អ្នកវិនិយោគចិនមានគំរោងនៅក្រុងព្រះសីហនុចាប់ផ្តើមវិលត្រលប់មកវិញបណ្តើរៗហើយ

0

ដោយៈស៊ីវ ម៉េង

ភ្នំពេញៈ ក្រុមអ្នកវិនិយោគចិន ដែលមានគំរោងអភិវឌ្ឍន៍នៅក្រុងព្រះសីហនុ បាននិងកំពុងត្រលប់មកកាន់ខេត្តនេះបណ្តើរៗឡើងវិញហើយ។ នេះបើតាមការឲ្យដឹងពីលោកឃាង ភារម្យអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ។

លោកបានមានប្រសាសន៍ឲ្យដឹងកាលពីដើមសប្តាហ៍នេះថា អ្នកវិនិយោគចិនបានវិលត្រលប់មកវិញបណ្តើរៗហើយ ប៉ុន្តែមិនទាន់មានចំនួនច្រើននោះទេ ស្របពេលវិស័យអាកាសចរណ៍មានសកម្មភាពឡើងវិញបណ្តើរៗ ប៉ុន្តែសកម្មភាពហោះហើរមិនកើនឡើងខ្លាំងនោះឡើយ។

លោកបន្តថា “រដ្ឋបាលខេត្តបាន និងកំពុងបន្តពង្រឹងការទប់ស្កាត់ជំងឺកូវីដ១៩ ពិ​សេ​សមេរោគប្រភេទ Delta ដែលកំពុងរាតត្បាតជាសកល”។លោកបន្តថា “ក្រុងព្រះសីហនុនឹងវិលមកកាន់ភាពល្អប្រសើរវិញ ប្រសិនជាជំងឺកូវីដ១៩ត្រូវបានគ្រប់គ្រងបានល្អប្រសើរ ហើយថ្នាក់ដឹកនាំខេត្តកំពុងប្រឹងប្រែងលើការងារនេះ”។

ខេត្តព្រះសីហនុ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ទាក់ទាញលំហូរទុនវិនិយោគជាង៧០០០លានដុល្លារអាមេរិក លើវិស័យសំណង់ និងអចលនទ្រព្យ ដែលធ្វើឲ្យមុខមាត់ទីក្រុងនេះផ្លាស់ប្តូរទាំងស្រុង ដោយគិតរហូតមកទល់ពេលនេះ អគារកំពស់ចាប់ពី៥ជាន់ដល់៥៣ជាន់បានកើនឡើងដល់៦០៤អាគារ។

អ្នកតាមដាននិងវិភាគពីមូលដ្ឋានភូមិសាស្រ្តនយោបាយ និងទំនាក់ទំនងអន្តរជាតិ ឯករាជ្យ លោកយិន លាងគង់បានមានប្រសាសន៍ថា ការមានទំនាក់ទំនងល្អប្រសើររវាងមេដឹកនាំចិន និងកម្ពុជា បាននិងកំពុងក្លាយជាមូលដ្ឋាន នៃការផ្សារភ្ជាប់ភាពជាមិត្តភាពដែកថែក ទៅជាសះកមន៍ពីរវាសនាតែមួយ។

លោកបន្តថា ក្នុងកម្រិតមិត្តភាព នៃយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយមិនគ្រប់នោះទេ សម្រាប់ប្រទេសទាំងពីរ ប៉ុន្តែមេដឹកនាំទាំងពីរបានផ្តល់ផលប្រយោជន៍ និងគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ ហេតុនេះការជម្រុញឲ្យអ្នកវិនិយោគចិន មកវិនិយោគនៅកម្ពុជា គឺជាផលនៃការលើកកំពស់កម្រិតទំនាក់ទំនងនយោបាយផង ផលប្រយោជន៍ផង។

លោកបន្តថា “គ្មានផលប្រយោជន៍ចំពោះគ្នា មេដឹកនាំប្រទេសណាក៏ដោយ ក៏មិនផ្តល់នូវលំហូរទុនវិនិយោគ ដល់ប្រទេសដៃគូរបស់ខ្លួននោះទេ”។ លោកបន្ថែមថា “ហេតុនេះក្នុងទំនាក់ទំនងអន្តរជាតិ គឺមានតែផលប្រយោជន៍ ហើយក្នុងភូមិសាស្រ្តនយោបាយ មានតែការបោះដៃគាំទ្រគ្នាទៅវិញទៅមកប៉ុណ្ណោះ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here