ដោយ សុខ សិទ្ធិការ្យ
ភ្នំពេញៈ មជ្ឍមណ្ឌលពាណិជ្ជកម្មកោះពេជ្រ ដែលជាតំបន់សេដ្ឋកិច្ច និងពាណិជ្ជកម្ម ដ៏ធំមួយនៅកម្ពុជា បានបន្តផ្អាកការសាងសង់អាគារពាណិជ្ជកម្មរបស់ខ្លួន ស្របពេលវិបត្តិCovid 19 បានអូសបន្លាយ។
អគ្គនាយករងក្រុមហ៊ុន OCIC លោកទូច សំណាងបានថ្លែងប្រាប់ Property Area Asia នៅថ្ងៃទី ២ ខែសីហា ថា បញ្ជាក់ថាដោយសារ វិបត្តិកូវីត ១៩ នៅតែអូសបន្លាយបានធ្វើអោយគម្រោងអាគារពាណិជ្ជកម្មនៅ Koh pich បានផ្អាកសាងសង់ ។ លោកបន្តថា បើគិតមកដល់ពេលនេះ យើងមិនទាន់មានគម្រោងពាណិជ្ជកម្មធំៗបន្ថែមទៀតទេ ដោយរង់ចាំវិបត្តិ Covid 19 បានផុតរលត់ទៅ។
លោកបន្ថែមទៀតថា “ដូចយើងដឹងស្រាប់ហើយថា ពេលនេះរាល់អាជីវកម្មនានា បានផ្អាកសកម្មភាព។ ប៉ុន្តែយើងអាចឆ្លើយតបរាល់គម្រោងទាំងអស់នោះទេ វាអាស្រ័យទៅម្ចាស់កម្រោងនិមួយៗ”។
ទីក្រុងកោះពេជ្រ ដែលមានផ្ទៃដីជាង១០០ហិកតា បាននិងកំពុងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មធំមួយនៅកណ្តាលរាជធានីភ្នំពេញ ប៉ុន្តែបច្ចុប្បន្នផ្ទៃដីកោះនេះប្រមាណ៥០ភាគរយទើបត្រូវបានប្រើប្រាស់ និង៥០ភាគរយទៀតមិនទាន់បានប្រើប្រាស់នៅឡើយ។
លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានបញ្ចាក់ថា បានគិតជាទិដ្ឋភាពរួម ការអភិវឌ្ឍទីតាំងនៅរាជធានីភ្នំពេញមួយចំនួនបានផ្អាកសកម្មភាព ប៉ុន្តែទីតាំងមួយចំនួនទៀត នៅតែដំណើរការយ៉ាងមមាញឹកដដែលដើម្បីឆ្លើយតបនឹងតំរូវការរបស់អតិថិជនដែលកក់ទុកមុន។
អ្នកជំនាញអចលនទ្រព្យរូបនេះ កត់សំគាល់ថា សម្រាប់នៅឆ្នាំ២០២១នេះ វិស័យនេះ នឹងងើបឡើងវិញជាប្រក្រតីនៅក្នុងរយៈពេល៦ខែទៀត ពោលក្រោយពេលកម្ពុជាមានវ៉ាក់សាំងប្រឆាំងកូវីដ១៩។
បើតាមលោក ទូច សំណាង បានបញ្ជាក់ថា គិតមកដល់បច្ចុប្បនេះ ទីក្រុងកោះពេជ្របានអភិវឌ្ឍផ្ទៃដីប្រមាណ៥០ភាគរយ ចំនែកឯផ្ទៃដីក្រឡាសាងសង់ បានសាងសង់សំណង់ទើបបាន២៥ភាគរយប៉ុណ្ណោះ។ បើតាមផែនការមេរបស់ក្រុមហ៊ុន ទីក្រុងកោះពេជ្រនឹងត្រូវអភិវឌ្ឍជាមជ្ឍមណ្ឌលលំដាប់អន្តរជាតិ ដែលនឹងមានសាងសសង់អាគារខ្ពស់ និងសណ្ឋាគារប្រណិតបន្ថែមទៀត៕