ដោយៈសុខុម
បាងកក: ប្រទេសថៃ កំពុងកំណត់គោលដៅវិនិយោគ ក្នុងទំហំទឹកប្រាក់រហូតដល់ទៅ២,២ទ្រីលានបាត (៦៦,៨៧ពាន់លានដុល្លារ) នៅភាគខាងកើតប្រទេសក្នុងរយៈពេល៥ឆ្នាំខាងមុខ ពោលគឺចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៦ ខណៈប្រទេសនេះព្យាយាមជំរុញកំណើនសេដ្ឋកិច្ចរយៈពេលវែង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។
លោក Kanit Sangsubhan ប្រធានការិយាល័យច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (Eastern Economic Corridor (EEC)) បានថ្លែងក្នុងសន្និសីទកាសែតកាលពីថ្ងៃច័ន្ទ ទី១៣ កញ្ញា ថា ការវិនិយោគនៅច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (EEC) នេះនឹងមានទំហំ១០០ពាន់លានបាត (៣ពាន់លានដុល្លារ) ក្នុងគម្រោងទីក្រុងអាកាសចរណ៍ភាគខាងកើត និង៣ពាន់លានដុល្លារ ទៀតលើការអភិវឌ្ឍផ្លូវដែក។
-->
លោកបានបន្ថែមទៀតថា ទឹកប្រាក់ប្រហែល៤០០ពាន់លានបាត (១២,១៧ពាន់លានដុល្លារអាមេរិក) ជារៀងរាល់ឆ្នាំនឹងត្រូវវិនិយោគ ក្នុងឧស្សាហកម្មគោលដៅដូចជារថយន្តទំនើប គ្រឿងអេឡិចត្រូនិកឌីជីថល និងវេជ្ជសាស្ត្រទំនើបជាដើម។
ផ្អែកតាមផែនការបច្ចុប្បន្នឆ្នាំ២០១៨-២០២២ ការវិនិយោគនៅច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (EEC) បានឈានដល់១.៦ទ្រីលានបាត (៤៨,៧ពាន់លានដុល្លារ) គិតរហូតមទល់ពេលនេះ ហើយវាគួរតែឈាន ១,៧ទ្រីលានបាត (៥១,៧៣ពាន់លានដុល្លារ) នៅឆ្នាំនេះ ពោលលឿនជាងកាលវិភាគកំណត់មួយឆ្នាំ។
ច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (EEC) ជាចំណុចស្នូលនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលថៃ នៅក្នុងការជំរុញកំណើន និងលើកទឹកចិត្តការវិនិយោគ ជាពិសេសលើឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់។ ជាការលើកទឹកចិត្ត បណ្ដាវិនិយោគិនត្រូវបានអនុញ្ញាតឱ្យជួលដីរហូតដល់៩៩ឆ្នាំ។
សេដ្ឋកិច្ចពឹងផ្អែកលើវិស័យទេសចរណ៍របស់ប្រទេសថៃ ដែលជាសេដ្ឋកិច្ចធំបំផុតទី២ នៅអាស៊ីអាគ្នេយ៍ បានដាំក្បាលចុះ៦,១%កាលពីឆ្នាំមុន ហើយនោះជាការធ្លាក់ចុះយ៉ាងខ្លាំងបំផុតក្នុងរយៈពេលជាង២ទសវត្សរ៍ ដោយសារផលប៉ះពាល់នៃការរីករាលដាលវីរុសកូវីដ-១៩។ រដ្ឋាភិបាលថៃបានព្យាករថា នឹងទទួលបានកំណើនសេដ្ឋកិច្ចទាប ត្រឹមតែ០,៧%ទៅ១,២%ប៉ុណ្ណោះនៅឆ្នាំនេះ៕ CNA៕