វិភាគៈហេតុអ្វីបានជាអនុប្រធានាធិបតីអាមេរិកជ្រើសរើសយកវៀតណាម និងសិង្ហបុរី សំរាប់បំពេញទស្សនកិច្ចនៅអាស៊ាន

0

ដោយ រតនា

អន្តរជាតិៈ ឥទ្ឋិពលកើនឡើងរបស់ចិន ផលប្រយោជន៍ និងភូមិសាស្រេ្តនយោបាយទំនងជាប្រធានបទស្នូល នៃដំណើរទស្សនកិច្ចរបស់លោកស្រីលោកស្រី Kamala Harris ដែលជាអនុប្រធានាធិបតីស្រ្តី ស្បែកខ្មៅលើកដំបូងរបស់សហរដ្ឋអាមេរិក។

ប៉ុន្តែសំណួរសួរថា តើហេតុអ្វីបានជាលោកស្រីជ្រើសរើសយកតែប្រទេសវៀតណា​មនិងសឹង្ហបុរី ដើម្បីធ្វើទស្សនកិច្ច?។
ចាប់តាំងពីលោក ចូ បៃដិន ឡើងកាន់តំណែងជាប្រធានាធិបតីមក សហរដ្ឋអាមេរិកត្រូវបានគេមើលឃើញថា កំពុងបន្តអនុវត្តតាមគោលនយោបាយ ផ្ដោតសំខាន់លើតំបន់ អាស៊ី ដែលជាកេរ្តិ៍តំណែលបន្សល់ទុក ដោយអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា និងបន្ទាប់ពីត្រូវបានកប់ចោល ដោយរដ្ឋបាលលោកដូណាល់ ត្រាំ។

គោលនយោបាយផ្ដោតសំខាន់ លើតំបន់អាស៊ីរបស់រដ្ឋបាល លោក ចូ បៃដិនបានចាត់ទុកតំបន់អាស៊ីអាគ្នេយ៍ គឺជាស្នូលនៃយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលអាចជួយឱ្យ អាមេរិក ត្រួតពិនិត្យការកើនឡើងឥទ្ធិពលចិននៅក្នុងតំបន់។ សារៈសំខាន់បែបនេះបានស្ដែងឡើងកាន់តែច្បាស់ តាមរយៈដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រី ការពារជាតិអាមេរិក លោក Lloyd Austin និងអនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Wendy Sherman កាលពីពេលថ្មីៗនេះ។

ក៏ប៉ុន្តែនេះមិនមែនមានន័យថា ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងអស់ សុទ្ធតែសំខាន់ សម្រាប់យុទ្ធសាស្ត្រអាមេរិកនៅឥណ្ឌូ-ប៉ាស៊ីហ្វិកនោះឡើយ ដោយមានប្រទេស អាស៊ានចំនួន២ ត្រូវបានអាមេរិកចុចចំឈ្មោះនោះគឺវៀតណាម និងសិង្ហបុរី ដែលមានសារៈសំខាន់បំផុតចំពោះសេដ្ឋកិច្ចអាមេរិក ហើយត្រូវបានគេមើលឃើញថា មានទំនោរគាំទ្រអាមេរិកខ្លាំងជាងគេ ធៀបទៅនឹងប្រទេសអាស៊ាន៨ផ្សេងទៀត។

សិង្ហបុរីប្រៀបបានដូចជាតំបន់សេដ្ឋកិច្ចពិសេស ប្រចាំតំបន់ ដែលមានទៅដោយទីស្នាក់ការក្រុមហ៊ុនអាមេរិកធំៗប្រចាំអាស៊ី ដូចជា ក្រុមហ៊ុន Microsoft និងក្រុមហ៊ុន Google ជាដើម។ ចំណែកឯ វៀតណាមដើរតួនាទីកាន់តែសំខាន់ សម្រាប់ខ្សែចង្វាក់ផ្គត់ផ្គង់សកល ជាពិសេសការផ្គត់ផ្គង់បន្ទះឈីប «semiconductors» ខណៈក្រុមហ៊ុនបរទេ​សកាន់តែច្រើន បានបោះទុនវិនិយោគដំឡើងរោងចក្រ ក្នុងប្រទេសកុម្មុយនិស្ដមួយនេះ។

