តើការចាក់វ៉ាក់សាំងដូសទី៣នឹងធ្វើឲ្យសុខភាពរាងកាយរបស់អ្នកវិវត្តន៍យ៉ាងដូចម្តេច?

0

ដោយៈគង់ ម៉ាលីន

ភ្នំពេញៈ ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលកម្ពុជា បានជំរុញឱ្យពលរដ្ឋដែលប្រឈមហានិភ័យខ្លាំងឬមន្ត្រីជួរមុខ ទទួលចាក់វ៉ាក់សាំងបន្ថែម១ដូសទៀត ដើម្បីបង្កើនប្រសិទ្ធភាពការពារកាន់តែប្រសើរ ទៅនឹងការឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩គ្រប់ប្រភេទ។

ការចាក់វ៉ាក់សាំងដូសទី៣ ជាតម្រូវការចាំបាច់ដើម្បីធានាភាពស៊ាំឱ្យបន្តកើតមានបានយូរ។ លើសពីនេះដោយសារភាពស៊ាំពីការចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន២ដូសទំនងមានរយៈពេលតែ៣ ទៅ៦ខែប៉ុណ្ណោះ ប៉ុន្តែយ៉ាងណាមិនទាន់មានការសិក្សាច្បាស់លាស់​នៅឡើយ។

តើការចាក់វ៉ាក់សាំងដូសទី៣ មានប្រសិទ្ធភាព និងធ្វើឲ្យរាងកាយមានការវិវត្តបែបណា?

យោងតាមប្រភពពីសារព័ត៌មាន CNN ការចាក់វ៉ាក់សាំងដូសទី៣ របស់ក្រុមហ៊ុន Pfizer អាចជួយខ្លួនប្រាណឱ្យស៊ាំជាមួយវីរុសកូវីដ-១៩ ជាពិសេសវាអាចប្រឆាំងនឹងវីរុសបំប្លែងខ្លួនបានខ្លាំងក្លាជាងមុន និងដើម្បីចៀសងវាងកុំឱ្យធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ​ ឬបង្ការហានិភ័យស្លាប់។

ចំណកប្រភពពី NHK បានឱ្យដឹងថា វ៉ាក់សាំងModerna ដូសទី៣ របស់សហរដ្ឋអាមេរិក ធ្វើឲ្យមាន​អង់ទីគ័រប្រឆាំងនឹងមេរោគឡើងខ្ពស់ និងអាចការពារវីរុសបំប្លែងខ្លួន Delta ថែមទៀត។

រីឯការស្រាវជ្រាវថ្មីមួយដែលចុះផ្សាយដោយ Global Times ការចាក់វ៉ាក់សាំង Sinovac ដូសទី៣ បន្ទាប់ពីចាក់ដូសទី២បាន៦ខែឬច្រើនជាងនេះ អាចនាំឲ្យមានការកើនឡើងនូវកម្រិតអង់ទីគ័រ និងនាំឲ្យមានការឆ្លើយតបយ៉ាងខ្លាំង នៃប្រព័ន្ធភាពស៊ាំចំពោះការវាយលុកពីវីរុស។

ចំពោះវ៉ាក់សាំង AstraZeneca ដែលកម្ពុជាកំពុងប្រើប្រាស់ជាដូសជំរុញនាពេលនេះវិញ ក៏ត្រូវបានអ្នកជំនាញអះអាងថា ​មាន​ប្រសិទ្ធភាពខ្ពស់​នៅ​ពេល​ចាក់​បន្ថែម​ដូស​ទី​៣។

យោងតាមការ​សិក្សា​របស់​សកល​វិទ្យាល័យ Oxford ​បាន​រក​ឃើញ​ថា ការ​ចាក់​វ៉ាក់សាំង​ប្រភេទ​នេះ​ដូស​ទី​៣​​ក្នុង​រយៈ​ពេល​​៦​ខែ បន្ទាប់​ពី​ចាក់​ដូស​ទី​២​រួច ​​​អាច​ផលិត​​អង់ទីគ័រ​គួរ​ឲ្យ​កត់​សម្គាល់។ វាជួយឱ្យប្រព័ន្ធការពារខ្លួនបង្កើត​អង់ទីគ័រខ្ពស់ និងកោសិកាប្រឆាំងនឹងមេរោគផ្សេងៗទៀត ដែលជួយការពារខ្លួនប្រាណក្នុងគ្រាដែលអ្នកឆ្លងមេរោគ។

លើសពីនេះវ៉ាក់សាំង AstraZeneca នឹងជំរុញឲ្យសរីរាង្គកាន់តែរឹងមាំជាងមុន អាចវាយបកប្រឆាំងនឹងមេរោគកូវីដ-១៩ បានខ្លាំងជាងមុន ​ព្រមទាំងមានសមត្ថភាពខ្ពស់ប្រឆាំងវីរុសបំប្លែងខ្លួន ​Delta ផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here