អ្នកវិភាគសេដ្ឋកិច្ចនិងភូមិសាស្រ្តនយោបាយសុទ្ឋតែមើលឃើញសញ្ញាវិជ្ជមាននៃដំណើរទស្សនកិច្ចរបស់លោកវ៉ាង យី

0

ដោយៈស៊ីវ ម៉េង

ភ្នំពេញៈ ដំណើរទស្សនកិច្ចរបស់លោកវ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេ​សចិន ត្រូវបានអ្នកវិភាគសេដ្ឋកិច្ច និងនយោបាយមើលឃើញថា វាផ្តល់ផលចំណេញផ្នែកសេដ្ឋកិច្ច និងនយោបាយការបរទេសកម្ពុជា។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេង បានមានប្រសាសន៍ ឲ្យដឹងតាមប្រព័ន្ឋតេឡេក្រាមកាលពីរាត្រីថ្ងៃទី១០ កញ្ញាកន្លងមកថា ដំណើរទស្សនកិច្ចរបស់លោកវ៉ាង យីមកទស្សនកិច្ចនៅកម្ពុជាចាប់ពីថ្ងៃទី១២ ដល់១៣កញ្ញាខាងមុខនេះមានភាពស្របគ្នាល្អណាស់ ដែលសភាជាតិរបស់កម្ពុជា បានអនុម័តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា​ ចិន ដែលនឹងដាក់ឲ្យប្រើប្រា ស់ក្រោយព្រះមហាក្សត្រឡាយ ព្រហស្ថលេខា វាជារឿងអបអរសាទរមួយហើយ។

ទី២ ការអញ្ជើញមកទស្សនកិច្ចរបស់ឯកឧត្តម គឺគាត់អញ្ជើញមកប្រគល់សំណង់អាគារពហុកីឡដ្ឋានមរតកតេជោជូនកម្ពុជា ដែលជាអំណោយដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានពីមិត្តចិន ដល់កម្ពុជា ដែលនឹងរៀបចំធ្វើម្ចាស់ផ្ទះកីឡស៊ីហ្គេម នាឆ្នាំ២០២៣ខាងមុខនេះ វាជាកិត្តិយសមួយទៀតសម្រាប់កម្ពុជា ដែលលើកមុខមាត់កម្ពុជានាពេលខាងមុខនេះ។

លោកឧកញ៉ាបានបន្តថា “ចំណងមិត្តភាពដូចដែកថែបរបស់កម្ពុជា និងភាពជាដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយរវាងកម្ពុជា ចិន ដែលមិត្តចិនបានគាំទ្រកម្ពុជាទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយនេះ ក៏ជាការបង្ហាញឲ្យវិនិយោគចិនបរទេស ពិសេសវិនិយោគិន​ចិនកាន់តែមានទំនុកចិត្តមកវិនិយោគនៅកម្ពុជា”។

លោកបន្តថា “ខ្ញុំគិតថាដំណើរទស្សន​កិច្ចនេះជាផលចំណេញដ៏ធំសំរាប់កម្ពុជា ជាប្រទេសតូចមួយ ដែលមហាអំណាចដ៏ធំយក​ចិត្តទុកដាក់ក្នុងភាពជាដៃគូស្មើមុខ ស្មើមាត់លើកិច្ចសហប្រតិបត្តិការអន្តរជាតិ”។

ជាមួយគ្នានេះ លោកបណ្ឌិតគី សិរីវឌ្ឍន៍ ប្រធានមជ្ឈមណ្ឌលភាសាចិន នៃរាជប​ណ្ឌិត្យសភាកម្ពុជា និងជាអ្នកសិក្សាស្រាវជ្រាវមួយរូប ទៅលើបញ្ហាទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងចិន និងកម្ពុជាបានលើកឡើងថា ទស្សនកិច្ចនេះ ដោយសារតែកម្ពុជា នឹងក្លាយជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៉ីអឺរ៉ុប លើកទី១៣ នៅវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ។ បន្ថែមលើនេះ កម្ពុជានឹងក្លាយជាប្រធានអាស៊ាន នៅឆ្នាំ២០២២ ដែលកម្ពុជាអាចមានសំឡេង នៅក្នុងការជួយគាំទ្រ ដល់គោលនយោបាយរបស់ចិននៅក្នុងតំបន់ ជាពិសេសលើស្ថិរភាព និងសន្តិសុខ។

លោកបន្តថា “មិនត្រឹមតែចំណេញនយោបាយទេ គឺកម្ពុជាក៏ចំណេញ លើផ្នែកសេដ្ឋកិច្ចដែរ”។

លោកបន្តថា “ដូច្នេះហើយ ដំណើរទស្សនកិច្ចនេះ នឹងធ្វើឲ្យកម្ពុជាមានឱកាសជំរុញពាណិជ្ជកម្មសេរីជាមួយចិន ដែលបានចុះកិច្ចព្រមព្រៀងរួចហើយ និងទើបតែបានអនុម័តនៅក្នុងសភាថ្មីៗនេះ”។ លោកបន្តថា “អញ្ចឹង វាជាការបើកច្រកទំនាក់ទំនងសេដ្ឋកិច្ចរបស់យើង ជាពិសេសបានជួយទៅដល់បងប្អូនកសិករយើង ដែលអាចនាំផលិតផលកសិកម្មចេញ”។

