ដោយៈ តារា
ភ្នំពេញៈ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ហៅកាត់ CSX បានសម្រេចឯកភាពឲ្យក្រុមហ៊ុន ជេអេស លែន ភីអិលស៊ី អាចចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ នៅទីផ្សារកំណើនរបស់ក្រុមហ៊ុន ដើម្បីអាចចុះបញ្ជី និងជួញដូរជាផ្លូវការនៅក្រុមហ៊ុនចាប់ពីពេលនេះតទៅ។
នៅក្នុងសេចក្តីជូនដំណឹង អំពីសេចក្តីសម្រេចលើពាក្យស្នើសុំ ពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិរបស់ក្រុមហ៊ុន ជេអេស លែន ភីអ៊ិលស៊ី ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ចុះថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១នេះឲ្យដឹងថា ដើម្បីអាចចុះបញ្ជី និងជួញដូរជាផ្លូវការនៅក្រុមហ៊ុនខាងលើ ត្រូវតែទទួលបានការអនុញ្ញាតឲ្យបោះផ្សាយ ការលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ ពីនិយ័តករមូលបត្រកម្ពុជា និងត្រូវបំពេញនូវលក្ខខណ្ឌផ្សេងៗមួយចំនួនទៀតពាក់ព័ន្ធ នឹងការចុះបញ្ជីនៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា។
ក្រុមហ៊ុន ជេអេស លែនជាក្រុមហ៊ុនទី២ ដែលទទួលបានការឯកភាពជាគោលការណ៍ លើពាក្យស្នើសុំពិនិត្យលទ្ធភាព អាចចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិនៅទីផ្សារកំណើនរបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា។
ក្រុមហ៊ុននេះ មានសក្តានុពលមួយ ដែលមានសកម្មភាពអាជីវកម្មចម្បង គឺអភិវឌ្ឍន៍លើគម្រោងខុនដូ ហើយក្រុមហ៊ុនកំពុងតែដំណើរការសាងសង់ នូវគម្រោងទីពីរដែលស្ថិតនៅខណ្ឌសែនសុខ ជាតំបន់សក្តានុពល និងកំពុងអភិវឌ្ឍមួយក្នុងរាជធានីភ្នំពេញ៕