ដោយៈ ម៉ាណេត
ភ្នំពេញៈ ក្រុមហ៊ុន Alibaba ដែលក្រុមហ៊ុនបច្ចេកវិទ្យា និងពាណិជ្ជកម្មអេឡិចត្រូនិកធំបំផុតរបស់ចិន បានបញ្ជាក់ថា ការសហការជាមួយក្រុមហ៊ុន Best នឹងបម្រើទីផ្សារកាន់តែប្រសើរនៅកម្ពុជា ថៃ និងវៀតណាម បន្ទាប់ក្រុមហ៊ុនយក្សមួយទទួលបានការរីកចម្រើនកាន់តែខ្លាំងនៅក្នុងប្រទេសខ្លួន និងលើពិភពលោក។
ចប្ចុប្បន្នក្រុមហ៊ុនយក្សរបស់ចិនគឺស្ថិតក្នុងដំណាក់កាលថ្មីនៃការពង្រីកវត្តមាននៅលើពិភពលោក ដោយសារនាពេលកន្លងមក ក្រុមហ៊ុន Alibaba ត្រូវបានគេរិះគន់ថាផ្តោតតែលើអាជីវកម្មនៅប្រទេសចិន នៅក្នុងវិធីសាស្រ្តអាជីវកម្មរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយរបស់គេទំព័រ EMarketer នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១
ឥឡូវនេះ ដោយសារការរីកចម្រើនយ៉ាងខ្លាំងនៃក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិក Lazada របស់ខ្លួន នៅអាស៊ីអាគ្នេយ៍ និងក្រុមហ៊ុន AliExpress នៅអឺរ៉ុប ជាពិសេសជាងមួយភាគប្រាំនៃអ្នកទិញរបស់ខ្លួនមានមូលដ្ឋាននៅបរទេស។
លើសពីនេះទៀត នៅក្នុងត្រីមាសមិថុនា “អ្នកប្រើប្រាស់សកម្ម” ទូទាំងពិភពលោកនៅក្នុងប្រព័ន្ធអេកូឡូស៊ីរបស់ក្រុមហ៊ុន Alibaba បានកើនឡើង៤៥លាននាក់ពីត្រីមាសមុន ដល់១,១៨ពាន់លាននាក់ ស្មើនឹង៧៧,២% (៩១២ លាននាក់) ដែលមានមូលដ្ឋាននៅប្រទេសចិន។
គេហទំព័រខាងលើ បានឱ្យដឹងដូច្នេះថា “កំណើននេះបានជំរុញឱ្យក្រុមហ៊ុន Alibaba ធ្វើការវិនិយោគអន្តរជាតិសំខាន់ៗ រួមទាំងភាពជាដៃគូដែលបានប្រកាសនាពេលថ្មីៗនេះរវាងក្រុមហ៊ុន Best ដែលផ្តល់ដំណោះស្រាយខ្សែសង្វាក់ផ្គត់ផ្គង់ដ៏ឆ្លាតវៃ និងអ្នកផ្តល់សេវាកម្មភស្តុភារ និង Cainiao ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធភស្តុភាររបស់Alibaba ។ ភាពជាដៃគូនេះមានគោលបំណងបម្រើទីផ្សារឱ្យកាន់តែប្រសើរនៅកម្ពុជា ថៃ និងវៀតណាម”។
លោក Au Yeong Shong Kwong ប្រធានផ្នែកដឹកជញ្ជូនឆ្លងកាត់ព្រំដែនសិង្ហបុរី និងម៉ាឡេស៊ី នៃក្រុមហ៊ុន Cainiao Network បានឱ្យដឹងថា “ដើម្បីឆ្លើយតបទៅនឹងតម្រូវការនិងតម្រូវការរបស់អ្នកប្រើប្រាស់ យើងបានបង្កើតសេវាកម្មដឹកជញ្ចូនអេឡិចត្រូនិកចិន-អាស៊ីអាគ្នេយ៍ដោយផ្ទាល់ ដែលបង្ហាញពីការផ្តោតជាយុទ្ធសាស្ត្ររបស់យើងនៅក្នុងតំបន់ជាមួយនឹងការបើកដំណើរការចុងក្រោយរបស់យើងចូលទៅក្នុងប្រទេសថៃ វៀតណាម និងកម្ពុជា និងភាពជាដៃគូជាមួយក្រុមហ៊ុន BEST គោលដៅគឺដើម្បីផ្តល់ជូនបទពិសោធន៍អតិថិជនល្អប្រសើរដល់អ្នកប្រើប្រាស់នៅតំបន់អាស៊ីអាគ្នេយ៍”៕