ដោយៈយិន លាងគង់ៈ ស្ថាបនិកនិងជាអគ្គនាយកគេហទំព័រ Propertyarea.asia
ភ្នំពេញៈ ៤៣ឆ្នាំមុន វាជាទីក្រុងខ្មោច ដែលមានមនុស្សប៉ុន្មានម៉ីននាក់ប៉ុណ្ណោះ បានចូលមករស់នៅទីក្រុងនេះ ប៉ុន្តែបច្ចុប្បន្នទីក្រុងនេះ បានរីកទំហំដល់៧០០គីឡូម៉ែត្រការ៉េ ជាមួយនឹងកំនើនប្រជាជនកើនឡើងដល់ប្រមាណ៣លាននាក់។
ជាទីក្រុងដែលមនុស្សជាច្រើន មិនចង់ចូលមករស់នៅបន្ទាប់ពីរបបអាវខ្មៅ ប៉ុន្តែពេលនេះទីក្រុងនេះ ទទួលលំហូរប្រជាពលរដ្ឋចូលមករស់នៅកើនឡើង ប្រមាណ២០ម៉ឺននាក់ជារៀងរាល់ឆ្នាំ និងប្រជាពលរដ្ឋប្រមាណ២០ម៉ឺននាក់ បានចេញចូលមកធ្វើការ មកប្រកបអាជីវកម្មប្រចាំថ្ងៃ។
ដំណើរចាកចេញពីអតីតកាល
ពីមួយឆ្នាំទៅមួយឆ្នាំ ក្រោមការដឹកនាំរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែនជានាយករដ្ឋមន្ត្រី និងការដឹកនាំផ្ទាល់របស់ក្រុមប្រឹក្សា ក៏ដូចគណៈអភិបាលរាជធានីភ្នំពេញ តែងបានខិតខំបំពេញ កសាង និងអភិវឌ្ឍន៏ធ្វើអោយរាជធានីភ្នំពេញ ដែលជាបេះដូងនៃប្រទេសជាតិកាន់តែមានភាពរីកចំរើន និងស៊ីវិល័យជាបន្តបន្ទាប់។
ទន្ទឹមនឹងការរីកចំរើនមិនឈប់ឈរបែបនេះ រាជធានីភ្នំពេញ ក៏បានពង្រីកខ្លួនរហូតមកដល់ឆ្នាំ២០២១នេះ មានកំណើនទ្វេរដងរាប់ទាំងផ្ទៃដី និងចំនួនប្រជាពលរដ្ឋ។
យោងតាមរបាយការណ៍របស់រដ្ឋបាល រាជធានីភ្នំពេញបានឱ្យដឹងថា រាជធានីភ្នំពេញ គឺជារាជធានីមួយក្នុងចំណោមរាជធានី ខេត្ត សរុប ២៥ ជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច ទេសចរណ៍ វប្បធម៍ និងការទូត ដែលមានការអភិវឌ្ឍលើគ្រប់វិស័យ។ រាជធានីភ្នំពេញស្ថិតនៅភាគខាងត្បូង នៃប្រទេសកម្ពុជា ត្រង់ទន្លេចតុមុខ ជាចំណុចប្រសព្វរវាង ទន្លេមេគង្គលើ ទន្លេមេគង្គក្រោម ទន្លេសាប និងទន្លេបាសាក់ ដែលមានព្រំប្រទល់ខាងលិចទល់នឹងស្រុកអង្គស្នួល ខាងកើតទល់នឹង ស្រុកគៀនស្វាយ ខាងជើងទល់នឹងស្រុកមុខកំពូល ខាងត្បូងទល់នឹងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
រយៈពេល២៣ឆ្នាំពង្រីករហូតដល់៨លើក
ឆ្លើយតបនឹងកំនើននគររូបនីយកម្ម កំនើនប្រជាពលរដ្ឋ កំនើននៃផែនការប្រជាសាស្រ្ត និងផែនការពង្រីកទីក្រុងកាន់តែមានទំហំធំ ដើម្បីពង្រីកសក្តានុពលរាជធានីរបស់ខ្លួន ភ្នំពេញបានពង្រីផ្ទៃដី និងមូលដ្ឋានខ័ណ្ឌ សង្កាត់យ៉ាងលឿនស្ទើរមិនគួរឲ្យជឿ។
