ដោយៈវឌ្ឍនៈ
ភ្នំពេញៈ ដោយសារតែជំងឺកូវីដ១៩បានរាលដាល ក្នុងសហគមន៍ចាប់តាំងពីអំឡុងខែកុម្ភៈ២០២១មក អាជីវកម្មជាច្រើនបានរងផលប៉ះពាល់និងរឹតបន្តឹង ដែលធ្វើឱ្យអាជីវករជួបប្រទះនឹងបញ្ហាជាពិសេសហិរញ្ញវត្ថុ ប៉ុន្តែនៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះចំនួនអ្នកឆ្លងកូវីដ១៩ ត្រូវបានប្រកាសឃើញថា មានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ពីជិត១ពាន់នាក់ក្នុងមួយថ្ងៃ មកនៅត្រឹមជាង៤០០នាក់ឬក្រោមនេះ ដែលជាសញ្ញាវិជ្ជមានសម្រាប់សេដ្ឋកិច្ចកម្ពុជា។
សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងនាព្រឹកថ្ងៃទី៣១ សីហានេះថា នៅរយៈពេលចុងក្រោយនេះ រាជធានីភ្នំពេញ អ្នកឆ្លងកូវីដ១៩បានធ្លាក់ចុះ ហើយអ្នកដែលឆ្លងក៏មិនមានសភាពធ្ងន់ធ្ងរ និងឈានដល់ស្លាប់ដែរ។
តាមតួលេខបានបង្ហាញថា អ្នកស្លាប់ដោយសារតែកូវីដ១៩ នៅក្នុងរយៈពេលចុងក្រោយនេះ ក៏ឃើញថាមានការធ្លាក់ចុះច្រើន។ ដូច្នេះចំណុចនេះជាចំណុចវិជ្ជមានមួយក្នុងការបើកឡើងវិញ នូវសង្គមសេដ្ឋកិច្ច នៅទូទាំងប្រទេស ហើយក្នុងនោះក៏មានវិស័យអប់រំរបស់យើងផងដែរ ។
សម្ដេចបន្តថា “យើងត្រូវអនុវត្តដោយភាពឈ្លាសវៃ និងបត់បែនទន់ភ្លន់ និងគ្រប់គ្រងសភាពការណ៍ឱ្យបាន ដើម្បីយើងពន្លឿនដល់ការអភិវឌ្ឍប្រទេសជាតិ ជាពិសេសបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិ”។សម្តេចបន្តថា “វិនិយោគិននិងសេដ្ឋវិទូជាច្រើនក៏បានរំពឹងថា រាជរដ្ឋាភិបាលកម្ពុជា នឹងអាចគ្រប់គ្រងស្ថានភាពកូវីដ១៩ បានល្អប្រសើរនិងឈានដល់ការបើកប្រទេស បើកសេដ្ឋកិច្ចនិងដំណើរការអាជីវកម្ម ជាច្រើនត្រលប់មកសភាពដើមវិញបាននៅពេលឆាប់ៗ”។
អាជីវករ សហគ្រិន ដែលកំពុងរងផលប៉ះពាល់ពីវិបត្តិកូវីដ១៩ ក៏បាននិងកំពុងស្វះស្វែងរកជំនួយពីស្ថាប័ននានា ដើម្បីបន្តអាជីវកម្មរបស់ខ្លួនក្នុងវិបត្តិនេះ និងរក្សាដំណើរការអាជីវកម្មឱ្យនៅតែបន្តទៅមុខទៀត ។ សហគ្រិនជាច្រើន នៅតែផលិតនូវផលិតផលរបស់ខ្លួនដដែល ប៉ុន្តែអ្វីដែលសំខាន់នោះ គឺការរកទីផ្សារសម្រាប់លក់ផលិតផល ពុំបានឬមិនមានតម្រូវការសម្រាប់ផលិតផលរបស់ខ្លួន ដែលធ្វើឱ្យអាជីវកម្មត្រូវជួបនឹងបញ្ហាលំហូរសាច់ប្រាក់បង្វិលទៅមក៕