វិមានពហុកីឡដ្ឋានជាតិមរតកតេជោ នឹងជំរុញសក្ដានុពលវិនិយោគនិងពាណិជ្ជកម្មកាន់តែខ្លាំងនៅតំបន់ជុំវិញ

0

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ វិមានពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានធ្វើពិធីប្រគល់និងទទួលដោយសម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី និងលោក Wang Yi នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន ។ តាមរយៈគម្រោងពហុកីឡដ្ឋានជាតិមរតកតេជោនេះដែរ នឹងជំរុញសក្ដានុពលវិនិយោគ និងពាណិជ្ជកម្មនៅតំបន់ជុំវិញនោះ កាន់តែខ្លាំងថែមទៀតនាពេលអនាគត ។

ពហុកីឡដ្ឋានជាតិនេះ សាងសង់លើផ្ទៃដីសរុបប្រមាណជាង៨០ហិចតា ចំណាយទឹកប្រាក់ប្រមាណជាង១៦០លានដុល្លារអាមេរិក ជាហិរញ្ញប្បទានឥតសំណងរបស់ប្រទេសចិន និងចំណាយពេលវេលាសាងសង់ជិត៨ឆ្នាំ ។

បើតាមអ្នកជំនាញ នៃវិស័យអចលនទ្រព្យកម្ពុជាជាច្រើន បានបង្ហាញពីសុទិដ្ឋនិយម ចំពោះវិមានពហុកីឡដ្ឋានជាតិមួយនេះថា នឹងជំរុញសក្ដានុពលវិនិយោគ ក៏ដូចជាពាណិជ្ជកម្ម កាន់តែច្រើននៅពេលអនាគតខាងមុខ ខណៈអ្នកវិនិយោគជាច្រើនបាននិងកំពុងអភិវឌ្ឍន៍ គម្រោងរវិនិយោគរបស់ខ្លួនជាបន្តបន្ទាប់ ជាពិសេសគម្រោងអភិវឌ្ឍន៍លំនៅឋាន និងអគារពាណិជ្ជកម្ម ។

លោកឧកញ៉ាចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យស៊ីភីអិលបានមានប្រ​សាសន៍ផងដែរថា តំបន់ប៉ែកខាងជើងនៃរាជធានីភ្នំពេញ កំពុងតែមានការទាក់ទាញកាន់តែខ្លាំងបន្ថែមទៀត សម្រាប់វិនិយោគក្នុងការបណ្ដាក់ទុនវិនិយោគ លើគម្រោងវិនិយោគអចលនទ្រព្យ។

លោកបន្តថា “អ្វីដែលធ្វើឱ្យវិនិយោគិនចាប់អារម្មណ៍ លើការវិនិយោគនៅតំបន់ប៉ែកខាងជើងរាជធានីភ្នំពេញនេះ ដោយសារតែគម្រោងអភិវឌ្ឍន៍ធំមួយរបស់រាជរដ្ឋាភិបាលកម្ពុជា និងចាត់ទុកជាសំណង់ប្រវត្តិសាស្ត្រមួយគឺ ពហុកីឡដ្ឋានជាតិបមរតកតេជោ”។

លោកឧកញ៉ាបន្តថា យើងបានឃើញថាបច្ចុប្បន្ននេះ គម្រោងអភិវឌ្ឍន៍លើលំនៅឋានទាំងវិនិយោគិនក្នុងស្រុក និងវិនិយោគិនមកពីក្រៅប្រទេសជាដើម បានសម្រុកអភិវឌ្ឍជាបន្តបន្ទាប់ និងកាន់តែរីកដុះដាលកាន់តែខ្លាំងឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

ទោះបីស្ថិតនៅក្នុងវិបត្តិនៃជំងឺកូវីដ១៩ក្ដី ក៏ការអភិវឌ្ឍអចលនទ្រព្យនៅក្នុងប្រទេ​សកម្ពុជានៅតែបន្តជាបន្តបន្ទាប់ តែយ៉ាងណាក៏ដោយ ក៏មានគម្រោងអភិវឌ្ឍន៍មួយចំនួនបានជួបបញ្ហានឹងវិបត្តិនេះដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here