នៅក្នុងឆ្នាំ២០០៦ រាជធានីភ្នំពេញមានផ្ទៃដីសរុប៣៧៥ គីឡូម៉ែត្រការ៉េ មានខណ្ឌចំនួន៧ សង្កាត់ចំនួន៧៦ ប្រជាពលរដ្ឋសរុបចំនួន១.០៥០.៦១៦នាក់។
នៅឆ្នាំ២០០៩រាជធានីភ្នំពេញ បានពង្រីកបន្ថែម ដែលកាត់ទាំងដី និងប្រជាពល រដ្ឋពីខេត្តកណ្តាល គឺមានផ្ទៃដីសរុប៣៧៧,៤៦ គីឡូម៉ែត្រការ៉េ ចំនួនខណ្ឌ៨ ចំនួនសង្កាត់៧៦ ចំនួនប្រជាពលរដ្ឋសរុប១.៣២៧.៦១៦នាក់។
នៅឆ្នាំ២០១២រាជធានីភ្នំពេញ បានពង្រីកបន្ថែមដែលមានផ្ទៃដីសរុប៦៧៨,៤៦ គីឡូម៉ែត្រការ៉េ ចំនួនខណ្ឌ៩ ចំនួនសង្កាត់៩៦ ចំនួនប្រជាពលរដ្ឋសរុប១.៥០១.៧២៥នាក់។
នៅឆ្នាំ២០១៧រាជធានីភ្នំពេញ បានពង្រីកបន្ថែមដែលមានផ្ទៃដីសរុប៦៩២,៤៦ គីឡូម៉ែត្រការ៉េ ខណ្ឌកើនដល់ចំនួន១២ មានចំនួនសង្កាត់១០៥ ចំនួនប្រជាពលរដ្ឋសរុប១.៤៦១.៨៥៣នាក់។
នៅឆ្នាំ២០១៩ រាជធានីភ្នំពេញមានផ្ទៃដីសរុប៦៩២,៤៦ គីឡូម៉ែត្រការ៉េ ចំនួនខណ្ឌ១៤ ចំនួនសង្កាត់១០៥ ចំនួនប្រជាពលរដ្ឋសរុប២.១២៩.៣៧១នាក់ ដែលជាឆ្នាំបំបែកខណ្ឌ។
ឆ្នាំ២០១៩កន្លងមកនេះ រាជធានីភ្នំពេញមាន ផ្ទៃដីសរុប៦៩២,៤៦ គីឡូម៉ែត្រការ៉េ ចំនួនខណ្ឌ១៤ ចំនួនសង្កាត់១០៥ ចំនួនភូមិ១០៥ ចំនួនគ្រួសារ៣៩៩.២០៣ ចំនួនប្រជាពលរដ្ឋសរុប២.១២៩.៣៧១នាក់ ចំនួនស្រី្តសរុប១.០៩០.១៧៩នាក់។ នេះជារបាយការ ណ៍ជំរឿនឆ្នាំ២០១៩។
នៅឆ្នាំ២០២០រាជធានីភ្នំពេញ មានផ្ទៃដីសរុប៦៩២,៤៦គីឡូម៉ែត្រការ៉េ មានខណ្ឌចំនួន១៤ ចំនួនសង្កាត់១០៥ ចំនួនគ្រួសារ៣៩៩.២០៣ ចំនួនប្រជាពលរដ្ឋសរុប២.២៨១.៩៥១នាក់។
នៅឆ្នាំ២០២១នេះ រាជធានីភ្នំពេញ អាចមានកំណើនផ្ទៃដីដល់ទៅ ៦៩៥,៤៦ គីឡូម៉ែត្រការ៉េ ចំណែកប្រជាពលរដ្ឋ ក៏មានការកើនឡើងទៅតាមនោះដែរ។
របួសផ្លុវចិត្តត្រូវព្យាបាលដោយសុខសន្តិភាព
ពីសម្លេងហ៊ោរកញ្ចៀវ បន្ទាប់មកក្លាយជាស្ទឹងទឹកភ្នែក ថ្លុកឈាម។ ធ្លាប់ជាទីក្រុងដែលគ្មានទឹកស្អាត គ្មានអគ្គិសនី គ្មានរថយន្តទំនើបលើដងផ្លូវ និងមានតែម៉ូតូ និងកង់មួយៗសម្រាប់ធ្វើដំណើរ។ ប្រជាជនមានទឹកមុខស្លោកស្រពោន បាក់ស្បាត កែវភ្នែកល្អក់កករ ពោរពេញដោយទុក្ខសោក ភាពបាក់ស្បាតរបស់ប្រជាពលរដ្ឋ ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញពេលនេះ បានបំភ្លេចអតីតកាលហើយ។
