ក្រុមហ៊ុនចិន ជាច្រើនសម្រុកលក់ទ្រព្យសកម្មនៅបរទេសក្នុងទំហំច្រើនពាន់ លានដុល្លារ

0

ដោយៈសុខុម

ហុងកុង: កាលពីប៉ុន្មានឆ្នាំមុន បណ្ដាក្រុមហ៊ុនចិន បានបោះទុនយ៉ាងច្រើនសម្បើមនៅក្រៅប្រទេស ដើម្បីវិនិយោគលើអ្វីគ្រប់យ៉ាងរាប់ ចាប់ពីសណ្ឋាគារប្រណីតរហូតដល់ក្លឹបបាល់ទាត់។

ពេលនេះក្រុមហ៊ុនទាំងនោះ បែរជាសម្រុកនាំគ្នាលក់ចេញទ្រព្យសកម្ម ទាំងនោះទៅវិញ។ នេះបើយោងតាមសារព័ត៌មាន The Edge Markets ចុះផ្សាយកាលពីថ្ងៃទី៧ កញ្ញា។

យោងតាមទិន្នន័យ ដែលបានប្រមូលចងក្រងដោយសារព័ត៌មាន Bloomberg បង្ហាញថា ក្រុមហ៊ុននានានៅប្រទេសចិន បានប្រកាសផែនការដកទុនវិនិយោគរបស់ខ្លួននៅក្រៅប្រទេសរហូត ដល់ទៅ១០,៥ពាន់លានដុល្លារអាមេរិក គិតត្រឹមខែកញ្ញា ឆ្នាំ២០២១ នេះដែលជាចំនួនសរុបខ្ពស់បំផុតទី២ ចាប់តាំងពីឆ្នាំ១៩៩៨ មក។ ហើយបើផ្អែកតាមល្បឿន នៃការដកទុនវិនិយោគនាពេលបច្ចុប្បន្ន ឆ្នាំ២០២១ អាចនឹងវ៉ាដាច់ឆ្នាំ២០២០ ដែលមានចំនួនសរុប១៥ពាន់លានដុល្លារ។

លោក Bagrin Angelov ប្រធានផ្នែកទិញយកក្រុមហ៊ុនឆ្លងដែនចិន និងច្របាច់ក្រុមហ៊ុនបញ្ចូលគ្នាប្រចាំក្រុមហ៊ុន China International Capital Corp បានលើកឡើងក្នុងបទសម្ភាសន៍ថា “បច្ចុប្បន្នក្រុមហ៊ុនចិន នានាកំពុងតែសម្រុកលក់ចេញទ្រព្យសកម្មរបស់ខ្លួនជាជាងទិញចូល។ នៅពេលមានការលក់ក្នុងតម្លៃល្អ ក្រុមហ៊ុនចិន ទាំងនោះបើកចំហដើម្បីវាយតម្លៃថា តើគួរទិញចូលក៏អត់”។

តួយ៉ាង ក្រុមហ៊ុន Beijing Capital Group Co ដែលគាំទ្រដោយរដ្ឋ និងក្រុមហ៊ុន Beijing Enterprises Holdings Ltd កំពុងពិចារណាពីការលក់ភាគហ៊ុនរបស់ខ្លួន នៅបរទេស។ ហើយក្រុមហ៊ុន China Tianying Inc កាលពីខែមិថុនា បានព្រមព្រៀងលក់ក្រុមហ៊ុនគ្រប់គ្រងសំរាមរបស់ខ្លួន នៅប្រទេសអេស្ប៉ាញ មានឈ្មោះ Urbaser SA ក្នុងតម្លៃ១,៨ពាន់លានដុល្លារអាមេរិក។

ខុសពីក្រុមហ៊ុនចិន ធំៗផ្សេងទៀតដូចជាក្រុមហ៊ុន China Evergrande Group ដែលជាក្រុមហ៊ុនអចលនទ្រព្យធំបំផុតទី២ ប្រចាំប្រទេសចិន និងក្រុមហ៊ុន HNA Group Co ដែលពេលនេះកំពុងសម្រុកលក់ចេញទ្រព្យសកម្ម ដើម្បីដោះបំណុលវ័ន្តករបស់ខ្លួននោះ ក្រុមហ៊ុនទាំងនេះមិនមែនលក់ទ្រព្យសកម្ម ដោយសារមានបញ្ហាហិរញ្ញវត្ថុនោះឡើយ។ ផ្ទុយទៅវិញ ក្រុមហ៊ុនទាំងនេះ លក់ដើម្បីបង្វែរដើមទុន សម្រាប់ការវិនិយោគលើទ្រព្យសកម្មនានដែលផ្ដល់ប្រាក់ចំណេញច្រើន ស្របពេលអត្រាការប្រាក់ធ្លាក់ចុះទាប។

ហេដ្ឋារចនាសម្ព័ន្ធ និងបណ្ដាញផ្គត់ផ្គង់ទឹក ភ្លើង ស្ថិតក្នុងចំណោមប្រភេទទ្រព្យសកម្មដែលក្រុមហ៊ុនចិន ទាំងនេះកំពុងពិចារណាលក់ចេញ។ សារព័ត៌មាន Bloomberg បានចុះផ្សាយថា ក្រុមហ៊ុន Beijing Capital  កំពុងស្វែងប្រមូលដើមទុនឱ្យបានចំនួន១ពាន់លានដុល្លារអាមេរិក ពីការលក់អាជីវកម្មរបស់ខ្លួន នៅប្រទេសនូវែលសេឡង់ ដែលខ្លួនបានទិញចូល ក្នុងតម្លៃប្រហែល៦៦៧លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៤។

ប្រភពបានទម្លាយឱ្យដឹងថា ក្រុមហ៊ុន China Three Gorges Corp ជិតឈានដល់កិច្ចព្រមព្រៀងលក់ភាគហ៊ុន២៥% ក្នុងទ្រព្យសកម្មថាមពលកកើតឡើងវិញ របស់ខ្លួននៅក្រៅប្រទេសហើយ ហើយតាមការប៉ាន់ប្រមាណថា ការលក់នោះអាចមានតម្លៃដល់ទៅ២ពាន់លានដុល្លារអាមេរិក៕  The Edge Markets៕

LEAVE A REPLY

Please enter your comment!
Please enter your name here