ដោយហ្សង់ ហ្រ្វង់ស្វ័័រតាន់
ភ្នំពេញៈ នៅចុងឆ្នាំ២០០៨ វិបត្តិសេដ្ឋកិច្ចសកលបានផ្ទុះឡើង។ ជិតពីរឆ្នាំក្រោយមក ប្រទេសធំៗខ្លះ បានចេញផុតពីវិបត្តិហើយ ខ្លះទៀតក៏កំពុងចេញរួចបណ្តើរៗហើយដែរ។ ប៉ុន្តែ ក៏មានដែរប្រទេសធំៗផ្សេងទៀត ដែលនៅតែងើបក្បាលមិនរួច។
តើមានប្រទេសណាខ្លះដែលជាអ្នកឈ្នះ និងប្រទេសណាខ្លះទៀតដែលជាអ្នកចាញ់ នៅក្នុងវិបត្តិសកល?។
ក្រោយពីវិបត្តិសេដ្ឋកិច្ចសកល បានផ្តើមបោកកញ្ជ្រោកទៅលើពិភពលោក ទាំងមូល នៅឆ្នាំ២០០៨-២០០៩ ថ្នាក់ដឹកនាំចិន បានសម្រេចចាត់វិធានការ ដោយមិនសំច័យលុយឡើយ ដើម្បីសង្គ្រោះសេដ្ឋកិច្ចជាតិ។ ជាក់ស្តែង ផែនការផ្តល់សន្ទុះសេដ្ឋកិច្ចរបស់ចិន មានតម្លៃស្មើនឹង៥ភាគរយ នៃផលិតផលដុលក្នុងស្រុក ពោលគឺ២ដងថ្លៃជាងផែនការផ្តល់សន្ទុះសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក និងជាមធ្យមភាគ៤ដង ថ្លៃជាងផែនការផ្តល់សន្ទុះសេដ្ឋកិច្ចនៃប្រទេសសមាជិកនីមួយៗ របស់សហភាពអឺរ៉ុប។
គោលដៅរបស់ទីក្រុងប៉េកាំង គឺធ្វើឲ្យប្រទេសចិនកាន់តែខ្លាំង និងលេចត្រដែតឡើងកាន់តែលឿនរហ័ស នៅពេលវិបត្តិសេដ្ឋកិច្ចសកលត្រូវចប់។ អ៊ីចឹងហើយបានជានៅចុងឆ្នាំ២០០៩ ចិនបានវ៉ាឈ្នះប្រទេសអាល្លឺម៉ង់ ដោយក្លាយជាប្រទេសជាប់ចំណាត់ថ្នាក់លេខ១ខាងនាំទំនិញទៅក្រៅប្រទេស ហើយនៅចុងឆ្នាំ២០១០ខាងមុខនេះ ចិននឹងវ៉ាឈ្នះប្រទេសជប៉ុន ដោយច្បាស់ជានឹងក្លាយ ទៅជាមហាអំណាចសេដ្ឋកិច្ចពិភពលោកទី២ជាមិនខានឡើយ។
តាមការអះអាងរបស់អ្នកវិភាគខ្លះ ចិនដែលផ្តើមមានកំណើនសេដ្ឋកិច្ចខ្លាំងឡើងវិញ គឺប្រមាណជិត១២ភាគរយ នៅត្រីមាសទី១នៃឆ្នាំ២០១០នេះ នឹងក្លាយជាមហាអំណាចសេដ្ឋកិច្ចពិភពលោកទី១ នៅក្នុងអំឡុងពេលពី១៥ទៅ៣០ឆ្នាំទៀតខាងមុខនេះ។ យ៉ាងណាក៏ដោយ ក្នុងគ្រានេះ សេដ្ឋកិច្ចអាមេរិកនៅតែខ្លាំងជាងសេដ្ឋកិច្ចចិន៣ដងយ៉ាងតិច។ អាមេរិកចាប់ផ្តើមងើបក្បាលចេញ រួចពីវិបត្តិសកលបណ្តើរៗហើយ។ សេដ្ឋកិច្ចរបស់ប្រទេសមហាអំណាចធំជាងគេមួយនេះ មានកំណើនប្រមាណ៥ភាគរយក្នុងត្រីមាសទីមួយនៃដើមឆ្នាំ២០១០នេះ។
