ដោយៈគង់ សូរិយា
ភ្នំពេញៈ ឧកញ៉ាមានឥទ្ឋិពលមួយរូបនៅភូមិភាគពាយ័ព្យប្រទេស បានបោះទុនវិនិយោគរាប់លានដុល្លារ សាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងលំនៅដ្ឋាននៅក្នុងក្រុងបាត់ដំបង។
ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង និងជាប្រធានសម្ព័ន្ឋសមាគមរោងម៉ាស៊ីនកិនស្រូវកម្ពុជា ដែលមានមុខជំនួញជាច្រើននៅក្នុងដៃ ឧកញ៉ាភួ ពុយបានមានប្រសាសន៍ឲ្យដឹងកាលពីដើមសប្តាហ៍នេះថា ទីក្រុងបាត់ដំបងកាន់តែមានការរីកចម្រើន និន្នាការរស់នៅរបស់ប្រជាពលរដ្ឋ បានផ្លាស់ប្តូរចាប់តាំងពីមានជំងឺកូវីដ១៩មក ដែលធ្វើឲ្យប្រជាពលរដ្ឋចាប់ផ្តើមស្រលាញ់ទេសភាព សួនច្បារ និងផ្ទះលំហែរ។
លោកបន្តថា “ដោយមើលឃើញឱកាសនេះ ខ្ញុំបានចាប់ផ្តើមពង្រីកការវិនិយោគផ្ទះលំហែរ ដែលមានតម្លៃចន្លោះពីជាង៣ម៉ឺនទៅ៥ម៉ឺនដុល្លារអាមេរិក”។ លោកបន្តថា “គំរោងនេះស្ថិតនៅតំបន់ផ្សារភួ ពុយក្នុងខេត្តបាត់ដំបង ដែលផ្ទៃដីវិនិយោគលើគំរោងទាំងមូលនាពេលកន្លងមក រហូតមកទល់ពេលនេះ បានកើនដល់ប្រមាណ៨០ហិកតាហើយ”។
លោកឧកញ៉ាភួ ពុយបានបន្តថា អ្នកទិញលំនៅដ្ឋានលំហែរក្នុងក្រុងបាត់ដំបង ភាគច្រើនជាអ្នកមានជីវភាពធូរធារនៅក្នុងខេត្ត មកពីបណ្តាស្រុកនានាក្នុងមូលដ្ឋាន ខេត្តបាត់ដំបង និងប្រជាពលរដ្ឋមកពីបណ្តាខេត្តជុំវិញផងដែរ។
លោកស្រីGrace Rachny Fongនាយិកាក្រុមហ៊ុនអចលនទ្រព្យCentury21 Cambodiaបានមានប្រសាសន៍ថា ខេត្តបាត់ដំបង ជាខេត្តមានសក្តានុពលជាងគេ នៅក្នុងចំណោមបណ្តាខេត្ត ស្ថិតនៅភាគខាងលិចប្រទេស ដែលអចលនទ្រព្យនៅខេត្តនេះមានការរីកចម្រើនលឿនជាងបណ្តាខេត្ត នៃភូមិភាគពាយ័ព្យប្រទេស។ ហេតុនេះទើបក្រុមហ៊ុនបានពង្រីកបណ្តាញទៅដល់មូលដ្ឋានឃុំ សង្កាត់់និមួយៗ ដើម្បីជម្រុញនិងលើកកំពស់សក្តានុពលអចលនទ្រព្យនៅតាមមូលដ្ឋានរបស់ពួកគេ។
លោកស្រីបន្តថា “ខេត្តបាត់ដំបងមានសក្តានុពលខ្ពស់ ដោយសារប្រជាពលរដ្ឋមានជីវភាពល្អប្រសើរ ស៊ីវិល័យ និងជាខេត្តមានប្រជាពលរដ្ឋរស់នៅច្រើន”៕