ដោយៈតារា
កំពតៈ ប្រជាពលរដ្ឋរស់នៅក្នុងរដ្ឋបាលក្រុងបូកគោ បានបង្ហាញក្តីសប្បាយរីករាយ ក្រោយពេលបានទទួលដំណឹងស្តីពី ការដាក់ឲ្យដំណើរការរដ្ឋបាលក្រុងបូកគោជាផ្លូវការកាលពីថ្ងៃទី១២ ខែសីហាកន្លងមកនេះ ។
ពួគគាត់ជឿជាក់ថា ភូមិដ្ឋានរបស់គាត់ នឹងមានការអភិវឌ្ឍន៍លឿនជាងមុន ហើយការងាររកស៊ីទទួលទាន និងការទទួលសេវាផ្សេងៗពីរដ្ឋ កាន់តែងាយស្រួល និងប្រសើរជាងមុនដែរ។
អាជីវករលក់ដូរគ្រឿងអលង្ការ និងសម្លៀកបំពាក់នៅផ្សារត្រពាំងរពៅ ក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ លោកស្រី ច្រិបបានឲ្យដឹងនាព្រឹកថ្ងៃទី១៧ សីហានេះថា គ្រាន់តែបានឭដំណឹងថា រដ្ឋបាលក្រុងបូកគោ ត្រូវបានប្រកាសដាក់ឲ្យដំណើរការ លោកស្រីមានសេចក្តីត្រេកអរ សប្បាយចិត្តណាស់ ព្រោះពេលភូមិដ្ឋានរបស់ខ្លួន ត្រូវបានកាត់បញ្ចូលជាក្រុង អ្នកវិនិយោគប្រាកដជាមកច្រើនជាងមុន ទាំងវិស័យទេសចរណ៍ និងក្រុមហ៊ុនឧស្សាហកម្មផ្សេងៗ ធ្វើឲ្យមនុស្សមកច្រើន ការលក់ដូរដាច់ ជីវភាពក៏ប្រសើរជាងមុន។
ម្យ៉ាងទៀតកន្លែងទទួលសេវាផ្សេងៗពីរដ្ឋ ក៏នៅជិតផ្ទះ មិនពិបាកធ្វើដំណើរទៅឆ្ងាយដូចមុនឡើយ។
លើកឡើងស្រដៀងគ្នានេះ លោក ស្រីឈុន ផេងណាយ រស់នៅសង្កាត់ព្រែកត្នោត ក្រុងបូកគោ បានប្រាប់ឲ្យដឹងដែរថា គ្រាន់តែខេត្តប្រកាសដាក់ឲ្យដំណើរការក្រុងបូកគោភ្លាម ក្រុមហ៊ុនវិនិយោគជាច្រើនបានចាប់ផ្តើមដាក់គ្រឿងចក្រ ដំណើរការសាងសង់ទីស្នាក់ការក្រុមហ៊ុនខ្លួន នៅខាងមុខផ្ទះក៏មាន ក្រោយផ្ទះក៏មាន។
ពលរដ្ឋទាំងនោះជឿជាក់ថា ក្នុងពេលដ៏ខ្លីខាងមុខនេះ ភូមិដ្ឋានរបស់ពួកគេ ក៏ដូចជាក្រុងបូកគោទាំងមូល និងមានការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យ មិនចាញ់ក្រុងកំពតឡើយ។
ក្រុងបូកគោមានបីសង្កាត់ ក្នុងនោះសង្កាត់បឹងទូក មាន៣ភូមិ, សង្កាត់កោះតូច មាន៤ភូមិ និងសង្កាត់ព្រែកត្នោត មានភូមិចំនួន៤ មានប្រជាជន៥.០២៤គ្រួសារ ស្មើនឹង ២៣.៣១៦នាក់។
អគ្គនាយកក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូត៍បូកគោលែនដ៏ លោកCoolor Tanបានមានប្រសាសន៍ថា ទីក្រុងបូកគោនឹងមានការរីកចម្រើនលឿន ដោយសារវាជាទីក្រុងដែលមានទស្សនទានអភិវឌ្ឍន៍ជាទីក្រុងបៃតង ដែលផ្តល់ការគាំពារដល់បរិស្ថាន ពិសេសទីក្រុងនេះបានទាក់ទាញអ្នកអភិវឌ្ឍន៍ជាច្រើនរួចមកហើយ និងកំពុងបន្ត ដើម្បីអភិវឌ្ឍន៍នៅទីក្រុងនេះស្របតាមផែនការនិងចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាល។
លោកបន្តថា “ដោយសារទីតាំងមានភាពអំណោយផល លើលក្ខខ័ណ្ឌអាកាសធាតុ សណ្ឋានដី និងទេសភាពព្រៃភ្នំ តម្លៃដីធ្លីនៅទីក្រុងបូកគោ នឹងកើនឡើងលឿននាពេលខាងមុខ”៕