នៅក្នុងបរិបទបែបនេះ គេអាចនិយាយម្យ៉ាងថា វិបត្តិសេដ្ឋកិច្ចសកលដូចជាមិនបានប៉ះពាល់ ទាល់តែសោះដល់សេដ្ឋកិច្ចប្រទេសចិន ដែលបន្តលេចត្រដែតឡើងកាន់តែច្បាស់ជាមហាអំណាចពិភពលោក។ ម្យ៉ាងទៀតគេអាចនិយាយថា វិបត្តិសេដ្ឋកិច្ចសកល ពិតមែនតែបានប៉ះពាល់ខ្លាំង ដល់សហរដ្ឋអាមេរិកក៏ដោយ មិនបានធ្វើឲ្យប្រទេសនេះបាក់កម្លាំងខ្លាំងពេកទេ។
ដូចគ្នានឹងប្រទេសចិនដែរ ប្រទេសប្រេស៊ីល (Brésil) ឥណ្ឌា និងរុស្ស៊ី នៅតែមានកំណើនសេដ្ឋកិច្ចខ្លាំងក្លា ពីរឆ្នាំក្រោយការផ្តើមឡើងនៃវិបត្តិសកល។ មិនតែប៉ុណ្ណោះ ប្រទេសធំៗទាំងបីនេះ ក៏មិនបានបង្កើនប្រាក់បំណុលរបស់ពួកគេដែរ។ ម៉្លោះហើយ គេអាចនិយាយថា ប្រេស៊ីលនិងឥណ្ឌានឹងចេញផុតពីវិបត្តិសកល ខ្លាំងនិងមានជាងមុន។
ប៉ុន្តែរុស្ស៊ីវិញ មិនមែនជាប្រទេសដែលចេញពីវិបត្តិសេដ្ឋកិច្ចសកល ខ្លាំងលើសដើម ដូចប្រទេសចិន ឥណ្ឌានិងប្រេស៊ីលទេ។ មូលហេតុ គឺមកពីសេដ្ឋកិច្ចនៃប្រទេសនេះ នៅតែបន្តពឹងផ្អែក ទៅលើការលក់ថាមពលចេញទៅក្រៅប្រទេស ជាអាទិ៍ប្រេងកាតនិងឧស្ម័ន។ ហើយដោយហេតុតែវិបត្តិសេដ្ឋកិច្ច សព្វថ្ងៃនេះ តម្លៃប្រេងកាតធ្លាក់ចុះខ្លាំង នៅលើទីផ្សារអន្តរជាតិ។
ម្ល៉ោះហើយប្រាក់ចំណូលរបស់រុស្ស៊ីក៏ត្រូវថយចុះដែរ។ ក្រោមអាណត្តិប្រធានាធិបតីរបស់ពូទីន(Poutine) កំណើនសេដ្ឋកិច្ចរបស់រុស្ស៊ី បានកើនដល់ទៅ៦ឬ៧ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ ក៏ប៉ុន្តែថ្នាក់ដឹកនាំរុស្ស៊ី មិនបានឆ្លៀតឱកាសដ៏ល្អនេះ ដើម្បីជួសជុលឬកសាងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីអភិវឌ្ឍវិស័យកសិកម្ម និងដើម្បីធ្វើនវូបនីយកម្មទៅលើវិស័យឧស្សហកម្មឡើយ។ និយាយបែបផ្សេង ថ្នាក់ដឹកនាំរុស្ស៊ីមិនចេះអភិវឌ្ឍប្រទេស បន្តទ្រមក់ មិនចេះរួសរាន់ និងអាងលើរ៉ែប្រេងកាតនិងរ៉ែឧស្ម័ន ដ៏ច្រើនសន្ធឹកសន្ធាប់របស់ខ្លួន។