របូសផ្លូវចិត្ត ត្រូវបានព្យាបាលដោយសុខសន្តិភាព របួសផ្លូវចិត្តត្រូវបានព្យាបាលដោយស្នាមញញឹម និងការលើកទឹកចិត្តពីរដ្ឋាភិបាល ដែលបាននិងកំពុងគិតគូយ៉ាងខ្លាំងដល់ការរក្សាបាននូវសុខសន្តិភាព នូវការអភិវឌ្ឍ និងទាក់ទាញលំហូរទុនវិនិយោគពីបរទេសឲ្យបានកាន់តែច្រើន ដើម្បីសម្រេចចក្ខុវស័យរបស់ប្រមុខរដ្ឋាភិបាល ក្នុងការរុញប្រទេសទៅកាន់ប្រទេសមានប្រាក់ចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។
ទីក្រុងដែលវិនិយោគិនអន្តរជាតិមិនអាចមើលរំលងបាន
បំភ្លេចចោលចុះ រឿងអាគារចាស់ទ្រុឌទ្រោម និងគ្មានទឹកស្អាត និងអគ្គិសនី ប៉ុន្តែពេលនេះ យើងទាំងអស់គ្នាគួរតែទះដៃអបអរសាទរ ជាមួយនឹងសមិទ្ឋផលជាច្រើន ពិសេសវត្តមានមជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់អន្តរជាតិជាច្រើន បានបង្ហាញរួបរាង និងត្រៀមបង្ហាញរូបរាងនាពេលអនាគត។
ជាមួយនឹងការវិវត្តនទទៅមុខឥតឈប់ឈរ រាជធានីនេះបានក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម លំដាប់អន្តរជាតិបណ្តើរៗហើយ ដោយសារវត្តមានវិនិយោគិនអន្តរជាតិ (ពិសេសវិនិយោគិនចិន) និងអ្នកវិនិយោគបរទេសដទៃទៀត បាននិងកំពុងស្វះស្វែង និងបង្កើតនូវឱកាស ដើម្បីទាញផលចំណេញពីការវិនិយោគរបស់ពួកគេ។
ទីក្រុងនេះ ដែលកាលពី៤៣ឆ្នាំមុន គ្មានអាគារកំពស់លើសពី១០ជាន់ បច្ចុប្បន្នរាជធានីនេះ មានអាគារកប់ពពកជាច្រើន ដែលបាននិងកំពុងសាងសង់ និងបញ្ចប់ការសាងសង់ ដោយគិតរហូតមកទល់ពេលនេះ សំណង់អាគារកំពស់ពី៥ជាន់ដល់៦០ជាន់មានប្រមាណ២០០០អាគាររួចហើយ។
សមិទ្ឋផលធំធេង មិនអាចកាត់ថ្លៃបាននេះ មិនអាចកើតឡើងដោយចៃដន្យឡើយ ប៉ុន្តែវាកើតឡើងដោយសារការដឹកនាំដ៏វាងវៃ និងប៉ិនប្រសព្វបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលមានផែនការ ចក្ខុវិស័យ ដោយបានដាក់ចេញនូវគោលនយោបាយ ច្បាប់បទដ្ឋានគតិយុត្តិនានា ដើម្បីលើកទឹកចិត្តផង ទាក់ទាញការវិនិយោគពីបរទេសផង តាមរយៈការធ្វើឲ្យប្រសើរឡើងនូវបរិយាកាសវិនិយោគនៅកម្ពុជា។
លិខិតបទដ្ឋានគតិយុត្តិ