លោក Alan Chong ជាអ្នកសាស្ត្រាចារ្យជំនួយម្នាក់ ផ្នែកទំនាក់ទំនងអន្តរជាតិមកពីសាកលវិទ្យាល័យ Nanyang Technological មានមូលដ្ឋានក្នុងប្រទេសសិង្ហបុរី បាននិយាយថា សហរដ្ឋអាមេរិកសម្លឹងឃើញវៀតណាម និងសិង្ហបុរី ច្រើនជាងប្រទេសអាស៊ានផ្សេងទៀត ដោយសារប្រទេសទាំង២នេះ មានទំនោរជាវិជ្ជមានចំពោះអាមេរិក។
លោកបញ្ជាក់ថា “នៅក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន វៀតណាម និងសិង្ហបុរី គឺមានស្ថិរភាព និងមានទំនោរមិត្តភាពទៅរកអាមេរិកខ្លាំងជាងគេ… ហើយអាមេរិកវិញ ចង់ឱ្យរដ្ឋជាមិត្តនៅតាមបណ្ដោយទឹកដីចិន ប្រកាន់ជំហររឹងមាំ ស្របទៅតាមគោលនយោបាយរបស់ខ្លួន”។

* តើការដួលរលំរបស់អាហ្វហ្កានីស្ថាន ប៉ះពាល់ដល់ដំណើរទស្សនកិច្ចរបស់លោកស្រី Harris ឬទេ?
នៅពេលសេតវិមាន ប្រកាសពីគម្រោងដំណើរទស្សនកិច្ចរបស់លោកស្រី កាម៉ាឡា ហារីស កាលពីខែកក្កដាកន្លងទៅ វាហាក់ដូចជាមិនមានការរំពឹងថារដ្ឋាភិបាល អាហ្វហ្កានីស្ថានត្រូវដួលរលំក្នុងរយៈពេលខ្លី មុននឹងដំណើរទស្សនកិច្ចនេះទាល់តែសោះ។

ការដួលរលំរបស់អាហ្វហ្កានីស្ថាន ក្រោមដៃតាលីបង់ បាននិងកំពុងបង្កឱ្យមាន
ការចោទសួរសំណួរជាច្រើន ពាក់ព័ន្ធនឹងទំនុកចិត្ត និងការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការការពារសម្ព័ន្ធមិត្តខ្លួនឯង។ ស្រមោលនៃការដួលរលំរបស់អាហ្វហ្កានីស្ថាន នឹងតាមពីក្រោយដំណើរទស្សនកិច្ចរបស់លោកស្រី ហារីស។

មន្ត្រីជាន់ខ្ពស់សេតវិមានម្នាក់ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បាននិយាយថាតំបន់អាស៊ីអាគ្នេយ៍ និងឥណ្ឌូ-ប៉ាស៊ីហ្វិក គឺជាតំបន់យុទ្ធសាស្ត្រ និងសេដ្ឋកិច្ចដ៏សំខាន់ចំពោះសហរដ្ឋអាមេរិក ដោយមិនអាចយកទៅប្ដូរជាមួយអាហ្វហ្កានីស្ថានឡើយ។

មន្ត្រីរូបនេះបានបញ្ជាក់ថា “យើងមានប្រទេសដៃគូរឹងមាំទាំងសេដ្ឋកិច្ច និងសន្តិសុខ ក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក អស់រយៈពេលច្រើនជាង៧០ឆ្នាំមកហើយ…យើងបានបង្កើនទំនាក់ទំនងសន្តិសុខ ជាមួយបណ្ដាប្រទេសទាំងនោះ ហើយពួកគេក៏ចង់ពួកយើង បង្កើនទំនាក់ទំនងសន្តិសុខបែបនេះដែរ”។

តែទោះជាបែបនេះក្ដី ចង់ឬមិនចង់ ការដួលរលំរបស់អាហ្វហ្កានីស្ថាន អាចនឹងធ្វើ ឱ្យបណ្ដាប្រទេស ដែលពឹងផ្អែកខ្លាំងលើ សហរដ្ឋអាមេរិក ចាប់ផ្ដើមមានការប្រុងប្រយ័ត្នខ្លាំងជាងមុន ឬអាចមើលអាមេរិកក្នុងផ្លូវផ្សេងមិនដូចមុនឡើយ បើទោះជាក្នុងរយៈពេលខ្លីគេមិនអាចវាយតម្លៃពីផលប៉ះពាល់ ក៏ដោយ។

កិច្ចពិភាក្សាសេដ្ឋកិច្ចនឹងផ្ដោតទៅលើអ្វី?
លោក Alex Feldman ជាប្រធាន និងជានាយកប្រតិបត្តិ ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (U.S.-ASEAN Business Council) បាននិយាយថាកិច្ចព្រមព្រៀង ពាណិជ្ជកម្មឌីជីថល (Digital trade agreement) អាចនឹងក្លាយជារបៀបវារៈមួយ ផ្នែកសេដ្ឋកិច្ចដែលនឹងត្រូវយកមកពិភាក្សា នៅក្នុងដំណើរទស្សនកិច្ចរបស់លោកស្រី ហារីស នៅវៀតណាម និងសិង្ហបុរី។

