ក្រុមហ៊ុនLG Display គ្រោងបោះទុន២,៨ពាន់លានដុល្លារអាមេរិកដើម្បីសាងសង់រោងចក្រផលិតអេក្រង់ទូរស័ព្ទ និងទូរទស្សន៍

0

ដោយៈសុខុម

សេអ៊ូល: ក្រុមហ៊ុន LG Display Co Ltd បានប្រកាសនៅថ្ងៃអង្គារ ទី១៧ សីហា នេះថា ខ្លួនមានគម្រោងបោះទុនវិនិយោគចំនួន៣.៣ទ្រីលានវ៉ុន (២.៨ពាន់លានដុល្លារអាមេរិក) ដើម្បីសាងសង់រោងចក្រផលិតទូរស័ព្ទ និងទូរទស្សន៍។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានCNA ឱ្យដឹងថា ក្រុមហ៊ុនផលិតអេក្រង់ទូរស័ព្ទ និងទូរទស្សន៍របស់កូរ៉េខាងត្បូង មួយនេះបាននិយាយថា ការវិនិយោគនេះនឹងធ្វើឡើងចាប់ពីខែសីហា ឆ្នាំ២០២១ នេះរហូតដល់ខែមីនា ឆ្នាំ២០២៤។

អ្នកនាំពាក្យក្រុមហ៊ុននេះបានគូសបញ្ជាក់ថា ការវិនិយោគនេះ នឹងធ្វើឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូង សម្រាប់ការផលិតអេក្រង់ OLED ជំនាន់ទី៦ ហើយតាមការរំពឹងទុករោងចក្រនេះ នឹងចាប់ផ្តើមដំណើរការនៅឆ្នាំ២០២៤។ ទោះជាយ៉ាងណា អ្នកនាំពាក្យដដែលមិនបានបញ្ជាក់លម្អិតបន្ថែមទៀតនោះទេ។

ក្រុមអ្នកវិភាគបានលើកឡើងថា យុទ្ធសាស្រ្តរបស់ក្រុមហ៊ុន LG Display នៅក្នុងការពង្រីកការផលិតអេក្រង់ OLED បានធ្វើឱ្យខ្លួនទទួលបានប្រាក់ចំណេញ ប្រតិបត្តិការប្រសើរជាងការរំពឹងទុកនៅក្នុងត្រីមាសទី២ ដល់៧០១ពាន់លានវ៉ុន (៦០៧លានដុល្លារអាមេរិក)។

អេក្រង់ OLED ជាប្រភេទអេក្រង់ ដែលផ្ដល់គុណភាពរូបភាពច្បាស់ល្អ ម៉ត់ និងត្រជាក់ភ្នែក ហើយមានតែទូរទស្សន៍ស៊េរីថ្មីៗ របស់ក្រុមហ៊ុន LG និងក្រុមហ៊ុន Sony ប៉ុណ្ណោះដែលបំពាក់អេក្រង់ OLED៕

LEAVE A REPLY

Please enter your comment!
Please enter your name here