ដំណឹងល្អៈវ៉ាក់សាំងSinovacចំនួន៣លានដូសបន្ថែមទៀតបានមកដល់កម្ពុជា

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុនស៊ីណូវ៉ាក់ចំនួន៣លានដូសបន្ថែមទៀត ដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានដឹកពីប្រទេសចិន មកដល់កម្ពុជា វេលាម៉ោង១០,២០នាទី ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ។

-->

រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្តិ មានមានប្រសាសន៍៍ឲ្យដឹងនាព្រឹកថ្ងៃទី១២ សីហានេះថា វ៉ាក់សាំងនេះ នឹងរួមចំណែកជួយឱ្យរាជរដ្ឋាភិបាល សម្រេចនូវផែនការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋវ័យចាប់ពី១៨ឆ្នាំឡើង ក៏ដូចជាកុមារ និងយុវវ័យអាយុចាប់ពី១២ឆ្នាំ ទៅក្រោម១៨ឆ្នាំ។

រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខនោះ បានដាក់ចេញផែនការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ជាផែនការយុទ្ធសាស្ត្រមួយ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ។រាជរដ្ឋាភិបាលកម្ពុជា បានស្វះស្វែងគ្រប់លទ្ធភាព ក្នុងការរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ។

មកដល់ពេលពេលបច្ចុប្បន្ននេះ កម្ពុជារកបានវ៉ាក់សាំងប្រមាណ២០លានដូសរួចហើយ។ ក្នុងនោះមានទាំងការផ្តល់ជំនួយ និងការបញ្ជាទិញ។

តាមរយៈវ៉ាក់សាំងទាំងនេះ បានជួយឱ្យកម្ពុជាចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋអាយុចាប់ពី១៨ឆ្នាំឡើង បានចំនួនជាង៨លាននាក់ហើយ។ ដោយឡែកកុមារ និងយុវវ័យអាយុចាប់ពី១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ បានចំនួនជាង៣៥ម៉ឺននាក់ផងដែរ។

កម្ពុជាមិនត្រឹមតែជាប្រទេសដែលឈានមុខ នៅក្នុងតំបន់លើការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋពេញវ័យ និងមនុស្សវ័យក្មេងប៉ុណ្ណោះទេ។ ពេលនេះកម្ពុជា បានបោះជំហានទៅចាក់វ៉ាក់សាំងដូសទី៣ ជូនអ្នកប្រតិបត្តិការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅជួរមុខ ក៏ដូចជាជនអាទិភាពតាមក្រសួងស្ថាប័ននានាផងដែរ៕