គ្មានវិនិយោគិន មកពីប្រទេសជាមួយចូលមកកម្ពុជា ឬប្រទេសដទៃទៀត ព្រោះតែមិត្តភាព និងទំនាក់ទំនងល្អរវាងមេដឹកនាំរបស់ប្រទេស និងប្រទេសនោះទេ ប៉ុន្តែការរៀបចំគោលនយោបាយច្បាស់លាស់ ច្បាប់បទដ្ឋានគតិយុត្តិគ្រប់គ្រាន់ បានធ្វើឲ្យកម្ពុជាទាក់ទាញលំហូរទុនវិនិយោគ ទំហំរាប់ពាន់លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ។
កត្តាទាំងអស់នេះហើយ ទើបសេដ្ឋកិច្ចកម្ពុជាសម្រេចបានកំនើនជាមធ្យមជាង៧ភាគរយ ក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ(លើកលែងអំឡុងវិបត្តិកូវីដ១៩)។ ជាលទ្ឋផលបានធ្វើឲ្យកម្ពុជា ក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប នៅឆ្នាំ២០១៥ (ការចាត់ចំណាត់ថ្នាក់របស់ធនាគារពិភពលោក) ហើយកម្ពុជាត្រូវបានធនាគារអភិវឌ្ឍន៍អាស៊ីប្រសិទ្ឋនាមឈ្មោះថ្មី “កម្ពុជា ខ្លាសេដ្ឋកិច្ចថ្មីនៅអាស៊ី”។
វត្តមានខុនដូកប់ពពកជាច្រើន បានកើតចេពីច្បាប់សហកម្មសិទ្ឋ ដែលរាជរដ្ឋាភិបាលបានអនុម័តនៅឆ្នាំ២០១០។
ច្បាប់ដ៏សំខាន់ និងបានធ្វើឡើងប្រកបដោយភាពប្រាកដនិយម នៃគោលនយោបាយជាតិ ដើម្បីលើកកំពស់សេដ្ឋកិច្ច បានធ្វើឲ្យកម្ពុជាទាក់ទាញលំហូរទុនវិនិយោគរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ដោយសារមួយផ្នែកគឺការទាញបានផលប្រយោជន៍ ពីច្បាប់នេះ ដែលអនុញ្ញាត្តឲ្យជនបរទេស អាចទិញផ្ទះបានពីជាន់ទី១ឡើងទៅនៅកម្ពុជា ពិសេសលើអាគារសហកម្មសិទ្ឋឬខុនដូ។
ទីតាំងប្រៀបដូចជាអេប៉ុងមិនទាន់ជ្រាបទឹកពេញ
អ្នកវិនិយោគអន្តរជាតិជាច្រើន បានប្រៀបប្រដូចកម្ពុជា ពិសេសរាជធានីភ្នំពេញប្រៀបដូចជា អេប៉ុងស្នោ ដែលមិនទាន់ជ្រាបទឹកពេញ។
មានន័យថាទីក្រុងនេះ នៅមិនទាន់ឆ្អែកក្នុងការវិនិយោគនៅឡើយ ជាក់ស្តែង វត្តមានហាងអាហារល្បីៗ ក្រុមហ៊ុនអន្តរជាតិល្បីៗ ជាច្រើនពីជុំវិញពិភពលោក បានចូលខ្លួនមកកាន់កម្ពុជា ទោះបីប្រទេសនេះ និងពិភពលោកកំពុងជាប់ផុងក្នុងវិបត្តិជំងឺកូវីដក្តី។
រាជធានីនេះនៅតែស្វាគមន៍ និងត្រៀមស្វាគមន៍នូវលំហូរទុនវិនិយោគរាប់ពាន់លានដុល្លារអាមេរិកបន្ថែមទៀត បើទោះជាវិស័យអចលនទ្រព្យ បានទាក់ទាញលំហូរទុនរហូតដល់៦០ពាន់លានដុល្លារអាមេរិករួចហើយក៏ដោយ ក៏ប្រទេសនេះនៅតែទទួលផលចំណេញខ្ពស់ពីការវិនិយោគដដែល ធៀបជាមួយបណ្តាប្រទេសក្នុងតំបន់។
ហេតុអ្វីកម្ពុជា នៅតែទទួលផលចំណេញខ្ពស់ពីការវិនិយោគ? យើងនឹងវិភាគជូននៅអត្ថបទបន្តបន្ទាប់ទៀតនាពេលឆាប់ៗខាងមុខនេះ៕