ដោយៈលាងហេន
ភ្នំពេញៈ អាជីវកម្មអភិវឌ្ឍន៍លើវិស័យអចលនទ្រព្យ ស្ថិតនៅក្នុងបទដ្ឋានគតិយុត្តិមួយចំនួន ដែលអ្នកវិនិយោគឬអ្នកអភិវឌ្ឍន៍គួរសិក្សាស្វែងយល់។
លិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍអចលនវត្ថុនៅកម្ពុជា
ជាទូទៅរាល់ការធ្វើអាជីវកម្មអភិវឌ្ឍលើវិស័យអចលនវត្ថុ ដូចជា លំនៅឋាន ខុនដូ ដីឡូត៍ អគារការិយាល័យ និងអគារផ្សារ ក្នុងគោលបំណងសម្រាប់ លក់ ឬជួលរយៈពេលវែង(ការជួលដី ឬអគារចាប់ពីរយៈពេល ១៥ ឆ្នាំឡើងទៅ) ត្រូវមានអាជ្ញាបណ្ណពីក្រសួង ឬលិខិតអនុញ្ញាតអាជីវកម្មពីមន្ទីរជាមុនសិន។
យោងតាមប្រកាសលេខ ០៨៩ សហវ.ប្រក ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ នៅក្នុងព្រះរាជាណាចក្រកម្ពុជាបានឲ្យដឹងថាអាជីវកម្មទាំងអស់នេះ គឺជាអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ដែលត្រូវបានបែងចែកជា៣ប្រភេទ ដូចជា ទី១ អាជីវកម្មនៃការអភិវឌ្ឍលំនៅឋាន ដែលសាងសង់ផ្ទះល្វែង និងភូមិគ្រឹះ សម្រាប់លក់។ ទី២ អាជីវកម្មអភិវឌ្ឍអគារសហកម្មសិទ្ធិ គឺសំដៅដល់ការធ្វើអាជីវកម្មលើអគារ ឬសំណង់ដូចជា ខុនដូ អគារការិយាល័យ និងអគារផ្សារជាដើម ដែលមានម្ចាស់ច្រើននាក់រស់នៅ ឬអាស្រ័យផល និងទី៣ អាជីវកម្មអភិវឌ្ឍដីឡូត៍ សម្រាប់ពុះលក់ ឬជួលក្នុងរយៈពេលវែង។
ចំណែកឯ អ្នកអភិវឌ្ឍអចលនវត្ថុ មានពីរប្រភេទគឺ អ្នកអភិវឌ្ឍអចលនវត្ថុជារូបវន្តបុគ្គល និងអ្នកអភិវឌ្ឍអចលនវត្ថុជានីតិបុគ្គល។ អ្នកអភិវឌ្ឍអចលនវត្ថុជារូបវន្តបុគ្គល ជាបុគ្គល ដែលធ្វើអាជីវកម្មលើអចលនវត្ថុ មិនអចិន្ត្រៃយ៍ទេ។ ចំណែកឯ អ្នកអភិវឌ្ឍអចលនវត្ថុជានីតិបុគ្គល ជាក្រុមមនុស្ស ឬក្រុមហ៊ុន ឬភ្នាក់ងារអចលនទ្រព្យណាមួយ ធ្វើអាជីវកម្ម (ជួល ឬលក់) អចលនវត្ថុណាមួយខាងលើ ក្នុងរយៈពេលវែង។
រាល់ការធ្វើអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ក្នុងគោលបំណងសម្រាប់លក់ ឬជួលរយៈពេលវែង ត្រូវមានអាជ្ញាបណ្ណពីក្រសួង ឬលិខិតអនុញ្ញាតអាជីវកម្មពីមន្ទីរជាមុនសិន។ បុគ្គល ឬក្រុមហ៊ុនណា ដែលមានបំណងចង់បើកអាជីវកម្មអភិវឌ្ឍលំនៅឋាន ឬអគារសហកម្មសិទ្ធិ ដែលមានទំហំលើសពី៤ ទៅ៣០ល្វែង ឬចាប់ពី៣ ទៅ៣០ភូមិគ្រឹះ ឬចាប់ពី៤ ទៅ ៣០ យូនីត ឬសម្រាប់អាជីវកម្មអភិវឌ្ឍដីឡូត៍ ដែលមានទំហំក្រោម១០,០០០ ម៉ែត្រការ៉េ (មួយហិកតា) ត្រូវមានលិខិតអនុញ្ញាតអាជីវកម្មពីមន្ទីរសាមីជាមុនសិន។
ប៉ុន្តែបើទំហំសំណង់លើសពី៣០ល្វែង ឬ៣០ភូមិគ្រឹះ ឬលើសពី៣០យូនីត ឬអាជីវកម្មអភិវឌ្ឍដីឡូត៍ដែលលើសពី ១០,០០០ម៉ែត្រការ៉េ(មួយហិចតា) ឡើងទៅ ត្រូវស្នើសុំអាជ្ញាបណ្ណអាជីវកម្មអភិវឌ្ឍពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាមុន។
អាជ្ញាបណ្ណអាជីវកម្មអភិវឌ្ឍលំនៅឋាន និងអគារសហកម្មសិទ្ធិ ចែកចេញជា២ ប្រភេទដូចជា ទី១ អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតប្រភេទ១ សម្រាប់ផ្តល់ជូនបុគ្គល ឬអ្នកអភិវឌ្ឍណា ដែលសាងសង់គម្រោងចប់ជាស្ថាពរទើបប្រកាសលក់។ ទី២ អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតប្រភេទ២. ផ្តល់ជូនបុគ្គល ឬអ្នកអភិវឌ្ឍណា ដែលសាងសង់គម្រោងប ណ្តើរ និងប្រកាសលក់បណ្តើរ។
អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មមួយ ផ្តល់ជូនសម្រាប់ទីតាំងអភិវឌ្ឍតែមួយកន្លែងប៉ុណ្ណោះ។ ក្នុងករណីដែលគម្រោងអភិវឌ្ឍលំនៅឋាន ឬអគារសហកម្មសិទ្ធិតែមួយ ហើយបែងចែកជាច្រើនដំណាក់កាល អាជ្ញាបណ្ណត្រូវបានផ្តល់សម្រាប់ដំណាក់កាលនីមួយៗនៃគម្រោងអភិវឌ្ឍនោះ។ ដូច្នេះហើយ តម្លៃអាជ្ញាបណ្ណ និងលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍ អចលនវត្ថុ ត្រូវតែកំណត់ ដោយអាស្រ័យទៅតាមប្រភេទ និងទំហំនៃការអភិវឌ្ឍអចលនវត្ថុនោះ។
ដូចនេះ អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ពិតជាមានសារៈសំខាន់ក្នុងការធានានូវភាពស្មើគ្នា នៃផលប្រយោជន៍ រវាងអ្នកអភិវឌ្ឍ និងអ្នកប្រើប្រាស់ ធានាចីរភាព នៃការអភិវឌ្ឍវិស័យអចលនវត្ថុ បង្កើនជំនឿទុកចិត្ត ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ បង្ការទប់ស្កាត់ហានិភ័យហិរញ្ញវត្ថុ ក្នុងវិស័យអចលនវត្ថុ ព្រមទាំងរួមចំណែកទប់ស្កាត់សកម្មភាពលាងសម្អាតប្រាក់ ក្នុងវិស័យអាជីវកម្មអភិវឌ្ឍអចលនវត្ថុផងដែរ៕