អឺរ៉ុបនៅតែងើបមិនរួចពីវិបត្តិសេដ្ឋកិច្ចសកល
បាក់កម្លាំងខ្លាំងជាងគេ ដោយហេតុតែវិបត្តិសេដ្ឋកិច្ចសកល គឺអឺរ៉ុប។ ក៏ដូចសហរដ្ឋអាមេរិកដែរ បណ្តាប្រទេសអឺរ៉ុបបានបង្កើន ប្រាក់បំណុលសាធារណៈរបស់ពួកគេ ដោយបានខ្ចីពីទីផ្សារហិរញ្ញវត្ថុអន្តរជាតិ ប្រាក់ជាច្រើនពាន់លានដុល្លារ ដើម្បីតុបតែងផែនការផ្តល់សន្ទុះសេដ្ឋកិច្ច ជាហេតុបង្កឲ្យឱនភាពថវិកា របស់បណ្តាប្រទេសទាំងអស់នេះមានលក្ខណៈធ្ងន់ធ្ងរលើសដើម។
ទន្ទឹមនឹងនេះ ធនាគារកណ្តាលអឺរុប មិនបានសម្រេចចិត្តបញ្ចុះអត្រាការប្រាក់នាំមុខឲ្យបានទាន់ពេលវេលា ជាហេតុធ្វើឲ្យលុយអឺរ៉ូមានតម្លៃថ្លៃជ្រុល។ លុយអឺរ៉ូថ្លៃពេក បើប្រៀបធៀបនឹងលុយដុល្លារ ដែលគេប្រើប្រាស់សម្រាប់ពាណិជ្ជកម្មអន្តរជាតិ ធ្វើឲ្យផលិតផលរបស់អឺរ៉ុប មិនអាចប្រកួតប្រជែងជាមួយទំនិញមកពីប្រទេសផ្សេងបាន។
អ៊ីចឹងហើយ បានជាសេដ្ឋកិច្ចរបស់អឺរ៉ុប នៅតែចេញពីវិបត្តិសកលមិនរួច។ ជាមធ្យមភាគ សេដ្ឋកិច្ចរបស់ប្រទេសអឺរ៉ុបនីមួយៗ កើនមិនបាន១ភាគរយល្អផង នៅត្រីមាសទីមួយនៃឆ្នាំ២០១០នេះ។ កំណើនសេដ្ឋកិច្ចមិនខ្លាំង បូកជាមួយនឹងឱនភាពសាធារណៈធ្ងន់ធ្ងរឡើងជា លំដាប់របស់រដ្ឋនីមួយៗក្នុងតំបន់អឺរ៉ូ ធ្វើឲ្យប្រទេសអឺរុបខ្លះ ដូចជាប្រទេសក្រិក(Grèce) ជាដើម គ្មានលុយសងបំណុល ជាហេតុញ៉ាំងឲ្យទីផ្សារភាគហ៊ុនអន្តរជាតិឈប់ទុកចិត្តអឺរ៉ុប នាំគ្នាលក់លុយអឺរ៉ូចោល។
អ៊ីចឹងហើយ បានជាប៉ុន្មានខែចុងក្រោយនេះ លុយអឺរ៉ូដាំក្បាល ទីផ្សារភាគហ៊ុន
