ដោយៈវឌ្ឍនៈ
ភ្នំពេញៈ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែប្រសើរឡើង តាមរយៈការប្រើប្រាស់ប្រព័ន្ធឌីជីថលសមាគមបច្ចេកវិទ្យា ឌីជីថលកម្ពុជា និងសមាគមពាណិជ្ជករដឹកកជញ្ជូនទំនិញ បានរួមគ្នាក្នុងការជំរុញការប្រើប្រាស់បច្ចេកវិទ្យាតាមរយៈការលើកកម្ពស់ចំណេះដឹង ក្នុងវិស័យដឹកជញ្ជូននិងបច្ចេកវិទ្យា។
លោកចាន់ ដារ៉ាប្រធានសមាគមពាណិជ្ជករដឹកជញ្ជូនទំនិញ បានថ្លែងនៅក្នុងពិធីចុះព្រមព្រៀង សហប្រតិបត្តិការជាមួយសមាគមបច្ចេកវិទ្យាឌីជីថលកម្ពុជា កាលពីរសៀលថ្ងៃទី៦ កញ្ញា២០២១នេះថា កិច្ចសហប្រតិបត្តិការជាមួយគ្នា ក្នុងគោលបំណងលើកកម្ពស់ចំណេះដឹង ក្នុងវិស័យទាំងពីរដល់សមាជិក ដោយការអភិវឌ្ឍចំណេះដឹង ដល់សហគ្រាសធនតូច មធ្យម ក្រុមហ៊ុន សមាគម សហគមន៍ ក្នុងការប្រើប្រាស់ប្រព័ន្ឋបច្ចេកវិទ្យា ក្នុងវិស័យឡូជីស្ទីក និងដឹកជញ្ជូន។
លោកបន្តថា “ការចុះអនុស្សារណៈនេះ សមាគមទាំងពីរយល់ឃើញថាប្រព័ន្ធប ច្ចេកវិទ្យាឌីជីថល ត្រូវបានដើរតួយ៉ាងសំខាន់ ដល់វិស័យឡូជីស្ទ៊ីកនិងដឹកជញ្ជូន ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ”។
លោកបន្តថា ភាគីទាំងពីរ បានឯកភាពយល់ព្រម សហការគ្នា ដោយជំរុញឱ្យមានការផ្សព្វផ្សាយរាល់ប្រតិបត្តិការ ក្នុងកម្មវិធីផ្សេងៗ ទៅដល់សមាជិក សមាគម បច្ចេកវិទ្យា ឌីជីថលកម្ពុជា និងសមាគមពាណិជ្ជករដឹកជញ្ជូនទំនិញ និងជំរុញឱ្យមានការចូលរួមស្វែងយល់ ពីវិស័យបច្ចេកវិទ្យា ឌីជីថល និង ឡូជីស្ទ៊ីក ឲ្យយល់កាន់តែច្បាស់ ដើម្បីរៀបចំប្រព័ន្ឋគ្រប់គ្រងឡូជីស្ទីក តាមបច្ចេកវិទ្យា ដែលផ្តល់ភាពងាយស្រួល សម្រាប់អ្នកប្រើប្រាស់ និងការពង្រីកប្រតិបត្តិការអាជីវកម្មរបស់សមាជិក ឬមិនមែនជាសមាជិក។
លោកចាន់ ដារ៉ាបានបន្ថែមថា សមាគមទាំងពីរ នឹងចូលរួមជួយជ្រោមជ្រែង និងផ្សព្វផ្សាយពីសេវាកម្ម បច្ចេកវិទ្យា ឌីជីថល និងឡូជីស្ទីកនៅក្នុងស្រុក ជូនគ្នាទៅវិញទៅមក ដើម្បីបង្កើនទីផ្សារ ដែលឈានទៅដល់ការពង្រីកអាជីវកម្ម ទៅក្រៅប្រទេសនៃសមាជិកនាពេលអនាគត និងចូលរួមសហការជួយដល់វិស័យ សហគ្រាស ធនតូច និងមធ្យមឱ្យយល់ដឹង ក្នុងការដាក់លក់ទំនិញ តាមទីផ្សារអនឡាញ និងការដឹកជញ្ជូនក្នុងកញ្ចប់រួម ដែលអាចផ្តល់តម្លៃសមរម្យ និងការបញ្ចុះតម្លៃពី៥ភាគរយ ទៅ១០ភាគរយ ឬអាស្រ័យទៅលើស្ថានភាពជាក់ស្តែង ។
តាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក៏បានជំរុញឱ្យវិស័យឯកជន និងរដ្ឋប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងដំណើរការអាជីវកម្មរបស់ខ្លួនផងដែរ។
កាលពីសប្តាហ៍មុន កម្ពុជាក៏បានប្រកាសដាក់ដំណើរការ ការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី២ផងដែរ បន្ទាប់ពីដំណាក់កាលទី១ទទួលបានការគាំទ្រពីវិនិយោគិននិងធុរជនជាច្រើននោះ៕