ដោយៈសុខុម
បាងកក: ក្រុមហ៊ុនដឹកជញ្ជូនទំនិញតាមផ្លូវដែកជប៉ុន Japan Freight Railway Co បានបើកការិយាល័យតំណាងនៅទីក្រុងបាងកក ដើម្បីពង្រីកការសិក្សាសមិទ្ធលទ្ធភាពអំពីឱកាសអាជីវកម្មក្នុងប្រទេសថៃ។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយកាលពីថ្ងៃទី១០ កញ្ញា។
ក្រុមហ៊ុននេះអះអាងថា ខ្លួនទទួលបានការអនុម័តពីរដ្ឋាភិបាលថៃ នៅថ្ងៃទី០២ កញ្ញា សម្រាប់ការបើកការិយាល័យតំណាងក្នុងសង្កាត់ Wattana ក្រុងបាងកក ដែលជាការិយាល័យដំបូងរបស់ខ្លួន នៅខាងក្រៅប្រទេសជប៉ុន។ ការិយាល័យតំណាងនេះ មានបុគ្គលិក២នាក់ រួមទាំងបុគ្គលិកក្នុងស្រុកម្នាក់ផងដែរ។
ក្រុមហ៊ុន Japan Freight Railway បាននិងកំពុងផ្តល់ការគាំទ្រដល់សេវាកម្មដឹកជញ្ជូនទំនិញតាមផ្លូវដែក ក្នុងស្រុកចាប់តាំងពីឆ្នាំ២០១៥ ក្រោមកិច្ចព្រមព្រៀងមួយរវាងអាជ្ញាធរដឹកជញ្ជូនជប៉ុន និងអាជ្ញាធរដឹកជញ្ជូនថៃ ខណៈកំពុងស្វែងរកកន្លែងឈរជើងដ៏រឹងមាំនៅក្នុងប្រទេសក្បែរខាងរបស់កម្ពុជាមួយនេះ។
ការិយាល័យតំណាងថ្មីនេះ នឹងផ្ដល់លទ្ធភាពឱ្យក្រុមហ៊ុនខាងលើ ប្រមូលព័ត៌មាន និងធ្វើសកម្មភាពផ្សេងៗទៀត កាន់តែទូលំទូលាយជាងមុន តាមរយៈការទាញយកអត្ថប្រយោជន៍ ពីចំណេះជំនាញរបស់ខ្លួនផ្នែកដឹកជញ្ជូន និងដំណើរការជួសជុលថែទាំ។
រដ្ឋាភិបាលថៃ កំពុងពិចារណាផ្តល់សម្បទានប្រតិបត្តិការ ដល់ស្ថាប័នឯកជននានា ខណៈកំពុងជួសជុលកែលម្អ ហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនឱ្យកាន់តែល្អប្រសើរ ខណៈខ្លួនមានគម្រោងរៀបចំរចនាសម្ព័ន្ធប្រព័ន្ធផ្លូវដែក ដែលគ្រប់គ្រងដោយរដ្ឋ ហើយនេះជាចំណាត់ការមួយ ដែលអាចជួយត្រួសត្រាយផ្លូវ សម្រាប់ការពង្រីកអាជីវកម្មដ៏ធំដោយក្រុមហ៊ុន Japan Freight Railway៕