុងការវិនិយោគខ្លួនឯង គឺជាក្រុមហ៊ុនរដ្ឋ ដើម្បីជម្រុញឲ្យកាវិនិយោគលើវិស័យប្រេងនេះបានជោគជ័យ ព្រោះវាជាប្រវត្តិសាស្រ្តរបស់កម្ពុជា ដូច្នេះរាជរដ្ឋាភិបាលមិនគួរឲ្យប្រវត្តិសាស្រ្តនេះបរាជ័យទៅវិញទេ។
នាពេលកន្លងមកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសដាក់ឱ្យដំណើរការ នៃការដ្ឋានអាជីវកម្មនិងរោងចក្រចម្រាញ់រ៉ែមាស ជាលក្ខណៈឧស្សាហកម្មលើកដំបូងរបស់កម្ពុជា នៅតំបន់អូខ្វោវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្នុងនោះរោងចក្រចម្រាញ់រ៉ែមាសដំបូងនៅកម្ពុជា ត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីត Renaissance Minerals (Cambodia) Limited របស់ប្រទេសអូ ស្ត្រាលី ក្នុងនោះសម្រាប់ផែនការផលិតកម្ម ក្រុមហ៊ុនអាចផលិតមាសសុទ្ធបានប្រមាណ ៣តោនក្នុង១ឆ្នាំ នឹងផ្តល់ចំណូលដុលជាមធ្យមប្រមាណ១៨៥លានដុល្លារ ក្នុងមួយឆ្នាំ ចំណែកនៅក្នុងចំណោមចំណូលដុលនោះ ចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្សេងៗ ជាមធ្យមប្រមាណ៤០លានដុល្លារក្នុងមួយឆ្នាំផងដែរ៕