ដោយៈសុខុម
ហុងកុង: មហាយក្សចិន កំពុងចាប់ផ្តើមបញ្ចេញលក់ប្រេងឆៅមួយចំនួន ដែលខ្លួនរក្សាទុកក្នុងស្តុកបម្រុង ជាយុទ្ធសាស្ត្ររបស់ខ្លួន ដើម្បីធ្វើឱ្យតម្លៃលើទីផ្សារធ្លាក់ចុះ ហើយចំណាត់ការនេះ គឺជាលើកដំបូងក្នុងប្រវត្តិសាស្ត្រសម្រាប់ប្រទេសចិន ដែលជាអ្នកនាំចូលប្រេងធំបំផុត និងជាអ្នកប្រើប្រាស់ប្រេងធំទី២ របស់ពិភពលោក។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយនៅថ្ងៃសុក្រ ទី១០ កញ្ញា នេះ។
ការិយាល័យស្តុកធញ្ញជាតិ និងវត្ថុធាតុដើមបម្រុងថ្នាក់ជាតិរបស់ប្រទេសចិន បានប្រកាសកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី៩ កញ្ញា ថា ខ្លួននឹងបញ្ចេញលក់ស្តុកប្រេងឆៅរបស់ខ្លួនជាដំណាក់កាលៗ។ ការិយាល័យនេះមានបំណងបញ្ចេញលក់ ប្រេងឆៅទាំងនេះឱ្យទៅបណ្ដាក្រុមហ៊ុនចម្រាញ់ប្រេង និងគីមីឥន្ធនៈក្នុងស្រុក។
ការិយាល័យនេះបានចេញសេចក្តីថ្លែងការណ៍ថា “ការបញ្ចេញលក់ប្រេងឆៅបម្រុងរបស់ជាតិលើទីផ្សារ តាមរយៈការដេញថ្លៃបើកចំហនេះ នឹងធ្វើឱ្យការផ្គត់ផ្គង់ និងតម្រូវការទីផ្សារក្នុងស្រុកមានស្ថិរភាព និងធានាបាននូវសន្តិសុខថាមពលជាតិ ប្រកបដោយប្រសិទ្ធភាព”។លោកបានបន្ថែមទៀតថា “ការបញ្ចេញលក់ស្តុកប្រេងឆៅនេះនឹង “កាត់បន្ថយសម្ពាធនៃការឡើងថ្លៃវត្ថុធាតុដើមសម្រាប់ក្រុមហ៊ុនផលិតប្រេងនានា”។
តម្លៃប្រេងកាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុង រយៈពេលពីរសប្តាហ៍ បន្ទាប់ពីការប្រកាសរបស់ចិន។ ទីផ្សារប្រេងឆៅអង់គ្លេស Brent បានធ្លាក់ថ្លៃ១,៦% ខណៈទីផ្សារប្រេងឆៅអាមេរិក ធ្លាក់ថ្លៃ១,៧%។ ទីផ្សារទាំងនេះបានស្ទុះងើបឡើងវិញបន្តិចវិញ ដោយប្រេងក្នុងមួយបារ៉ែតម្លៃ៧១,៨៥ដុល្លារក្នុងទីផ្សារប្រេងឆៅអង់គ្លេស និងមួយបារ៉ែលតម្លៃ៦៨,៤៥ដុល្លារក្នុងទីផ្សារប្រេងអាមេរិក។
ទោះជាយ៉ាងណា រដ្ឋាភិបាលចិន មិនបានបញ្ជាក់ពីបរមាណប្រេងឆៅ ដែលខ្លួននឹងបញ្ចេញលក់ឡើយ។ ប្រទេសនេះពឹងផ្អែកយ៉ាងខ្លាំងលើប្រេងបរទេស ដើម្បីផ្គត់ផ្គង់ថាមពលដល់សេដ្ឋកិច្ចរបស់ខ្លួន ហើយបានប្រឹងប្រែងបង្កើនស្តុកប្រេងបម្រុង សម្រាប់ប្រើប្រាស់ក្នុងគ្រាអាសន្នជាច្រើនឆ្នាំមកហើយ។
ប្រទេសចិន មិនសូវបញ្ចេញទិន្នន័យ អំពីទុនប្រេងបម្រុងរបស់ខ្លួនឡើយ ប៉ុន្តែកាលពីឆ្នាំ២០១៧ បាននិយាយថា ខ្លួនបានបង្កើតមូលដ្ឋាន សម្រាប់ស្តុកប្រេងបម្រុងធំៗចំនួន៩ទីតាំងនៅទូទាំងប្រទេស ដែលមានសមត្ថភាពផ្ទុក សរុបរហូតដល់ទៅ៣៧,៧លានតោន។
ប្រទេសនេះក៏បាននិយាយដែរថា ខ្លួនចង់បង្កើនស្តុកប្រេងបម្រុងសម្រាប់គ្រាអាសន្ន ឱ្យបានរហូតដល់៨៥លានតោន នៅត្រឹមដំណាច់ឆ្នាំ២០២០ ដែលស្ទើរតែស្មើនឹងស្តុកប្រេងបម្រុងរបស់សហរដ្ឋអាមេរិក ដែលជាប្រទេសមានស្តុកប្រេងបម្រុងច្រើនបំផុតរបស់ពិភពលោក។
ប៉ុន្តែពេលនេះ សេដ្ឋកិច្ចរបស់ប្រទេសចិន កំពុងប្រឈមមុខនឹងបញ្ហាឈឺក្បាលជាច្រើន។ អតិផរណាកំពុងហក់ឡើងខ្ពស់ ហើយសន្ទស្សន៍តម្លៃសម្រាប់ក្រុមហ៊ុនសហគ្រាសផលិតកាលពីខែមុន បានឡើងដល់កម្រិតខ្ពស់បំផុតរយៈពេល១៣ឆ្នាំ ដែលទាំងអស់នេះបណ្តាលមកពីទំនិញឡើងថ្លៃ។ ទន្ទឹមនេះ ថ្លៃថាមពលក៏កើនឡើង ហើយតម្រូវការក៏ខ្ពស់ខ្លាំងដែលខេត្តខ្លះរបស់ចិន ថែមទាំងជួបប្រទះការខ្វះខាតថាមពលទៀតផង៕