លោកបណ្ឌិតគី សិរីវឌ្ឍន៍បានបន្តថា កម្ពុជាបានធ្វើច្បាប់វិនិយោគថ្មី ដែលច្បាប់នេះបានគាំទ្រការវិនិយោគពីបរទេស ជាពិសេសការវិនិយោគរបស់ចិន ដូចជាការវិនិយោគលើវិស័យកសិកម្មផង ការកែច្នៃផលិតផលកសិកម្មផង និងកម្មន្តសាលផង ដែលធ្វើឱ្យកម្ពុជានឹងមានឱកាស ក្នុងការនាំចេញ បង្កើតការងារដល់កសិករនៅក្នុងស្រុក សម្រាប់បង្កើតចំណូលជាតិរបស់កម្ពុជាផងដែរ។

ក្នុងពេលជាមួយគ្នានេះផងដែរ គឺកម្ពុជាអាចឆ្លៀតឱកាស ដោយយល់ថា រាជរដ្ឋាភិបាលគួរតែរៀបឱកាស ដើម្បីឲ្យមានការចុះកិច្ចព្រមព្រៀងទៅលើភូតគាមអនាម័យ។

ចំណែកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា​មានប្រសាសន៍​ឲ្យដឹង​ផង​ដែរ​ថា ដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី ពិតជាមានសារសំខាន់ណាស់ សម្រាប់ប្រទេសកម្ពុជា។ ជាទិដ្ឋភាពនយោបាយ វាជាសារមួយដែលអាចបញ្ជាក់បានថា នៅពេលណានិយាយពីអាស៊ីអាគ្នេយ៍ ឬនិយាយពីអាស៊ាន ចិនមិនដែលភ្លេចកម្ពុជានោះទេ។ ក្នុងបរិបទនៃការប្រកួតប្រជែង ខាងភូមិសាស្រ្ដនយោបាយរវាងមហាអំណាចចិន និងសហរដ្ឋអាម៉េរិក ដែលកំពុងមានលក្ខណៈស្រួចស្រាល់ អាស៊ីអាគ្នេយ៍ ស្ទើរតែក្លាយជាមជ្ឈមណ្ឌល នៃការប្រកួតប្រជែងរបស់មហាអំណាចទាំងពីរ។

លោកបន្តថា “ដូច្នេះដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសចិននេះ នឹងជួយជំរុញពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីរវាងចិន ជាមួយនឹងបណ្ដារដ្ឋនៅអាស៊ីអាគ្នេយ៍បន្ថែមទៀត”។

លោកបណ្ឌិត បានបន្ថែមថា ទន្ទឹមនឹងនេះ វាក៏ជាការឆ្លើយតបខាងផ្នែកការទូតដ៏សំខាន់ផងដែរ ដែលកាលពីពេលថ្មីៗនេះ មានដំណើរទស្សនកិច្ចរបស់អនុប្រធានាធិបតីសហរដ្ឋអាម៉េរិក លោកស្រី Kamala Harris ទៅកាន់ប្រទេសិង្ហបុរី និងវៀតណាម។ កាលពីដើមខែមិថុនា កន្លងទៅ លោកស្រីអនុរដ្ឋមន្រ្តី ក្រសួងការបរទេសសហរដ្ឋអាមេរិក Wendy Sherman ក៏បានបំពេញទស្សនកិច្ចមកកាន់ប្រទេស នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ រួមទាំងកម្ពុជាផងដែរ។

លោកបន្តថា“ដំណើរទស្សនកិច្ចនេះ ក៏បង្ហាញឱ្យឃើញថា កម្ពុជាមានគោលនយោ​បាយការបរទេសផ្កាចម្រុះពណ៌ យើងទទួលស្វាគមន៍មហាអំណាច ក៏ដូចជាប្រទេសនានាទាំងអស់ គឺកម្ពុជាមិនដែលជ្រើសរើសប្រទេសណាមួយមួយ ជំនួសប្រទេសណាមួយនោះទេ”។ លោកបន្តថា “កម្ពុជាប្រាថ្នារួមរស់ ដោយសន្តិសហវិជ្ជមាន ជាមួយបណ្តាប្រទេសទាំងអស់ទាំងក្នុងតំបន់និងពិភពលោក។ យើងសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់ លោក វ៉ាង យី នឹងរួមចំណែកធ្វើឱ្យទំនាក់ទំនាក់ទំនងកម្ពុជា-ចិន ឆ្ពោះទៅកាន់ដំណាក់កាលថ្មីទៀត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here