ដោយៈ ប៊ី
ភ្នំពេញៈ អ្នកជំនាញបានលើកឡើងថា សកម្មភាពសាងសង់គម្រោងអចលនទ្រព្យ និងការទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន នៅតែមានដំណើរការទៅមុខជាធម្មតា បើទោះវិបត្តិការឆ្លងរាលដាលកូវីដ១៩ នៅកម្ពុជានៅបន្តអូសបន្លាយពេល។
ប្រធានសមាគមអចលនទ្រព្យសកល លោកសំ សុខនឿនបានថ្លែងប្រាប់នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ថា ការបន្តផ្តល់ឥណទានឱ្យផ្នែកធំៗ លើវិស័យអចលនទ្រព្យនិងសំណង់នេះ បានបង្ហាញថា វិស័យនេះនៅតែបន្តមានរឹងមាំ ទោះស្ថិតក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ១៩ក៏ដោយ ដោយសារគ្រឹះស្ថានហិរញ្ញវត្តុ តែងធ្វើការសិក្សាយ៉ាងលម្អិតទៅលើលំហូរហិរញ្ញវត្ថុរបស់អ្នកស្នើ មុនពេលសម្រេចផ្តល់ឥណទានឱ្យសំណើណាមួយ។
លោកបញ្ជាក់ថា “ខ្ញុំបានមើលឃើញថា សកម្មភាពសាងសង់ ការទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន និងការវិនិយោគ នៅតែមានដំណើរការទៅមុខជាធម្មតា បើទោះវិបត្តិការឆ្លងរាលដាលកូវីដ១៩ នៅកម្ពុជានៅបន្តអូសបន្លាយពេល”។ លោកបានបន្តថា “ភាពល្អប្រសើរនៃវិស័យនេះ នឹងចូលរួមចំណែកគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជា ពិសេសបន្ទាប់ពីស្ថានភាពការឆ្លងរាលដាលកូវីដ ១៩ មានភាពធូរស្រាលឡើងវិញ”។
ជាមួយគ្នានេះ លោកក៏បានលើកឡើងថា បញ្ហាចម្បងដែលអតិថិជនទូទៅនៅកម្ពុជាប្រាថ្នាចង់ទទួលបាន ពីវិស័យធនាគារនាពេលនេះ គឺការទម្លាក់អត្រាការប្រាក់ឱ្យទាបជាងពេលនេះ ខណៈអត្រាការប្រាក់នៅកម្ពុជាត្រូវគេដឹងថាខ្ពស់ បើធៀបនឹងប្រទេសជាច្រើនលើពិភពលោក។
ប្រធានសមាគមអចលនទ្រព្យសកលបានឱ្យដឹងថា នៅឆមាសទី២ ឆ្នាំនេះ សម្ទុះកំណើនវិស័យសំណង់ និងអចលនទ្រព្យនឹងកាន់តែមានភាពល្អប្រសើរ ព្រោះយុទ្ធនាការនៃការចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាល នឹងក្លាយជាកម្លាំងចលករដ៏ចម្បង ក្នុងការជំរុញសកម្មភាពសេដ្ឋកិច្ចកម្ពុជាឱ្យបានសម្ទុះឡើងវិញឆាប់រហ័ស។
ជាមួយគ្នានេះ លោកប៉ូ អ៊ាវគង់អគ្គនាយកក្រុមហ៊ុន Advance Real Estate បានឱ្យដឹងផងដែរថា វិស័យធនាគារបានរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញវិស័យអចលនទ្រព្យ និងសំណង់ ដោយបច្ចុប្បន្ននេះនិន្នាការនៃការប្រើប្រាស់ឥណទាន ពីគ្រឹះស្ថានហិរញ្ញវត្ថុ សម្រាប់ទិញលំនៅដ្ឋានរបស់ប្រជាជនខ្មែរកំពុងកើនឡើងជាលំដាប់។
លោកថ្លែងបន្តថា “អ្នកប្រើប្រាស់ឥណទានធនាគារភាគច្រើន ជាប្រជាជនវ័យក្មេង ដែលទើបរៀបការរួច ហើយចង់មានជីវិតឯកជនពីក្រុមគ្រួសារ”។
លោកលើកឡើងថា ការទិញលំនៅដ្ឋានបច្ចុប្បន្ន អ្នកខ្លះបានជ្រើសយកការបង់រំលស់ តាមរយៈក្រុមហ៊ុនអភិវឌ្ឍន៍ផ្ទាល់ ប៉ុន្តែខ្លះទៀតប្រើប្រាស់ឥណទានរបស់ធនាគារផងដែរ៕