ដោយ សុជាតា
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន លោក ហោ ណាំហុងឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានជំរុញឱ្យរដ្ឋាភិបាលចិនបន្តអនុគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ បន្ទាន់នៅគម្ពុជា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ។
រំលឹកអំពីការអនុវត្តគម្រោងនានាជាបន្ទាន់ក្រោយពីប្រជុំគណៈកម្មាធិការសម្របសម្រួលអន្ដររដ្ឋាភិបាលកម្ពុជា-ចិន កាលពីថ្ងៃទី១៦ មិថុនា ២០២០ បញ្ជីគម្រោងដែលត្រូវអនុវត្តន៍បន្ទាន់(To Do List) លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងនូវកសាងហេដ្ឋារចនាសម្ព័ន្ធដូចជា គម្រោងសាងសង់ផ្លូវជាតិលេខ71C គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ41 លេខ33 លេខ31 និងផ្លូវជាតិលេខ3 គម្រោងប្រព័ន្ធទឹកកខ្វក់ក្រុងព្រះសីហនុ ព្រមទាំងការកសាងខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្ររវាងទីក្រុងព្រះសីហនុ-ទីក្រុងហុងកុង ដើម្បីពន្លឿនប្រព័ន្ធអ៊ីនធឺណេតនៅកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី បានលើកថា ផែនការសកម្មភាពរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ដើម្បីបង្កើតសហគមន៍វាសនារួមកម្ពុជា-ចិន(២០១៩-២០២៣) ដែកទាក់ទងគ្រប់ស្ថាប័នរួមទាំងគណបក្សប្រជាជនកម្ពុជា និងនីតិប្បញ្ញត្តិ តើគួរប្រជុំថ្នាក់អគ្គលេខាធិការគណៈកម្មាធិការសម្របសម្រួលអន្ដររដ្ឋាភិបាល ឬទេ ដើម្បីធ្វើបច្ចុប្បន្នភាពកិច្ចការអនុវត្តន៍បន្ដ។
ក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកថាគួរពិចារណារកពេលសមស្របរៀបចំការតាំងពិពណ៌អំពីពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសយើងទាំងពីរ ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានស្នើបញ្ចូលក្រសួងបរិស្ថាន និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងគណៈកម្មាធិការសម្របសម្រួលអន្ដររដ្ឋាភិបាលខាងកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណផងដែរចំពោះ រដ្ឋាភិបាលចិនដែលបាននាំចូលកសិផលកម្ពុជាយ៉ាងច្រើន ជាពិសេសអង្ករបានចំនួន615.612តោន ចេកបានចំនួន272.023តោន និងស្វាយបានចំនួន211តោន នាពេល8ខែកន្លងមក ដែលជាការរួមចំណែកដ៏ធំធេងដល់ប្រជាកសិករកម្ពុជា ជាពិសេសបានរួមចំណែកដល់សេដ្ឋកិច្ចកម្ពុជា ក្នុងពេលជំងឺកូវីដ-19 នឹងជួយដល់ពលករដែលត្រលប់មកពីប្រទេសថៃបានប្រកបការងារកសិកម្ម។ទន្ទឹមនេះលោកឧបនាយករដ្ឋមន្ត្រី ក៏បានសំណូមពរអោយចិនជួយទិញកសិផលកម្ពុជាបន្ថែមទៀត ជាពិសេសផ្លែមៀនប៉ៃលិន ម្រេច ទុរេន និងស្ករ។
ក្នុងឱកាសនោះដែរឯកឧត្តម វ៉ាង យី បានឆ្លើយតបជម្រុញការសាងសង់ផ្លូវជាតិលេខ71C និងយកចិត្តទុកដាក់ និងជម្រុញបន្ថែមទៀតលើគម្រោងខ្សែកាបិ៍អុបទិកក្រោមបាតសមុទ្ររវាងទីក្រុងព្រះសីហនុ-ទីក្រុងហុងកុង និង បញ្ជូនអ្នកបច្ចេកទេសមកសិក្សាផ្លូវជាតិលេខ3 ដែលមានការខូចខាតប្រវែង20Km និងស្នើអោយសមត្ថកិច្ចកម្ពុជាជួយគ្រប់គ្រងCasino online ដើម្បីកុំប៉ះពាល់ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ។