ដោយៈគង់ សូរិយា
ភ្នំពេញៈ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំសិក្ខាសាលាគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ខេត្ត ដើម្បីពិនិត្យ និងអនុលោមភាពលើសេចក្ដីព្រាងផែនការប្រើប្រស់ដី នៅក្នុងឃុំគោលដៅចំនួន៣០នៅក្នុងមូលដ្ឋានខេត្ត។
លោកងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញចូលរួមសិក្ខាសាលាគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ខេត្ត ដើម្បីពិនិត្យ និងអនុលោមភាពលើសេចក្ដីព្រាងផែនការ ប្រើប្រស់ដីនៅក្នុងឃុំគោលដៅចំនួន៣០ តាមរយៈប្រព័ន្ធបញ្ជូនរូប និងសម្លេង (Zoom) ។
គោលបំណង នៃផែនការប្រើប្រាស់ដីនៅក្នុងឃុំ គឺជាផែនការរូបវ័ន្តដែលសិក្សាប៉ាន់ប្រមាណពីសក្តានុពលដីធនធានទឹក និងសិក្សាពីលទ្ធភាពផ្សេងៗ ក្នុងការប្រើប្រាស់ដី ព្រមទាំងលក្ខខណ្ឌសេដ្ឋកិច្ច សង្គមកិច្ចដើម្បីធ្វើការជ្រើសរើសនូវជម្រើសដ៏ល្អបំផុត ក្នុងការប្រើប្រាស់ដី សំដៅជួយពង្រឹងយុទ្ធសាស្រ្ត ក្នុងការអភិវឌ្ឍលើគ្រប់វិស័យក្នុងឃុំ/សង្កាត់ ។ ពិនិត្យជារួម ផែនការប្រើប្រាស់ដីនៅក្នុងឃុំ ជាឧបករណ៍មួយដ៏សំខាន់ដែលជួយដល់ក្រុមប្រឹក្សាឃុំ ក៏ដូចជាដល់អ្នកពាក់ព័ន្ធទាំងអស់នៅថ្នាក់ក្រោមជាតិ ក្នុងការរួមចំណែកដល់ការគ្រប់គ្រង និងការប្រើប្រាស់ធនធានធម្មជាតិ ប្រកបដោយចីរភាព និងសមធម៌។
ការចងក្រងរៀបចំផែនការប្រើប្រាស់ដីនៅក្នុងឃុំ ក្នុងគោលបំណងសំខាន់ៗជាច្រើនដូចជា ទី១ រៀបចំផែនការប្រើប្រាស់គ្រប់គ្រងធនធានដី និងធនធានធម្មជាតិប្រកបដោយប្រសិទ្ធិភាព ជាពិសេសកាត់បន្ថយទំនាស់នានា ដែលកើតពីការប្រើប្រាស់ដីនៅមូលដ្ឋាន។ ទី២ គាំទ្រកិច្ចអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចប្រកបដោយនិរន្តភាព និងសមធម៌ ទី៣ រួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ តាមរយៈបង្កើនផលិតកម្មស្រូវ និងការនាំចេញអង្ករ។
ទី៤ សម្រេចឲ្យបាននូវផែនការប្រើប្រាស់ដី នៅក្នុងឃុំស្របតាមស្ថានភាព និងសក្តានុពលដីជាក់ស្តែង ឆ្លើយតបចំពោះសេចក្តីត្រូវការរបស់អាជ្ញាធរនានា និងប្រជាពលរដ្ឋមូលដ្ឋាន ក្នុងការប្រើប្រាស់ដីនិងធនធានធម្មជាតិឲ្យចំទិសដៅ និងទី៥រួមចំណែកគ្រប់គ្រងដីរដ្ឋដែលមាន នៅក្នុងឃុំឲ្យបានល្អប្រសើរតាមតួនាទី(មុខងារជាតំណាងរដ្ឋនិងកិច្ចអភិវឌ្ឍន៍មូលដ្ឋាន)ការកសាងផែនការ៕