ដោយៈសុខុម
ញូវយ៉ក: ក្រុមហ៊ុនយក្ស Microsoft Corp ដែលជាក្រុមហ៊ុនផលិតសូហ្វវែរធំជាងបំផុតក្នុងពិភពលោក បានដាក់ចេញកម្មវិធីប្រមូលទិញចូលភាគហ៊ុន ត្រលប់មកវិញធំបំផុតរបស់ខ្លួន ក្នុងទំហំរហូតដល់ទៅ៦០ពាន់លានដុល្លារ នៅពេលដែលក្រុមអ្នកតាក់តែងច្បាប់ កំពុងពិចារណាយកពន្ធលើការប្រមូលទិញចូលវិញ។ នេះបើយោងតាមសារព័ត៌មាន The Edge Markets ចុះផ្សាយកាលពីថ្ងៃទី១៥ កញ្ញា។
តម្លៃទីផ្សាររបស់ក្រុមហ៊ុនអាមេរិក មួយនេះបានឈានរហូតដល់ទៅ២,២ទ្រីលានដុល្លារ ដែលធ្វើឱ្យវាក្លាយជាក្រុមហ៊ុនជួញដូរសាធារណៈដែលមានតម្លៃបំផុតទី២ បន្ទាប់ពីភាគហ៊ុនរបស់ខ្លួន បានហក់ឡើងថ្លៃ៣៥%ក្នុងឆ្នាំ២០២១។កាលពីខែកញ្ញា ឆ្នាំ២០១៩ ក្រុមហ៊ុននេះ បានប្រកាសផែនការប្រមូលទិញ ចូលភាគហ៊ុនត្រលប់មកវិញចំនួន៤០ពាន់លានដុល្លារ។
កម្មវិធីប្រមូលទិញចូលភាគហ៊ុនត្រលប់មកវិញ ចុងក្រោយរបស់ក្រុមហ៊ុន Microsoft ដែលត្រូវបានប្រកាសកាលពីថ្ងៃអង្គារ ទី១៤ កញ្ញា នេះធ្វើឡើង បន្ទាប់ពីសមាជិកព្រឹទ្ធសភា២រូប មកពីគណបក្សប្រជាធិបតេយ្យ បានស្នើយកពន្ធ២ភាគរយលើការប្រមូលទិញចូលភាគហ៊ុនសាជីវកម្ម ដើម្បីប្រមូលថវិកាសម្រាប់បំពេញកញ្ចប់ថវិកាជាតិរបស់សហរដ្ឋអាមេរិក ដែលត្រូវបានព្រាងឡើងចំនួន៣.៥ទ្រីលានដុល្លារ។
សំណើយកពន្ធដែលប្រកាសកាលពីថ្ងៃសុក្រ សប្ដាហ៍មុននេះ ត្រូវបានចេញផ្សាយដោយលោក Ron Wyden ប្រធានគណៈកម្មាធិការហិរញ្ញវត្ថុព្រឹទ្ធសភា និងលោក Sherrod Brown ប្រធានគណៈកម្មាធិការធនាគារនៃព្រឹទ្ធសភា ក្នុងគោលបំណងជំរុញការវិនិយោគរបស់ក្រុមហ៊ុន និងកាត់បន្ថយការគេចពន្ធ។
ក្រុមហ៊ុន Microsoft មិនបានបញ្ជាក់ថា ខ្លួននឹងបញ្ចេញលុយចំនួនប៉ុន្មាន ដើម្បីប្រមូលទិញ ចូលភាគហ៊ុនត្រលប់មកវិញនេះឡើយ ប៉ុន្តែគេដឹងថាបច្ចុប្បន្នក្រុមហ៊ុននេះមានសាច់ប្រាក់ រហូតដល់ទៅជាង១៣០ពាន់លានដុល្លារ ដែលខ្លួនបានប្រើប្រាស់សម្រាប់ការទិញយកអាជីវកម្ម និងដើម្បីបង្កើនភាគលាភ និងការប្រមូលទិញចូលភាគហ៊ុនត្រលប់មកវិញ។
ការប្រមូលទិញចូលភាគហ៊ុនត្រលប់មកវិញ នៅពេលបច្ចុប្បន្ននេះ គ្មានកាលបរិច្ឆេទផុតកំណត់នោះទេ សម្រាប់ក្រុមហ៊ុននេះ ហើយអាចនឹងបញ្ចប់គ្រប់ពេល។ ក្រុមហ៊ុន Microsoft ក៏បានបង្កើនភាគលាភប្រចាំត្រីមាសរបស់ខ្លួន ចំនួន៦សេនដល់៦២សេនក្នុងមួយភាគហ៊ុនផងដែរ។ ភាគហ៊ុនរបស់ក្រុមហ៊ុននេះ បានហក់ឡើង១,២%នៅក្នុងការជួញដូរនៅទីក្រុងញូវយ៉ក កាលពីថ្ងៃពុធ ទី១៥ កញ្ញា៕ The Edge Markets៕