ដោយៈវឌ្ឍនៈ
ភ្នំពេញៈ លំនៅឋានលំហែកាយ នឹងក្លាយជាអចលនទ្រព្យ ដែលពេញនិយមមួយនាពេលអនាគត ពោលគឺនៅពេលពលរដ្ឋ កាន់តែមានជីវភាពប្រសើរឡើង នឹងស្វែងរកលំនៅឋានមួយ សម្រាប់ទុកកម្សាន្ត និងសម្រាកលំហែនៅពេលឈប់សម្រាកម្ដងម្កាល។
នៅក្នុងប្រទេសកម្ពុជាគេឃើញថា តំបន់ពីរដែលមានការទាក់ទាញ លើការអភិវឌ្ឍលំនៅឋានលំហែកាយនេះ នៅប៉ែកឦសាននៃប្រទេសនិងតំបន់និរតីនៃប្រទេស។
អ្នកជំនាញអចលនទ្រព្យបានមើលឃើញថា តំបន់ខេត្តកំពត និងកែប ដែលជាតំបន់ប៉ែកនិរតី នៃប្រទេសកម្ពុជា កំពុងក្លាយជាតំបន់ទាក់ទាញមួយ សម្រាប់អភិវឌ្ឍន៍លំនៅឋាន ក្នុងនោះមានទាំងក្រុមហ៊ុនធំៗ បោះទុនរាប់សិបលានដុល្លារអាមេរិក សម្រាប់សាងសង់ជាតំបន់លំហែកាយ និងមានប្រជាពលរដ្ឋមានជីវភាព ក៏បានទិញដីសម្រាប់ទុកសង់ផ្ទះលំហែដោយខ្លួនឯងផងដែរ។
លោកកែវ សុជាតិ ប្រធានក្រុមហ៊ុនអចលនទ្រព្យ KW Cambodia ប្រចាំខេត្តកំពតបានលើកឡើងថា ការទិញលក់ដីធ្លីសម្រាប់ទុកសង់លំនៅឋាន នៅក្នុងទឹកដីខេត្តកំពតនៅតែមានសកម្មភាពជាបន្តបន្ទាប់ បើទោះបីជាកម្ពុជាជួបប្រទះ នឹងវិបត្តិកូវីដ១៩បែបណាក្ដី ។
លោកបន្តថា “អ្នកទិញដីភាគច្រើនរកនៅជាប់មាត់ព្រែក ដែលងាយស្រួលនឹងសង់លំនៅឋានសម្រាប់លំហែកាយ នៅពេលអនាគត ពោលគឺពេលចប់វិបត្តិកូវីដ ហើយអ្នកខ្លះសម្រាប់ទុកខ្លួនឯង និងខ្លះទៀតក៏សម្រាប់ទុកធ្វើអាជីវកម្មជួលជាដើម”។
លោកបន្តថា សកម្មភាពបែបនេះហើយ ដែលធ្វើឱ្យវិស័យដីធ្លីនៅខេត្តកំពត ត្រូវបានមើលឃើញថានៅតែ សកម្មដដែល ។ មិនតែប៉ុណ្ណោះ ក៏មានក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានផ្សេងទៀត ក៏បានអភិវឌ្ឍន៍លំនៅឋានលំហែកាយនេះ សម្រាប់លក់ផងដែរដែលភាគច្រើនគឹសង់នៅតំបន់ភ្នំ ។
ជាមួយគ្នានេះ លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានលើកឡើងផងដែរថា និន្នាការនៃការអភិវឌ្ឍលើលំនៅឋានលំហែកាយ នៅក្នុងប្រទេសកម្ពុជា នឹងមានការកើនឡើងខ្ពស់នៅពេលអនាគតនេះ ។ អ្នកមានផ្ទះជាអចិន្ត្រៃយ៍ នឹងចង់បានផ្ទះមួយទៀត នៅតាមខេត្តសម្រាប់ជាផ្ទះទី២ ឬផ្ទះលំហែកាយរបស់គេ សម្រាប់សម្រាកកម្សាន្តពេលឈប់សម្រាក ពីការងារធ្វើអាជីវកម្មរបស់គេ ។
លោកបន្តថា “យើងមើលឃើញថាតំបន់ ដែលមានសក្ដានុពលក្នុងការអភិវឌ្ឍផ្ទះប្រភេទនេះ មាននៅកំពត កែប និងមណ្ឌលគីរី ពីព្រោះតំបន់ទាំងនេះ មានរមណីយដ្ឋានច្រើនសម្រាប់ប្រជាពលរដ្ឋទស្សនានិងកម្សាន្ត”។
ដោយឡែកលោកមាឃ រឹទ្ធីជ័យប្រធានក្រុមហ៊ុនអចលនទ្រព្យមួយ ប្រចាំខេត្តមណ្ឌលគីរីក៏បានលើកឡើងផងដែរថា ជាការពិតណាស់ថា មណ្ឌលគីរីកំពុងមានការអភិវឌ្ឍ លើលំនៅឋាន លំហែកាយនេះជាបន្តបន្ទាប់ ទោះបីជាមានវិបត្តិដោយសារតែកូវីដ១៩ក្ដី ហើយអ្នកដែលអភិវឌ្ឍន៍លំនៅឋានប្រភេទនេះ ជាវិនិយោគិនក្នុងស្រុក ដើម្បីផ្គត់ផ្គង់ទៅកាន់ទីផ្សារ នៅពេលចប់វិបត្តិកូវីដ១៩នៅពេលខាងមុខនេះ៕