ដោយៈវឌ្ឍនៈ
ភ្នំពេញៈ ក្រុមហ៊ុនរ៉ឺនេសង់ មីនើរ៉ល លីមីធីតរបស់ប្រទេសអូស្ត្រាលីបានទទួលសិទ្ធិក្នុងការរុករករ៉ែមាស នៅតំបន់សំពៅលូន ក្នុងឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បួងឃ្មុំ ហើយក្រុមហ៊ុននេះ ត្រៀមនឹងធ្វើការរុករករ៉ែមាស ជានៅក្នុងពេលឆាប់ៗខាងមុខនេះផងដែរ ដើម្បីទាញយកមកប្រើប្រាស់ជាប្រយោជន៍។
នៅក្នុងជំនួបរជាមួយលោកជាម ច័ន្ធសោភ័ណ អភិបាលខេត្តត្បូងឃ្មុំកាលពីថ្ងៃទី៩កញ្ញា២០២១នេះ ក្រុមហ៊ុនបានស្នើដល់អាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ ជួយសហការជាមួយក្រុមហ៊ុន ដើម្បីបង្កលក្ខណៈងាយស្រួល ក្នុងការរុករករ៉ែមាសនៅតំបន់មួយនេះ ។
លោកជាម ច័ន្ធសោភ័ណ ក៏បានស្វាគមន៍ដោយក្តីរីករាយ ចំពោះការមកវិនិយោគតំបន់រ៉ែមាស នៅខេត្តត្បូងឃ្មុំ ពិសេសក៏ស្នើដល់ក្រុមហ៊ុន ត្រូវរក្សាចំនុចណាមួយសម្រាប់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅនិងអាស្រ័យផលក្នុងតំបន់នោះ ដោយធ្វើយ៉ាងណាកុំឱ្យមានការថ្នាំងថ្នាក់ធ្ងន់ធ្ងរចំពោះប្រជាពលរដ្ឋ។
លោកបានលើកឡើងថា សព្វថ្ងៃមានប្រជាពលរដ្ឋមួយចំនួន បានកំពុងអាស្រ័យផលក្នុងតំបន់នោះ ដោយពួកគាត់ធ្វើសកម្មភាពរ៉ែជាលក្ខណៈគ្រួសារ ដើម្បីរកប្រាក់ចំណូលទ្រទ្រង់ជីវភាពគ្រួសារ ក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩នេះ។ ដូច្នេះសូមខាងក្រុមហ៊ុនដែលទទួលបានអាជ្ញាប័ណ្ណពីក្រសួង មេត្តាយោគយល់ និងដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋឱ្យបានសមរម្យ ។ ក្នុងនោះខាងក្រុមហ៊ុន បើអាចសុំផ្តល់ការងារជូនប្រជាពលរដ្ឋក្នុងតំបន់នោះ ដើម្បីពួកគាត់មានការងារធ្វើជៀស វាងការធ្វើចំណាកស្រុក ទៅរកការងារធ្វើឆ្ងាយឬចេញទៅក្រៅប្រទេសជាដើម ។
តំណាងក្រុមហ៊ុន រុករករ៉ែ រ៉ឺនេសង់ មីនើរ៉ល លីមីធីត ក៏បានសំណូមពរដល់អាជ្ញាធរខេត្ត ស្រុក មេត្តាផ្តល់កិច្ចសហការ ដើម្បីធ្វើយ៉ាងណាឱ្យដំណើរ ការរុករករ៉ែធ្វើទៅបានរលូន ព្រោះគឺជាផលប្រយោជន៍ទាំងអស់គ្នាទាំងខាងក្រុមហ៊ុន និងរាជរដ្ឋាភិបាលកម្ពុជា ៕