ស្គាល់អស្ថិរភាពខ្លាំង បណ្តាប្រទេសសមាជិកអឺរ៉ុបភ័យឆោឡោ នាំគ្នាប្រមូលលុយមកជួយស្រោចស្រង់ប្រទេសក្រិក មកជួយស្រោចស្រង់លុយអឺរ៉ូ និងនាំគ្នាផ្តើមអនុវត្តនយោបាយត្បិតត្បៀតប្រាក់ចំណាយ។ គោលដៅសំខាន់ គឺកាត់បន្ថយបំណុលសាធារណៈ។ ក៏ប៉ុន្តែ មកទល់ចុងខែឧសភាឆ្នាំ២០១០ វិបត្តិថ្មីមួយនេះដែលបានកើតឡើងនៅក្នុងតំបន់ប្រើប្រាស់លុយអឺរ៉ូ មិនទាន់ចប់នៅឡើយទេ។ ទីផ្សារហិរញ្ញវត្ថុអន្តរជាតិនៅតែមិនទុកចិត្តអឺរ៉ុប ដោយហេតុថា នយោបាយត្បិតត្បៀតបា្រក់ចំណាយ ដែលរដ្ឋនានាកំពុងអនុវត្ត ក៏អាចនឹងកាត់បន្ថយកំណើនសេដ្ឋកិច្ចរបស់អឺរ៉ុប នៅទីបំផុតដែរ។
រីឯប្រទេសជប៉ុនវិញ ជាករណីមួយពិសេស។ បំណុលសាធារណៈរបស់ប្រទេសនេះ ធំណាស់ ច្រើនណាស់ ច្រើនលើសបំណុលរបស់បណ្តាប្រទេសអឺរ៉ុបទៅទៀត។ ក៏ប៉ុន្តែរដ្ឋជប៉ុន មិនមែនជំពាក់លុយទីផ្សារហិរញ្ញវត្ថុអន្តរជាតិដូចអឺរ៉ុបទេ។ រដ្ឋជប៉ុនជំពាក់លុយប្រជាជនជប៉ុនជាពិសេស។ ជប៉ុនជាប្រទេស ដែលមានសំច័យធនច្រើន សន្ធឹកសន្ធាប់ ដោយសារតែពលរដ្ឋជប៉ុនម្នាក់ៗ ពូកែសន្សំលុយ។ អ៊ីចឹងហើយបានជារដ្ឋាភិបាលជប៉ុន ក្តាប់ស្ថានភាពសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរបស់ ប្រទេសខ្លួនបានល្អជាងបណ្តាប្រទេសអឺរ៉ុប។ មិនតែប៉ុណ្ណោះ សេដ្ឋកិច្ចជប៉ុនដែលអូសទាញដោយសេដ្ឋកិច្ចចិន និងដែលមានមូលដ្ឋាននៅ លើការនាំទំនិញចេញទៅក្រៅប្រទេស មានកំណើនរហូតដល់ទៅ៥ភាគរយ នៅត្រីមាសទីមួយនៃឆ្នាំ២០១០នេះ។
សរុបមកវិញ គេអាចនិយាយថា វិបត្តិសេដ្ឋកិច្ចសកល ដែលបានផ្តើមឡើងនៅឆ្នាំ២០០៨-២០០៩ បាននិងកំពុងបន្តធ្វើឲ្យគេមើលឃើញកាន់តែច្បាស់ នូវបាតុភាពមួយ ដែលបានកើតចេញជារូបរាង ជាច្រើនឆ្នាំកន្លងមកហើយ។
បាតុភាពនោះ គឺការលេចត្រដែតឡើងកាន់តែលឿន និងកាន់តែច្បាស់ នៃមហាអំណាចសេដ្ឋកិច្ចថ្មីថ្មោងមួយចំនួន ដូចជាប្រទេសចិន ឥណ្ឌា និង ប្រេស៊ីល។ រីឯបស្ចិមលោកវិញ ជាពិសេសអឺរ៉ុប កំពុងតែដាំក្បាល អស់ឫទ្ធិ និងខ្សោយទៅៗ។
លើសពីនេះទៅទៀត វិបត្តិសកលក៏បានបង្ហាញឲ្យឃើញកាន់តែច្បាស់ដែរថា បណ្តាប្រទេសនៅប៉ែកខាងជើង ស្គាល់កំណើនបំណុល រីឯបណ្តាប្រទេសនៅប៉ែកខាងត្បូងស្គាល់កំណើនសេដ្ឋកិច្ច៕