កិច្ចព្រមព្រៀងពាណិជ្ជកម្មឌីជីថល គឺជាកិច្ចព្រមព្រៀងមួយផ្ដោតជាសំខាន់លើសេដ្ឋកិច្ចឌីជីថល ដែលកំណត់នូវច្បាប់ និងស្ដង់ដារពាណិជ្ជកម្មឌីជីថល នៅក្នុងចំណោមប្រទេសជាភាគីចូលរួម មានដូចជាការស្ដុកទុកទិន្នន័យឆ្លងដែន និងការគាំពារទិន្ន័យផ្ទាល់ខ្លួនជាដើម។

កិច្ចព្រមព្រៀងនេះ ត្រូវបានគេមើលឃើញថា អាមេរិកទំនងជាចង់យកមកជំនួសកិច្ចព្រមព្រៀង ភាពជាដៃគូអន្តរ-ប៉ាស៊ីហ្វិក (TPP) ដែលលោក ដូណាល់ ត្រាំបានដក អាមេរិកចេញកាលពីឆ្នាំ២០១៧។

បច្ចុប្បន្ន TPP បានក្លាយជាកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងវិវឌ្ឍទៅមុខនៃភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (Progressive Agreement for Trans-Pacific Partnership ឬហៅកាត់ថា CPTPP) ដែលមានវៀតណាម សិង្ហបុរី ប្រ៊ុយណេ និងម៉ាឡេស៊ីក៏ជាសមាជិកផងដែរ។

* តើចិនមានប្រតិកម្មដូចម្ដេច ចំពោះដំណើរទស្សនកិច្ចរបស់លោកស្រីហារីស?
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន Global Times បានច្រានចោលការលើកឡើងថា ដំណើរទស្សនកិច្ចរបស់លោកស្រី កាម៉ាឡា ហារីស នឹងធ្វើឱ្យប៉ះពាល់ ដល់ខ្សែចង្វាក់ផ្គត់ផ្គង់របស់ ចិនដែលមានស្រាប់នៅក្នុងតំបន់។

Global Times បានបញ្ជាក់ថា “វានឹងមិនធ្វើឱ្យរង្គោះរង្គើរដល់ខ្សែចង្វាក់ផ្គត់ផ្គង់ដែលត្រូវបានកសាងឡើងយ៉ាងរឹងមាំឈរលើ មូលដ្ឋាននៃកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទរវាងចិន និងអាស៊ាននោះទេ”។

បើតាមការស្ទង់មតិធ្វើឡើងដោយវិទ្យាស្ថាន ISEAS-Yusof Ishak មានមូលដ្ឋានក្នុងប្រទេសសិង្ហបុរី បានបង្ហាញថា ៧៦ភាគរយនៃអ្នករៀបចំគោលនយោបាយ និងការគិតរបស់មេដឹកនាំ ក្នុងប្រទេសអាស៊ានទាំង១០យល់ថា ចិនគឺជាមហាអំណាចមានឥទ្ធិពលសេដ្ឋកិច្ចធំបំផុត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ខណៈមានតែ៧ភាគរយប៉ុណ្ណោះគិតដូច្នេះលើសហរដ្ឋអាមេរិក។

សហរដ្ឋអាមេរិក ធ្លាប់បានមើលរំលងតំបន់អាស៊ាន ជាយូរណាស់មកហើយ ជាពិសេសនៅក្រោមរដ្ឋបាល អតីតប្រធានាធិបតី ដូណាល់ ត្រាំ ទំនាក់ទំនងរវាង អាស៊ាន និងអាមេរិក មិនសូវជាល្អនឹងគ្នាប៉ុន្មានទេ ហើយវាបានទុកឱកាសឱ្យចិន ពង្រីកឥទ្ធិពល និងចូលរួមកាន់តែច្រើន ជាមួយអាស៊ាន រហូតដល់ក្លាយជាដៃគូពាណិជ្ជកម្ម ធំបំផុតរបស់ប្លុកមួយនេះ ខណៈតំបន់អាស៊ីទាំងមូល ត្រូវបានក្រុមអ្នកវិភាគខ្លះអះអាងថា កំពុងពឹងផ្អែកលើសេដ្ឋកិច្ចចិនយ៉ាងខ្លាំង៕

LEAVE A REPLY

Please enter your comment!
Please enter your name here